គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ឈរ​នៅ​លំដាប់​លេខ១ ធៀប​នឹង​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យផ្សេងៗទៀត

0

ដោយៈ ប៊ី

ភ្នំពេញៈ គម្រោង​សាងសង់​សំណង់​ប្រភេទ​លំនៅដ្ឋាន មាន​ទំហំ​ទុនវិនិយោគ​ប្រមាណ​ជាង១៧០០លាន​ដុល្លារ​អាមេរិក ឈរ​ក្នុង​លំដាប់​ទី១ ក្នុងចំណោម​ប្រភេទ​សំណង់​អគារ​ពាណិជ្ជកម្ម អគារ​សាងសង់​ផ្ទះល្វែង និង​សំណង់​អគារ​ពហុ​មុខងារ។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឱ្យដឹងថា នៅក្នុង​ឆមាស​ទី១ ឆ្នាំ២០២០ គម្រោង​សាងសង់​សំណង់​នៅ​កម្ពុជា ក្នុងនោះ​មាន​ប្រភេទ​គម្រោង នៃ​ការសាងសង់​សំណង់​ជាច្រើន បាន​កំពុងអភិវឌ្ឍន៍​ឡើង ជាក់ស្ដែង​សំណង់​ប្រភេទ​លំនៅដ្ឋាន កំពុង​សាងសង់​សរុប​ចំនួន​ជាង២ពាន់​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​ជាង៤លាន​ម៉ែត្រការ៉េ ដោយមាន​ទុនវិនិយោគ​នៅលើ​គម្រោង​នេះ ប្រមាណ១៧០០ លាន​ដុល្លារ ឈរ​ក្នុង​លំដាប់​ទី១ នៃ​គម្រោង​សាងសង់​សំណង់ផ្សេង។

អគ្គនាយក​ក្រុមហ៊ុន PREMIUM GROUP លោក ម៉ាន់ ចាន់​ឌី ដែលជា​អ្នក​អភិវឌ្ឍន៍​ក្នុង​វិស័យ​លំនៅដ្ឋាន​មួយរូប បានបង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម ចំពោះ​ទីផ្សារ​លំនៅដ្ឋាន​នាពេល​បច្ចុប្បន្ន ក៏ដូចជា​បន្តទៅ​ថ្ងៃ​អនាគត ដែល​តម្រូវការ​ទីផ្សារ​នៅតែ​បន្ត​មាន ជាក់ស្ដែង​ត្រឹមតែ​តំបន់​ទំនប់​កប់​ស្រូវ ដែល​ស្ថិតនៅ​ជាយក្រុង មាន​គម្រោង​សាងសង់​មិន​ក្រោម១០គម្រោង​នោះទេ ដែលមាន​ចំនួន​លំនៅដ្ឋាន​ជិត១០០០ខ្នង។

លោក​បាន​ថ្លែងថា “មិន​ថា​ពេលនេះ ឬ​បន្តទៅ​ថ្ងៃ​ខាងមុខ​នោះទេ វិស័យ​លំនៅដ្ឋាន​នៅតាម​តំបន់​ជាយក្រុង នៅតែមាន​តម្រូវការ ដោយសារតែ​កំណើនប្រជាជន​ចូលមក​រស់នៅ​រាជធានី​ភ្នំពេញ​កាន់តែ​កើន​ឡើងជា​លំដាប់” ។ លោក​បន្តថា “ជាក់ស្ដែង​និយាយ​ត្រឹមតែ​វត្តមាន​របស់​និស្សិត ដែល​មកពី​តាម​បណ្តា​ខេត្ត​នានា ដើម្បី​សិក្សា​បន្ត និង​បម្រើ​ការងារ​មាន​រហូត​ជិត​ដល់៥ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ” ។

លោក​ម៉ាន់ ចាន់​ឌី បាន​បន្តទៀតថា កំណើន​នៃ​ចំនួន​និស្សិត លំហូរ​នៃ​ចំនួន​ប្រជាជន​ចំណូល​ថ្មី​មកកាន់​រាជធានី​ភ្នំពេញ សុទ្ធ​តែមាន​តម្រូវការ​ស្នាក់នៅ ខណៈដែល​កំណើន​នៃ​ចំនួន​សំណង់​លំនៅដ្ឋាន នៅពេល​បច្ចុប្បន្ន នៅ​មិនទាន់​គ្រប់​តម្រូវការ​នៅឡើយ​នោះទេ។ លំនៅដ្ឋាន​ដែលមាន​ទីផ្សារ និង​តម្រូវការ​ខ្ពស់​បច្ចុប្បន្ននេះ ជា​ប្រភេទ​លំនៅដ្ឋាន​តម្លៃ​មធ្យម ដែល​ស្ថិតនៅក្នុង​ចន្លោះ​ជាង៦ម៉ឺន ទៅ៨ម៉ឺន​ជាង។

ជាមួយគ្នានេះដែរ សំណង់​អគារ​ពាណិជ្ជកម្ម មាន​ចំនួន២២០គម្រោង លើ​តម្លៃ​ទំហំ​ប៉ាន់ស្មាន​ទុនវិនិយោគ​ប្រមាណ​ជាង ១៣០០លាន​ដុល្លារ។ ចំណែក​សំណង់​អគារ​ពហុ​មុខងារ នៅ​ទូទាំងប្រទេស ក្នុង​រយៈពេល​នេះដែរ មាន​ចំនួន ៤៥គម្រោង ស្មើ​ជាង ១,៧ លាន​ម៉ែត្រការ៉េ មានតម្លៃ​ប៉ាន់ស្មាន​លើ​ទុនវិនិយោគ ប្រមាណ ១០០០លាន​ដុល្លារ​អាមេរិក​ផងដែរ។

អគារ​ស្នាក់នៅ​រួមមាន៨២គម្រោង ក្នុងតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ ជាង ៥០០លាន​ដុល្លារ សំណង់​អគារ​រោងចក្រ​នៅ​ទូទាំងប្រទេស មានតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ជាង ៣០០លាន​ដុល្លារ និង​ប្រភេទ​សំណង់​សណ្ឋាគារ​នៅ​ទូទាំងប្រទេស មាន​ចំនួន ១៩ គម្រោង​ស្មើ​ជាង ២៤ម៉ឺន​ម៉ែត្រការ៉េ មានតម្លៃ​ប៉ាន់ស្មាន​ទុ​លើ​ន​វិនិយោគ ប្រមាណ ១៤៥លាន​ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here