ដោយ វុត្ថា
សៀមរាបៈ រដ្ឋបាលខេត្តសៀមរាបបានស្នើពលរដ្ឋរបស់ខ្លួន ដែលមានក្បាលដីស្ថិតនៅក្នុងតំបន់ ដែលបានធ្វើការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ នៅតាមបណ្តាក្រុង ស្រុក ត្រូវទៅបំពេញទិន្នន័យក្បាលដីរបស់ខ្លួន នៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុកដែលទីតាំងដីស្ថិតនៅ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ដែលបានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០កន្លងមកឱ្យដឹងថា ដោយពិនិត្យឃើញថា ក្រោយពីបានបញ្ចប់នីតិវិធីចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធក្នុងតំបន់មួយចំនួនរួចមក នៅមានក្បាលដីខ្លះស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ប៉ុន្តែម្ចាស់នៃក្បាលដីទាំងនោះ មិនបានមកចូលរួមបំពេញបែបបទ ដើម្បីទទួលបានសិទ្ធិពេញលេញតាមកាលកំណត់របស់ច្បាប់។
កន្លងមករដ្ឋបាលខេត្តសង្កេតឃើញថា សាធារណជន និងបងប្អូនប្រពលរដ្ឋដែលមានក្បាលដី ស្ថិតនៅក្នុងតំបន់ដែលបានធ្វើការវិនិច្ឆ័យចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធ មិនបានដំណើរការនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធដំបូង បានស្នើសុំចុះបញ្ជីដីបំពេញបន្ថែមក្នុងចំនួនច្រើន និងមានភាពយឺតយ៉ាវ។
រដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា ដូចនេះដើម្បីសម្រួល និងដោះស្រាយបញ្ហាខាងលើនេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូន ដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលមានក្បាលដីស្ថិតនៅក្នុងតំបន់ ដែលបានធ្វើការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធ ហើយមិនបានចូលរួមក្នុងដំណើរការនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធកន្លងមក សូមអញ្ជើញមកចូលរួមបំពេញទិន្នន័យក្បាលដីរបស់ខ្លួន នៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុកដែលទីតាំងដីស្ថិតនៅ៕