ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហាញពីមោទនភាពចំពោះសមិទ្ធផលដែលសម្រេចបាននៅកម្ពុជា ខណៈដែលប្រទេសជាច្រើននៅលើពិភពលោកកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ជាពិសេសវិស័យសំណង់នៅទូទាំងប្រទេសមានការអភិវឌ្ឍន៍ឥតឈប់ឈរ ទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមផ្លូវការនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះថា ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងតែប្រឈមនឹងការប្រយុទ្ធប្រឆាំងជំងឺឆ្លងរាតត្បាត Covid-19 ការអភិវឌ្ឍប្រទេសក៏កំពុងតែដំណើរការទៅមុខជាធម្មតាក្នុងនោះវិស័យសំណង់កំពុងតែមានការរីកចម្រើនគួរឱ្យកត់សំគាល់។
សម្ដេចតេជោ បានបន្តទៀតថា “ក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ វិស័យសំណង់នៅក្នុងប្រទេសកម្ពុជាបានបន្តរីកចម្រើនទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត គឺសុទ្ធសឹងតែបានបង្ហាញពីតួលេខអភិវឌ្ឍន៍កើនឡើងជាមួយនឹងសំណង់អគារលំនៅដ្ឋានខុនដូ , អាផាតមិន , សំណង់អគារពាណិជ្ជកម្មខ្ពស់ៗ និងសំណង់លំនៅដ្ឋានលក្ខណៈបុរីជាដើម” ។
ជាមួយគ្នានេះផងដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហាញពីភាពជឿជាក់ផងដែរថា “ការសាងសង់អគារខ្ពស់ៗជាសូចនាករនៃភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច ហើយនៅពេលខាងមុខកម្ពុជាយើងនឹងមានអាគារខ្ពស់ៗបន្ថែមទៀតទាំងទីក្រុងភ្នំពេញ និងតាមបណ្ដាខេត្ត” ។
ទោះបីការកសាងផ្នែកសំណង់នេះកំពុងតែបោះជំហានទៅមុខ ហើយតម្រូវការបុគ្គលិក ឬក៏កម្មករជាច្រើនយ៉ាងណាក៏ដោយ សូមម្ចាស់ក្រុមហ៊ុន ឬម្ចាស់ការដ្ឋាន សូមយកចិត្តទុកដាក់ថែរក្សាសុខភាពបុគ្គលិកកម្មករឲ្យយល់អំពីរបៀបនៃការថែរក្សាសុខភាពជាពិសេស ការថែរក្សាកុំឱ្យមានឆ្លងជំងឺ Covid-19 ត្រូវមានការលាងសម្អាតដៃ មានម៉ាសពាក់ឲ្យបានត្រឹមត្រូវក្នុងករណីចាំបាច់និងដើម្បីចៀសវាងការឆ្លងពីម្នាក់ទៅម្នាក់ ពីព្រោះការដ្ឋានសំណង់មានបុគ្គលិកកម្មករធ្វើការច្រើន។ សូមយកចិត្តទុកដាក់ថែរក្សាបុគ្គលិកកម្មករកុំឱ្យឆ្លងជំងឺ Covid-19 ។
គិតត្រឹមដើមឆមាសទី២នៃឆ្នាំ២០២០ ទុនវិនិយោគនៅក្នុងវិស័យសំណង់នៅទូទាំងប្រទេសកម្ពុជា បានបន្តកើនឡើងរហូតដល់ជិត ៤០០០លានដុល្លារ លើ ២៥២២គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបជាង៨,៦លានម៉ែត្រការ៉េ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ បានឱ្យដឹងថា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ មានចំនួន ២ ០៤៧ គម្រោង លើផ្ទៃក្រឡាសរុបប្រមាណ ៣,៧លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានលើទុនវិនិយោគជិត ៣៣៩២ លានដុល្លារ មានការកើនឡើងចំនួន ១៣, ២៦ ភាគរយ។
របាយការណ៍ដដែលបានបន្តថា សម្រាប់ដែនសមត្ថកិច្ចក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតចំនួន ២០៧ គម្រោង មានផ្ទៃក្រឡាសំណង់ប្រមាណជាង ៦ លានម៉ែត្រការ៉េ ដែលមានតម្លៃទុនវិនិយោគប្រមាណជាង ៣០៦៧ លានដុល្លារអាមេរិក បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន ១៥៤ គម្រោង លើផ្ទៃក្រឡាសំណង់សរុបជិត ៦,៣ លានម៉ែត្រការ៉េ ដែលមានតម្លៃទុនវិនិយោគប្រមាណ ៣០៧៤ លានដុល្លារ គឺមានការថយចុះប្រមាណ ០,២១ ភាគរយ ។
សម្រាប់ដែនសមត្ថកិច្ចរដ្ឋបាល-រាជធានីខេត្ត មានចំនួនសរុប ២៣១៥ គម្រោង មានផ្ទៃក្រឡាសំណង់ ២,២លានម៉ែក្រការ៉េ ដែលមានតម្លៃទុនវិនិយោគ ៧៧៤ លានដុល្លារ ។ បើធៀបនឹងឆមាសឆ្នាំ២០១៩ មានចំនួន ១៨៩៣ គម្រោង មានផ្ទៃក្រឡាសំណង់ចំនួនជាង ១ លានម៉ែត្រការ៉េ មានតម្លៃទុនវិនិយោគ ៣១៨ លានដុល្លារ កើនឡើងប្រមាណ ១៤៣,២៨ ភាគរយ៕