កម្ពុជា​នឹងដាក់​ឱ្យ​ដំណើរការ​ព្រលានយន្តហោះ​អន្តរជាតិធំៗចំនួន២ នៅក្នុង​ឆ្នាំ២០២៣

0

ដោយ វុត្ថា

ភ្នំពេញៈ បើ​គ្មានអ្វី​ប្រែប្រួល​នោះទេ តាមរយៈ​ផែនការ​របស់​រដ្ឋាភិបាល​កម្ពុជា នឹង​ដាក់ឱ្យ​ដំណើរការ​នូវ ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិធំៗចំនួន២  ខណៈ​បច្ចុប្បន្ននេះ កំពុង​មមាញឹក​សាងសង់ ដើម្បី​ឆ្លើយតប​ទៅនឹង​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស និង​ជំរុញ​កំណើន​វិស័យ​ទេសចរណ៍​នៅក្នុង​ស្រុក។

រដ្ឋលេខាធិការដ្ឋាន​អ​កាស​ចរណ៍​ស៊ីវិល បានបង្ហាញ​របាយការណ៍​កាលពី​កន្លងមកនេះ​ឱ្យដឹងថា ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ​ចំនួន​ពីរ​នឹងដាក់​ដំណើរការ ទី១ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែលមាន​ទីតាំង​ស្ថិតនៅក្នុង ស្រុក​កណ្តាលស្ទឹង ស្រុក​ស្អាង​ខេត្តកណ្តាល និង​ស្រុក​បាទី ខេត្តតាកែវ និង​ទី២ គម្រោង​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី (AIAI) ដែលមាន​ទីតាំង​ស្ថិត​ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដែល​ព្រលាន​ទាំងពីរ​នេះ បាន​ចំណាយ​ទុន​សាង់សង់​ជាង២ពាន់​លាន​ដុល្លារ​អាមេរិក។

រដ្ឋលេខាធិការដ្ឋាន​អ​កាស​ចរណ៍​ស៊ីវិល​បាន​ចុះហត្ថលេខា លើ​ផែនការមេ​ចុងក្រោយ នៃ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​ទាំងពីរ​នេះ ដែល​គ្រោង​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ ២០២៣ ខាងមុខនេះ ដែល​អាចមាន​លទ្ធភាព​ឱ្យ​យន្តហោះ​ធុនធំៗ អាច​ចុះចត និង​ទទួល​អ្នកដំណើរ​ឆ្លងកាត់​រាប់លាន​នាក់​ក្នុងមួយឆ្នាំៗ ។

បើតាម​រដ្ឋលេខាធិការ​រដ្ឋា​ន​អ​កាស​ចរណ៍​ស៊ីវិល​បាន​ឲ្យ​ដឹងថា គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី នៅក្នុង​ខេត្តកណ្តាល ត្រូវបាន​ស្ថាបនា​លើដី​ទំហំ​ប្រមាណ២ ៦០០ហិកតា មាន​បណ្តោយ​ប្រមាណ៦គីឡូម៉ែត្រ និង​ទទឹង​ប្រមាណ៤គីឡូម៉ែត្រ ។

ការ​ដំណើការ នៃ​ការសាងសង់​ព្រលាន​យានដ្ឋាន អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ​ថា អាច​នឹង​រួចរាល់​នៅ​ឆ្នាំ២០២៣ខាងមុខនេះ។ សមត្ថភាព​អាកាសយានដ្ឋាន​បន្ទាប់ពី​សាងសង់​រួច ឆ្នាំ២០២៣ ទទួល​អ្នកដំណើរ ១៣លាន​នាក់ ឆ្នាំ២០៣០អាច​ទទួល​អ្នកដំណើរ៣០លាន​នាក់ និង​ឆ្នាំ២០៥០អាច​ទទួល​អ្នកដំណើរ​បាន៥០លាន​នាក់។

ព្រលានយន្តហោះ​ថ្មី​នេះ វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ១៥០០លាន​ដុល្លារ ដែលជា​ប្រភេទ 4F គឺ​ប្រភេទ​ព្រលានយន្តហោះ​ធំ ដែល​អាច​នឹង​ស្រូបយក និង​ទទួលបាន​ការហោះហើរ​ពី​ឆ្ងាយ​ឆ្លង​ទ្វីប អាច​ឲ្យ​ប្រភេទ​យន្តហោះ​ធុន​យក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចត​បាន។  ក្រុមហ៊ុន​វិនិយោគ​មាន​ម​ហិ​ច្ឆិ​តា អភិវឌ្ឍន៍​ជា​ព្រលាន​យន្ត ហោះ​ថ្មី​នេះ​ឲ្យ​ធំ និង​ទំនើប​ជាងគេ​នៅ​តំបន់​អាស៊ី។

ដោយឡែក បច្ចុប្បន្ននេះ​សម្រាប់​គម្រោង​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី (AIAI) បាន​នឹង​កំពុងដំណើរការ​សាងសង់ ដោយបាន​ចាប់តាំងពី​ថ្ងៃទី ១៥ ខែ​មិនា ឆ្នាំ២០២០ មក និង​គ្រោង​បញ្ចប់​ការសាងសង់​ឱ្យ​រួចរាល់ ជា​ស្ថាពរ​នៅ​ថ្ងៃទី១៤ ខែ​មិនា ឆ្នាំ២០២៣ ដោយ​ប្រើ​ពេលវេលា​ទាំងអស់​រយៈពេល៣៦ខែ។

ចំពោះ​ដំណើរការ​សាងសង់ ក្រុមហ៊ុន​បាន​សហការ​យ៉ាង​ជិត​ស្និ​ទ្ឋ ជាមួយ​ក្រុមការងារ​ប​ច្ចេកទេស របស់​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល ដោយ​ផ្តោត​សំខាន់​ទៅនឹង​ការបំពាក់​ឧបករណ៍​បច្ចេកទេស និង​រចនាបទ​អាកាសយានដ្ឋាន។

ក្រៅពី​ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិធំៗ ទាំងពីរ​នេះ និង​ព្រលានយន្តហោះ​ដែលមាន​ស្រាប់ កម្ពុជា​ក៏​នឹងមាន​គម្រោង​សាងសង់ ព្រលានយន្តហោះផ្សេងៗទៀត​នៅតាម​ខេត្ត​គោលដៅ​ជាច្រើន​ផ្សេងទៀត ដូចជា​ខេត្តមណ្ឌលគិរី បាត់ដំបង និង​កោះកុង​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here