ដោយៈហ្សូលី
ភ្នំពេញៈ បន្ទាប់ពីវិស័យខុនដូមានការសាងសង់ជាច្រើនកន្លែងនៅទីក្រុងភ្នំពេញដែលនាំឱ្យចង្អៀតក្នុងការអភិវឌ្ឍបន្ថែមបច្ចុប្បន្នក្រុមហ៊ុនអភិវឌ្ឍនិងវិនិយោគិនសម្រេចចិត្តងាកទៅរកតំបន់ក្រៅក្រុងឬឆ្ងាយពីទីប្រជុំជនវិញបណ្តើរៗ។
ការរស់នៅក្នុងលំនៅដ្ឋានបែបសហកម្មសិទ្ឋ នៅក្រៅតំបន់អ៊ូអរ និងទីប្រជុំជន មានគុណសម្បត្តិមួយចំនួន ដែលមនុស្សជាច្រើនមើលរំលង។
យោងតាមឱ្យដឹងពីរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា គិតត្រឹមដើមត្រីមាសទី៤ ឆ្នាំ២០២០នេះ កំណើននៃការផ្គត់ផ្គង់ទីផ្សារខុនដូ មានការកើនឡើងរហូតដល់ប្រមាណ២០,៧០០យូនីត ក្នុងចំណោមទាំង៦០គម្រោង ដែលត្រូវបានដាក់បញ្ចូលនៅក្នុងទីផ្សាររួម។
បើតាមឱ្យដឹងពីអ្នកជំនាញអចលនទ្រព្យ ពិសេសផ្តោតលើវិស័យខុនដូបានឱ្យដឹងថា ទីផ្សារខុនដូមានតម្លៃខុសគ្នា ទៅតាមកម្រិតអភិវឌ្ឍនិមួយៗ។ ជាក់ស្តែងសម្រាប់ខុនដូដែលនៅក្រៅទីប្រជុំជនច្រើនតែជាខុនដូកម្រិតC ដែលមានតម្លៃត្រឹមជាង១៥០០ដុល្លា រ ប៉ុណ្ណោះ បើធៀបជាមួយខុនដូនៅក្នុងក្រុង ដែលមានតម្លៃដល់ទៅជាង៣០០០ដុល្លារ។ ខុនដូនៅក្នុងក្រុងភាគច្រើន ត្រូវបានអភិវឌ្ឍនៅក្នុងដីមានតម្លៃថ្លៃ ដូច្នេះក្រុមហ៊ុនអភិវឌ្ឍមិនអាចសាងសង់ក្រោមកម្រិតAបានឡើយ ព្រោះអាចនឹងលក់ក្នុងតម្លៃទាប។
មួយវិញទៀត មិនមានការជាប់ពន្ធនោះឡើយ តែជាកត្តាមួយកាត់បន្ថយការចំណាយសម្រាប់រយៈពេលស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចនេះ។ កាលពីដើមឆ្នាំ២០២០នេះ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដល់ប្រជាពលរដ្ឋកម្ពុជាថា សម្រាប់ការទិញខុនដូដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារមិនមានការជាប់ពន្ធប្រថាប់ត្រាឡើយ។
នេះជាការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានចេតនាចង់ជួយសម្រួលដល់ជីវភាពរបស់ប្រជាជនខ្មែរដែលចង់មានលំនៅដ្ឋានតម្លៃសមរម្យនិងផ្តល់ឱកាសឱ្យមានលទ្ធភាពបានទិញលំនៅដ្ឋានរស់នៅ។
រីឯការរស់នៅទៀតសោត គឺមានសេវាកម្មស្ទើរតែដូចគ្នាជាមួយខុនដូ នៅក្នុងក្រុងដែរដូចជា ប្រព័ន្ធរក្សាសន្តិសុខ២៤ម៉ោង និងជារៀងរាល់ថ្ងៃ មានសុវត្ថិភាពខ្ពស់ និងផាសុកភាព សេវាសម្អាតអនាម័យ ជួសជុលសម្ភារៈក្នុងខុនដូ មានក្លឹបហាត់ប្រាណ អាងហែលទឹក ស្ប៉ា ជាដើម៕