សម្ដេច​តេ​ជោ បង្ហាញ​ពី​មោទនភាព​លើ​ការអភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​នៅតាម​បណ្តា​ខេត្ត

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានបង្ហាញ​ពី​មោទនភាព​ចំពោះ​សមិទ្ធផល​ដែល​សម្រេចបាន​នៅ​កម្ពុជា ខណៈដែល​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច ជាពិសេស​វិស័យ​សំណង់​នៅ​ទូទាំងប្រទេស​មានការ​អភិវឌ្ឍ​ន៍​ឥតឈប់ឈរ ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅតាម​បណ្តា​ខេត្ត​ផងដែរ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ផ្លូវការ​នា​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ​ថា ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា​កំពុងតែ​ប្រឈម​នឹង​ការប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​រាតត្បាត Covid-19 ការអភិវឌ្ឍ​ប្រទេស​ក៏​កំពុងតែ​ដំណើរការ​ទៅមុខ​ជាធម្មតា​ក្នុងនោះ​វិស័យ​សំណង់​កំពុងតែ​មានការ​រីកចម្រើន​គួរឱ្យកត់សំគាល់។

សម្ដេច​តេ​ជោ បាន​បន្តទៀតថា “ក្នុង​រយៈពេល​ជាង ១០ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​បាន​បន្ត​រីកចម្រើន​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួនទៀត គឺ​សុទ្ធសឹងតែ​បានបង្ហាញ​ពី​តួលេខ​អភិវឌ្ឍន៍​កើនឡើង​ជាមួយនឹង​សំណង់​អគារ​លំនៅដ្ឋាន​ខុន​ដូ , អា​ផាត​មិន , សំណង់​អគារ​ពាណិជ្ជកម្មខ្ពស់ៗ និង​សំណង់​លំនៅដ្ឋាន​លក្ខណៈ​បុរី​ជាដើម” ។

ជាមួយគ្នានេះ​ផងដែរ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏បាន​បង្ហាញ​ពី​ភាពជឿជាក់​ផងដែរ​ថា “ការសាងសង់​អគារខ្ពស់ៗជា​សូចនាករ​នៃ​ភាព​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច ហើយ​នៅពេល​ខាងមុខ​កម្ពុជា​យើង​នឹងមាន​អាគារខ្ពស់ៗបន្ថែមទៀត​ទាំង​ទីក្រុង​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត” ។

ទោះបី​ការកសាង​ផ្នែក​សំណង់​នេះ​កំពុងតែ​បោះជំហាន​ទៅមុខ ហើយ​តម្រូវការ​បុគ្គលិក ឬក៏​កម្មករ​ជាច្រើន​យ៉ាងណាក៏ដោយ  សូម​ម្ចាស់​ក្រុមហ៊ុន  ឬ​ម្ចាស់​ការដ្ឋាន  សូម​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​បុគ្គលិក​កម្មករ​ឲ្យ​យល់​អំពី​របៀប​នៃ​ការថែរក្សា​សុខភាព​ជាពិសេស ការថែរក្សា​កុំឱ្យ​មាន​ឆ្លង​ជំងឺ Covid-19 ត្រូវមាន​ការលាង​សម្អាត​ដៃ មាន​ម៉ាស​ពាក់​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុងករណី​ចាំបាច់​និង​ដើម្បី​ចៀសវាង​ការឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់ ពីព្រោះ​ការដ្ឋាន​សំណង់​មាន​បុគ្គលិក​កម្មករ​ធ្វើការ​ច្រើន។ សូម​យកចិត្តទុកដាក់​ថែរក្សា​បុគ្គលិក​កម្មករ​កុំឱ្យ​ឆ្លង​ជំងឺ  Covid-19 ។

គិត​ត្រឹម​ដើម​ឆមាស​ទី២នៃ​ឆ្នាំ២០២០ ទុនវិនិយោគ​នៅក្នុង​វិស័យ​សំណង់​នៅ​ទូទាំងប្រទេស​កម្ពុជា បាន​បន្ត​កើនឡើង​រហូតដល់​ជិត ៤០០០លាន​ដុល្លារ លើ ២៥២២គម្រោង ដែលមាន​ផ្ទៃក្រឡា​សំណង់​សរុប​ជាង៨,៦លាន​ម៉ែត្រការ៉េ។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានបង្ហាញ​នៅ​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ បានឱ្យដឹងថា បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៩ មាន​ចំនួន ២ ០៤៧ គម្រោង លើ​ផ្ទៃក្រឡា​សរុប​ប្រមាណ ៣,៧លាន​ម៉ែត្រការ៉េ ដែលមាន​តម្លៃ​ប៉ាន់ស្មាន​លើ​ទុនវិនិយោគ​ជិត ៣៣៩២ លាន​ដុល្លារ មានការ​កើនឡើង​ចំនួន ១៣, ២៦ ភាគរយ។

របាយការណ៍​ដដែល​បាន​បន្តថា សម្រាប់​ដែន​សមត្ថកិច្ច​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញ​លិខិតអនុញ្ញាត​ចំនួន ២០៧ គម្រោង មាន​ផ្ទៃក្រឡា​សំណង់​ប្រមាណ​ជាង ៦ លាន​ម៉ែត្រការ៉េ ដែលមាន​តម្លៃ​ទុនវិនិយោគ​ប្រមាណ​ជាង ៣០៦៧ លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​ឆមាស​ទី១ ឆ្នាំ២០១៩ មាន​ចំនួន ១៥៤ គម្រោង លើ​ផ្ទៃក្រឡា​សំណង់​សរុប​ជិត ៦,៣ លាន​ម៉ែត្រការ៉េ ដែលមាន​តម្លៃ​ទុនវិនិយោគ​ប្រមាណ ៣០៧៤ លាន​ដុល្លារ គឺមាន​ការថយចុះ​ប្រមាណ ០,២១ ភាគរយ ។

សម្រាប់​ដែន​សមត្ថកិច្ច​រដ្ឋបាល-រាជធានី​ខេត្ត មាន​ចំនួន​សរុប ២៣១៥ គម្រោង មាន​ផ្ទៃក្រឡា​សំណង់ ២,២លាន​ម៉ែ​ក្រ​ការ៉េ ដែលមាន​តម្លៃ​ទុនវិនិយោគ ៧៧៤ លាន​ដុល្លារ ។ បើ​ធៀប​នឹង​ឆមាស​ឆ្នាំ២០១៩ មាន​ចំនួន ១៨៩៣ គម្រោង មាន​ផ្ទៃក្រឡា​សំណង់​ចំនួន​ជាង ១ លាន​ម៉ែត្រការ៉េ មានតម្លៃ​ទុនវិនិយោគ ៣១៨ លាន​ដុល្លារ កើនឡើង​ប្រមាណ ១៤៣,២៨ ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here