អាល្លឺម៉ង់​នឹងធ្វើ​ការ​ជាមួយ​កម្ពុជា​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​ប្រកបដោយ​វិបុលភាព

0

ដោយៈ​ប៊ី

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​និង​អាល្លឺម៉ង់ បាន​ឯកភាព​ផ្តោត​ចម្បង លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ចីរភាព ដោយ​ប្តូរ​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​បែប​លក្ខណៈ​គ្រួសារ។ នេះ​បើ​យោងតាម​ការលើកឡើង របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ។

ការសម្រេច​បែបនេះ បានធ្វើ​ឡើង​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​កម្រិត​វិស័យ រវាង​រាជរ ដ្ឋា​ភិ​បាល​កម្ពុជា និង​រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ស្តីពី ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​បរិ​យា​ប័ន្ន ដែលមាន​ការចូលរួម​ពី លោក​ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​គណៈ ក​ម្មា​ធិ​ការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (គ.ជ.នា/ក.អ.ក) និង​លោក Sascha Reebs លេខា​ទី១ ទទួលបន្ទុក​ផ្នែក​កិច្ចសហប្រតិបត្តិកា រ​នៃ​ស្ថានទូត​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានឱ្យដឹងថា គោលដៅ​ចម្បង​នៃ​កិច្ច​ពិគ្រោះ​យោបល់​នា​ថ្ងៃនេះ គឺ​ដើម្បី​ពិនិត្យ វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​កម្ពុជា -អាល្លឺម៉ង់ ក្នុង​វិស័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច មូលដ្ឋាន​នា​ឆ្នាំកន្លងមក ព្រមទាំង​កំណត់​ទិសដៅ និង​អាទិភាព​សម្រាប់​ពេលអនាគត ដើម្បី​ឆ្ពោះទៅ​សម្រេចបាន​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច ប្រកបដោយ​បរិ​យា​ប័ន្ន និង​ចីរភាព​នៅ​កម្ពុជា។

ជាមួយគ្នានេះ​ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា និង​កំណត់​ទិសដៅ និង​អាទិភាព​សម្រាប់​កម្មវិធី​ស្តីពី​ការលើក កម្ពស់​ភាព​ប្រកួតប្រជែង​របស់​សហគ្រាស​នៅ​កម្ពុជា។ ជា​លទ្ធផល ភាគី​ទាំង​បាន​ឯកភាព ដោយ​ផ្តោត​ចម្បង​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​បរិ​យា​ប័ន្ន និង​ចីរភាព ដោយ​ប្តូរ​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន បែប​លក្ខណៈ​គ្រួសារ ដែល ផ្តោតលើ​តែ​វិស័យ​កសិកម្ម ទៅជា​ការធ្វើ​ពិពិធ​កម្ម និង​ទំនើបកម្ម​សេដ្ឋកិច្ច ដែល​ផ្តោត​ការគាំទ្រ​ដល់​សហគ្រាស​ធុន តូច និង​មធ្យម​នៅ​កម្ពុជា ក្នុង​វិស័យ​ឧស្សាហកម្ម ក​សិ-ឧស្សាហកម្ម ការកែច្នៃ​ចំណីអាហារ និង​ការបណ្តុះបណ្តាល បច្ចេកទេស ដោយ​បញ្ចូល​នូវ​ការប្រើប្រាស់​បច្ចេកវិទ្យា និង​នវានុវត្តន៍ ព្រមទាំង​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​ពី​វិស័យ​ឯកជន។

ភាគី​អាល្លឺម៉ង់​បានផ្តល់​បរិ​ញ្ញ​ប្ប​ទាន ឥត​សំណង​ចំនួន៨លាន​អឺរ៉ូ ដល់​កម្មវិធី​នេះ​សម្រាប់ រយៈពេល៣ឆ្នាំ (២០២០-២០២២) ដែល​គ្រោង​នឹង​អនុវត្ត​នៅក្នុង​រាជធានី -ខេត្ត​គោលដៅ​ចំនួន ៥រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ និង​រាជធានី​ភ្នំពេញ ។

ជាមួយគ្នានេះ​កម្ពុជា និង​អាល្លឺម៉ង់ កិច្ច​ពិគ្រោះ​យោបល់​កម្រិត​នយោបាយ​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បី​ពិនិត្យ​ជារួម​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​គ្រប់​វិស័យ និង​ទិដ្ឋភាព​នានា នៃ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៏​កម្ពុជា-អាល្លឺម៉ង់​នាពេល​បច្ចុប្បន្ន និង​នាពេល​អនាគត ក៏ដូចជា ពិនិត្យ​លើ​សំណើ​គម្រោង​ថ្មី និង​គម្រោង​អនុវត្ត​បន្ត​ក្នុង​បណ្តា​ឆ្នាំ​ខាងមុខ សម្រាប់​ភាគី​អាល្លឺម៉ង់​ពិចារណា​បន្ត​ផ្តល់​ការគាំទ្រ​ក្នុង​ឆ្នាំ២០២១ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here