ដោយៈវុត្ថា
ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមើលពីសក្តានុពលសំខាន់ៗចំនួន២ ដែលកំពុងមានសក្តានុពលខ្ពស់ និងមានការទាក់លើការវិនិយោគិនអន្តរជាតិនាពេលបច្ចុប្បន្នេះ បើទោះបីកម្ពុជាកំពុងប្រឈមនឹងវិបត្តិនៃជំងឺកូវីដ១៩។
លោកឧកញ៉ា លឹម ហេង បានប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២០កន្លងមកឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ វិស័យសំខាន់ៗដែលកំពុងសក្តានុពលសេដ្ឋកិច្ចខ្លាំងរបស់កម្ពុជា រួមមាន វិស័យឧស្សាហកម្ម ដូចកាបូប ស្បែកជើង និង កង់ និងជាពិសេសវិស័យកសិកម្ម ដែលកំពុងមានការចាប់អារម្មណ៍លើកវិនិយោគទាំងវិនិយោគិនជាតិ និងអន្តរជាតិ។
លោកថ្លែងថា “នៅក្នុងសម័យកូវីដនេះ យើងឃើញវិស័យកសិកម្ម កំពុងកំរើកខ្លាំង ហើយនេះ គឺជាក្តីសង្ឃឹមរបស់កម្ពុជា” ។ លោកបន្តថា “ខ្ញុំបានជួបក្រុមហ៊ុនអាមេរិកជាច្រើន បានបង្ហាញបំណងពីការវិនិយោគលើវិស័យនេះនៅកម្ពុជា ទាំងក្រុមហ៊ុនកូរ៉េ ក្រុមហ៊ុនជប៉ុន ជាពិសេសក្រុមហ៊ុនចិន ដែលបង្ហាញឆន្ទះក្នុងការវិនិយោគជាងគេ” ។
លោកបន្តថា ក្រៅពីនេះយើងឃើញវិស័យឧស្សាហកម្ម ដែលកំពុងមានការកំរើកខ្លាំងដែរនោះ ដូចជា ផលិតកាបូប (ផលិតផលធ្វើដំណើរ) ស្បែកជើង និងកង់ ដែលមានការនាំចេញទៅទីផ្សារក្រៅប្រទេសបានច្រើន ក្នុងចំណោមវិស័យផ្សេងទៀត ។
លោកបញ្ជាក់ទៀតថា “អ្វីដែលប៉ះពាល់ខ្លាំង នៅក្នុងអំឡុងពេលមានវិបត្តិនេះ វិស័យទេសចរណ៍ បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ដោយសារគ្មានលំហូរភ្ញៀវទេសចរពីក្រៅប្រទេស តែសម្រាប់ទេសចរណ៍ក្នុងស្រុក មានកំណើនឡើងវិញដោយសារអ្នកដែលមានធនធាន មិនអាចទៅដើរលេងនៅស្រុកក្រៅបាន។ អ៊ីចឹង មានតែដើរលេងនៅក្នុងស្រុក ដែលជំរុញឱ្យវិស័យនេះ មានកំណើនឡើងវិញ” ។
បើទោះបីវិស័យមួយចំនួនមានសក្តានុពលខ្ពស់ ដូចជា វិស័យកសិកម្មជាដើមរបស់កម្ពុជា ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែនកាលពីពេលថ្មីនេះ បានដាក់ចេញវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រង ផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ចនៅក្នុង បរិការណ៍នៃវិបត្តិ និងការស្ដារជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ។
រដ្ឋាភិបាលបញ្ជាក់ថា មកដល់បច្ចុប្បន្នការខិតខំ អភិវឌ្ឍន៍វ៉ាក់សាំងបង្ការកំពុងមាន វឌ្ឍនភាពល្អគួរជាទីសង្ឃឹម ប៉ុន្តែគ្មាននរណាដឹងថា ពេលណាវិបត្តិនៃជំងឺកូវីដ-១៩ នេះ នឹងបញ្ចប់ហើយក៏គ្មាននរណា អាចទស្សន៍ទាយ អំពីផលប៉ះពាល់មកលើគ្រប់ទិដ្ឋភាព នៃជីវភាពរស់នៅរបស់សង្គមជាតិនីមួយៗ បានជាក់ច្បាស់នោះដែរ។
រាជរដ្ឋាភិបាលបន្ដថា នៅកម្ពុជាវិបត្តិកូវីដ-១៩ នៅតែបន្តមានបង្កផលប៉ះពាល់អវិជ្ជមានមកលើស្ថានភាពសង្គម-សេដ្ឋកិច្ច ទោះបីជារាជរដ្ឋាភិបាលបាន និងកំពុងគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ ប្រកបដោយប្រសិទ្ធភាពក៏ដោយ។ ក្រោមស្មារតីបុរេសកម្ម និងកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់ ប្រជាជន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា វិធានការចំនួន៥ជុំត្រូវបានដាក់ចេញ និងបានផ្តល់លទ្ធផលវិជ្ជមាន ដូចដែលបានព្រាងទុក។
ជាក់ស្តែង លំនឹងជីវភាពរបស់ប្រជាជន ក៏ដូចជាសកម្មភាពផលិតកម្ម និងអាជីវកម្មក្នុងវិស័យដែលបាន រងផលប៉ះពាល់ ក៏ចាប់ផ្តើមមានស្ថិរភាព និងប្រតិបត្តិការឡើងវិញ។ទោះបីជាយ៉ាងនេះក្ដី វិស័យសំខាន់ ៗមួយចំនួន រួមមានដូចជា៖ វិស័យកាត់ដេរ-វាយនភណ្ឌ ,វិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ជាដើម នៅតែរងផលប៉ះពាល់ ខ្លាំងជាងគេ ពីវិបត្តិនៃជំងឺកូវីដ-១៩ នេះ ។ ស្របពេលនេះដែរ គ្រួសារក្រីក្រ និងងាយរងគ្រោះមួយចំនួនក៏នៅកំពុងបន្តប្រឈមនឹងបញ្ហាលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។
រាជរដ្ឋាភិបាលនឹងបន្តតាមដាន ជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ-១៩ , ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌតំបន់ និងសកលលោក ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើបច្ចុប្បន្នភាពសម្រាប់វិធានការចាំបាច់ ដែលបានដាក់ចេញ ព្រមទាំងត្រៀមដាក់ចេញនូវវិធានការថ្មីៗប ក្រោមក្របខណ្ឌយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិ ជំងឺកូវីដ-១៩ ៕