រដ្ឋបាលខេត្ត​សៀមរាប​ស្នើ​ម្ចាស់​ដី​ទៅ​បំពេញ​ទិន្នន័យ​ក្បាលដី​របស់ខ្លួន​នៅការិយាល័យ​រៀបចំ​ដែនដី

0

ដោយ វុត្ថា

សៀមរាបៈ រដ្ឋបាល​ខេត្តសៀមរាប​បានស្នើ​ពលរដ្ឋ​របស់ខ្លួន ដែលមាន​ក្បាលដី​ស្ថិតនៅក្នុង​តំបន់ ដែល​បានធ្វើការ​វិនិច្ឆ័យ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅតាម​បណ្តា​ក្រុង ស្រុក ត្រូវ​ទៅ​បំពេញ​ទិន្នន័យ​ក្បាលដី​របស់ខ្លួន នៅ​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ក្រុង ស្រុក​ដែល​ទីតាំង​ដី​ស្ថិតនៅ។

យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០កន្លងមក​ឱ្យដឹងថា ដោយ​ពិនិត្យឃើញថា ក្រោយពី​បានបញ្ចប់​នីតិវិធី​ចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​តំបន់​មួយចំនួន​រួចមក នៅមាន​ក្បាលដី​ខ្លះ​ស្ថិតនៅក្នុង​តំបន់​វិនិច្ឆ័យ ប៉ុន្តែ​ម្ចាស់​នៃ​ក្បាលដី​ទាំងនោះ មិន​បានមក​ចូលរួម​បំពេញបែបបទ ដើម្បី​ទទួលបាន​សិទ្ធិ​ពេញលេញ​តាម​កាលកំណត់​របស់​ច្បាប់។

កន្លងមក​រដ្ឋបាលខេត្ត​សង្កេតឃើញថា សាធារណជន និង​បងប្អូន​ប្រពល​រដ្ឋ​ដែលមាន​ក្បាលដី ស្ថិតនៅក្នុង​តំបន់​ដែល​បានធ្វើការ​វិនិច្ឆ័យ​ចុះបញ្ជី​ដី មាន​លក្ខណៈ​ជា​ប្រព័ន្ធ មិនបាន​ដំណើរការ​នៃ​ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដំបូង បាន​ស្នើសុំ​ចុះបញ្ជី​ដី​បំពេញបន្ថែម​ក្នុង​ចំនួន​ច្រើន និង​មាន​ភាពយឺតយ៉ាវ។

រដ្ឋបាល​ខេត្តសៀមរាប​បញ្ជាក់ថា ដូចនេះ​ដើម្បី​សម្រួល និង​ដោះស្រាយ​បញ្ហា​ខាងលើនេះ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាបជូន ដល់​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ក្បាលដី​ស្ថិតនៅក្នុង​តំបន់ ដែល​បានធ្វើការ​វិនិច្ឆ័យ មាន​លក្ខណៈ​ជា​ប្រព័ន្ធ ហើយ​មិនបាន​ចូលរួម​ក្នុង​ដំណើរការ​នៃ​ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​កន្លងមក សូម​អញ្ជើញ​មក​ចូលរួម​បំពេញ​ទិន្នន័យ​ក្បាលដី​របស់ខ្លួន នៅ​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ក្រុង ស្រុក​ដែល​ទីតាំង​ដី​ស្ថិតនៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here