ដោយ៖ ប៊ី
ភ្នំពេញៈ អាគារការិយាល័យធំៗចំនួន៦ ត្រូវបានសាងសង់បញ្ចប់ក្នុងត្រីមាសទី២ ឆ្នាំ២០២០ បើទោះបីអាត្រាជួលការិយាល័យធ្លាក់ចុះ៤,៥ ភាគរយ នៅត្រីមាសទី២ ឆ្នាំ២០២០ ដែលធ្វើឲ្យការផ្គត់ផ្គង់អគារការិយាល័យជួល នៅបន្តកើនឡើងរហូតដល់ជិត៦០,០០០ម៉ែត្រការ៉េរហូតដល់ចុងឆ្នាំនេះ។
យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងថា គម្រោងការិយាល័យជួលថ្មីៗចំនួន៥ រួមមានគម្រោងការិយាល័យ Grade B មាន១គម្រោង និងគម្រោង Grade C មានចំនួន៤ គម្រោង ត្រូវបានបញ្ជប់នៅក្នុងត្រីមាសទី២ ឆ្នាំ២០២០នេះ ខណៈគម្រោងការិយោជួលសហកម្មសិទ្ធ១ បានបញ្ចប់នៅត្រីមាសទី២នេះ។
តម្លៃជួលការិយាល័យ Grade B នៅតំបន់ពាណិជ្ជកម្ម ធ្លាក់ចុះ៣,១ភាគរយ ក្នុងមួយម៉ែត្រការ៉េនៅត្រីមាសទី២ បើធៀបនឹងត្រីមាសទី១ ខណៈតម្លៃជួលការិយាល័យ Grade B នៅក្រៅតំបន់ពាណិជ្ជកម្មធ្លាក់ចុះ២,៩ភាគរយ។
ផ្ទុយទៅវិញ តម្លៃជួលការិយាល័យ Grade C នៅតំបន់ពាណិជ្ជកម្ម មានកើនឡើង ៨.០ភាគរយ នៅក្នុងត្រីមាសទី២ បើធៀបនឹងត្រីមាសទី១ ហើយតម្លៃជួលការិយាល័យ Grade C នៅក្រៅតំបន់ពាណិជ្ជកម្ម កើនឡើង៤,៥ភាគរយ។
របាយការណ៍បានឱ្យដឹងថា អ្នកជួលដែលមានស្រាប់ នៅតែមានបំណងបន្តការជួលរបស់ពួកគេ ហើយរំពឹងថាការផ្គត់ផ្គង់ការិយាល័យជួលថ្មី ដែលមានទំហំ ៥៩,០០០ ម៉ែត្រការ៉េនឹងចូលមកក្នុងទីផ្សារនៅចុងឆ្នាំ២០២០នេះ។
នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា បានប្រាប់ Propertyarea.asia កាលពីពេលថ្មីៗនេះថា ដោយសារតែវិបត្តិនៃជំងឺឆ្លង ចាប់តាំងពីពាក់កណ្តាលត្រីមាសទី១ ឆ្នាំ២០២០ ទីផ្សារនៃការជួលអាគារការិយាល័យត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង។
លោកស្រីបន្តថា “ទីផ្សារនៃការជួយអាគារការិយាល័យ នៅក្នុងត្រីមាសទី១ឆ្នាំនេះ មានការធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែនៅត្រឹមដើមត្រីមាសទី២ ហាក់មានភាពងើបឡើងវិញបន្តិច ដោយសារតែការគ្រប់គ្រងនៃការរាលដាល នៃជំងឺឆ្លងរបស់រដ្ឋាភិបាលទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសម្ចាស់អាគារមួយចំនួន បានប្រើយុទ្ធសាស្ត្របញ្ចុះតម្លៃ ដើម្បីជួយសម្រាលដល់អតិថិជនចាស់ និងឈោងចាប់យកអតិថិជនថ្មី” ។
លោកស្រីអាន សុធីតាបានបន្តទៀតថា បច្ចុប្បន្ននេះ តាមការមើលពីភាពជាក់ស្ដែង ទីផ្សារជួលអាគារការិយាល័យ ហាក់មានភាពល្អប្រសើរជាងពេលមុនបន្តិច ហើយក៏ល្អជាងទីផ្សារជួល ទីតាំងលក់រាយនៅតាមបណ្តាផ្សារនើបផងដែរ ដែលគេរំពឹងថា នឹងកាន់តែមានស្ថានភាពល្អជាងនេះនៅត្រីមាសបន្ទាប់ ជាពិសេសនៅដើមឆ្នាំក្រោយ ខណៈដែលការភាពភ័យខ្លាច នៃការឆ្លងជំងឺត្រូវបានកាត់បន្ថយ ហើយការគ្រប់គ្រងស្ថានការរបស់រដ្ឋាភិបាលកាន់តែទទួលបានលទ្ធផលវិជ្ជមាន” ៕