ដោយគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍របស់អូស្ត្រាលី ឈ្មោះ «Wendy Wu Tours» បានយករូបប្រាសាទអង្គរវត្តរបស់កម្ពុជាទៅដាក់សំគាល់ថា ស្ថិតនៅលើប្រទេសវៀតណាម ភ្លាមៗនេះក្រសួងទេសចរណ៍បានស្នើឲ្យក្រុមហ៊ុននេះកែតម្រូវ។
«Wendy Wu Tours» ជាទីភ្នាក់ងារទេសចរណ៍ដ៏ល្បីមួយ របស់ប្រទេសអូស្ត្រាលី ដែលបាននាំភ្ញៀវទេសចរអន្តរជាតិ មកទស្សនាប្រទេសកម្ពុជាជាញឹកញាប់។ ថ្មីៗនេះ គេហទំព័ររបស់ទីភ្នាក់ងារទេសចរណ៍មួយនេះ បានបង្ហោះរូបភាពស្ដីពីតំបន់ទេសចរណ៍ជាច្រើននៅជុំវិញពិភពលោក ក្នុងនោះក៏មានរូបភាពប្រាសាទអង្គរវត្ត ដ៏ស្រស់ឆើតឆាយរបស់កម្ពុជាផងដែរ។ ប៉ុន្តែគេហទំព័រនេះបានបង្កើតនូវកំហុសឆ្គង ដោយអចេតនាមួយ គឺនៅនៅផ្នែកខាងលើនៃរូបភាពប្រាសាទអង្គរវត្ត គេបានសរសេរពាក្យថា «VIETNAM» ជាហេតុនាំឱ្យមានការយល់ច្រឡំថា ប្រាសាទអង្គរវត្ត ស្ថិតនៅប្រទេសវៀតណាម។
ប្រជាពលរដ្ឋកម្ពុជាបានផ្ទុះការរិះគន់ជុំវិញបញ្ហានេះ ទន្ទឹមនឹងនោះ មហាជន ក៏បានស្នើសុំឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងក្រសួងទេសចរណ៍កម្ពុជា ចេញចំណាត់ការឱ្យបានម៉ឺងម៉ាត់ចំពោះកំហុសឆ្គងនេះ។
ក្រោយទទួលបានដំណឹងនេះហើយ មន្ត្រីជំនាញនៃក្រសួងទេសចរណ៍បានទាក់ទងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបានស្នើឱ្យទីភ្នាក់ងារ «Wendy Wu Tours» កែសម្រួលកំហុសឆ្គងនៅលើគេហទំព័ររបស់ខ្លួនជាបន្ទាន់។
លោកប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្រសួងទេសចរណ៍ បានថ្លែងនាព្រឹកថ្ងៃទី២២ ខែកញ្ញានេះថា ក្រសួងបានទាក់ទងទៅកាន់ទីភ្នាក់ងារ Wendy Wu Tours រួចហើយ ដើម្បីឱ្យគេកែសម្រួលព័ត៌មាននោះឡើងវិញ។
លោកបន្តថា ទីភ្នាក់ងារក៏បានសម្ដែងនូវការសូមអភ័យ ទោសចំពោះកម្ពុជា និងយល់ព្រមកែសម្រួលឡើងវិញផងដែរ ដោយបានកែពីពាក្យVIETNAM មកដាក់ថា SOUTHEAST ASIA វិញ។
លោក ប្រាក់ វុទ្ធី បានពន្យល់ថា មូលហេតុដែលទីភ្នាក់ងារ Wendy Wu Tours មិនប្ដូរមកជាCAMBODIA វិញនោះ ក៏ដោយសារក្រុមហ៊ុនចង់បង្ហាញថា «ប្រាសាទអង្គរវត្តរបស់កម្ពុជា» ជានិម្មិតរូបតំណាងឱ្យតំបន់អាស៊ីអាគ្នេយ៍ លើនៅគេហទំព័ររបស់ខ្លួន ពីព្រោះប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិភណ្ឌដែលពិភពលោកស្គាល់ច្រើនជាងគេ។
ទោះបីជាទីភ្នាក់ងារ Wendy Wu Tours បានកែសម្រួលនៅលើទំព័រមុខនៃគេហទំព័ររបស់ខ្លួនរួចហើយក្ដី ប៉ុន្តែនៅមានមួយកន្លែងទៀត ដែលក្រុមហ៊ុនមិនទាន់បានកែសម្រួលអស់ គឺនៅពេលចូលទៅក្នុងផ្ទាំងBrochures គេនៅឃើញមានរូបប្រាសាទអង្គរវត្តដែលដាក់ពាក្យ VIETNAM នៅពីលើនៅឡើយ៕