អចលនទ្រព្យ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤៤ ចាប់ផ្តើម​បង្ហាញ​សក្តានុពលទាក់ទាញ​ការវិនិយោគ

0

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​បាន​អះអាងថា វិស័យ​អចលនទ្រព្យ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤៤កំពុង​កម្រើក​ឡើង ខណៈ​ផ្លូវ​នេះ​នឹង​អាច​ក្លាយទៅជា​តំបន់​បណ្តុំ រោងចក្រ​ឧស្សាហកម្ម​នាពេល​អនាគត ។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែងប្រាប់​នៅ​ល្ងាច​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ​ថា ផ្លូវជាតិ​លេខ ៤៤ កំពុង​បង្ហាញ​ភាព​ទាក់ទាញ ដល់​រោងចក្រ​ឧស្សាហកម្ម​ជាច្រើន ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​វិស័យ​នាពេល​អនាគត។

លោក​បាន​ថ្លែងថា “ថ្ងៃនេះ​ខ្ញុំ​និយាយ​ពី​ការទស្សទាយ​នៅពេល​អនាគត ផ្លូវជាតិ​លេខ៤៤ ហើយ​ផ្លូវ​ក្រវ៉ាត់​ដែល​ចាប់ពី​ខាងស្តាំ ដែល​ចុះទៅ​ផ្លូវ១៤៤០ និង​ផ្លូវ៥១ នឹង​ក្លាយទៅជា​តំបន់ឧស្សាហកម្ម។ លោក​បន្តថា “ដូច្នេះ​ពេល​ក្លាយទៅជា​តំបន់ឧស្សាហកម្ម វា​នឹង​ក្លាយ​កន្លែង​បណ្តុំ​រោងចក្រ ហើយ​វិស័យ​អចលនទ្រព្យ​ទទួលបាន​រីក​ម្រើ​ន ដែល​គាំទ្រ​ដោយ​វិស័យ​ឧស្សាហកម្ម” ។

លោក​បន្តទៀតថា “តំបន់​នេះ ពិសេស​នៅ​ប៉ែក​ខាងជើង ផ្លូវ​លេខ៤៤ នៅ​ខាងស្តាំ​ភាគច្រើន​ទទួល បាន​ផល​ចំ​ពេញ​ពី​ការវិនិយោគ។ ផ្លូវ​លេខ៤៤ ដែល​ភ្ជាប​ន់​ទៅ​ឱ​រ៉ា​ល់ ផ្លូវ៥១ទៅ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ គឺជា​ទីតាំង​ភូមិសាស្ត្រ​វិនិយោគ ដែល​អ្នកជំនាញ​អចលនទ្រព្យ​មើលឃើញ ហើយ​តាម​ការវិភាគ​របស់ខ្ញុំ ផ្លូវ៤៤ និង​ផ្លូវ៥១ នឹង​រីកចម្រើន​នាពេល​អនាគត” ។

លោ​កវិន ឈុន​ហ៊ា​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ DEYTHMEY Real Estate បាន​ថ្លែងប្រាប់​នៅ​ល្ងាច​ថ្ងៃទី៨ខែតុលា ឆ្នាំ២០២០ថា បច្ចុប្បន្ន ផ្លូវជាតិ​លេខ៤៤ កំពុង​បង្ហាញ​សក្តានុពល​សម្រាប់ កា​រលើ​វិស័យ​ឧស្សាហកម្ម ដោយបាន​ទាក់ទាញ​រោងចក្រ​ចំនួន​បោះទីតាំង​នៅតាម​ផ្លូវ​នេះ។

លោក​បាន​ថ្លែងថា “ជាមួយគ្នានេះដែរ វិស័យ​អចលនទ្រព្យ​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ៤៤ កំពុង​មានការ​កម្រើក​ឡើងបណ្តើរៗ ដោយសារ​ផ្លូវ​នេះ​មាន​សក្តានុពល​ក្នុងការ​ទាក់ទាញ​រោងចក្រ ការអភិវឌ្ឍន៍ផ្សេងៗកំពុង​កើតឡើង និង​ជា​ផ្លូវ​ត​ភ្ជាប់​ជាមួយ​ខេត្តសំខាន់ៗ ដូចជា​ខេត្តកោះកុង​ជាដើម” ។

លោក​បាន​បន្តទៀតថា “បច្ចុប្បន្ន តម្លៃ​ដី​នៅតាម​បណ្តោយ​ផ្លូវជាតិ៤៤ កំពុងមាន​តម្រូវ​ការគួរសម ហើយ​តម្លៃ​ដី​អាច​រកបាន​ចាប់ពី១៥ដុល្លារ​ឡើងទៅ ហើយ​នា​អនាគត តម្លៃ​ដី​នៅតាម​ផ្លូវ​នេះ​នឹង​កើនឡើង​ជាងនេះទៅទៀត” ។

ផ្លូវជាតិ​លេខ៤៤ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ២០១៦ ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។ ផ្លូវជាតិ​លេខ៤៤ ចាប់ផ្តើម​ត្រង់​គីឡូម៉ែត្រ​លេខ៤៨ លើផ្លូវ​ជាតិ​លេខ៤ ឆ្លងកាត់​ក្រុង​ច្បារមន និង​ស្រុក​ចំនួន៤ រួមមាន ស្រុង​សំរោង​ទង ស្រុក​ឱ​រ៉ា​ល់ ស្រុក​ថ្ពង និង​ស្រុក​ឧ​ត្តុ​ង្គ ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៥ ត្រង់​គីឡូ​ម៉ែត​លេខ៣។

កាលពីថ្មីៗនេះ អភិបាលខេត្ត​កំពង់ស្ពឺ លោក​វ៉ី សំណាង​បាននិងកំពុង​ជំរុញ ក្រុមហ៊ុន រោងចក្រ សហគ្រាស​ទៅ​បោះទីតាំង នៅតាម​បណ្តោយ​ផ្លូ​ជាតិ​លេខ៤៤ ដែល​កំណាត់​ផ្លូវ​នេះ មាន​ប្រវែង៤៨ គីឡូម៉ែត្រ​ពី​ទី​រួម​ក្រុង​កំពង់ស្ពឺ​ឆ្ពោះទៅកាន់​ស្រុក​ឱ​រ៉ា​ល់។

លោក​អភិបាលខេត្ត​បន្តថា រដ្ឋបាលខេត្ត​បាន និង​កំពុង​ជំរុញ​រោងចក្រ​សហគ្រាសផ្សេងៗ ទៅ​បោះទីតាំង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤៤ បន្ថែមទៀត ដើម្បី​ផ្តល់ឱកាស​ការងារ​ជូន​ពលរដ្ឋ​នៅ​ទីនោះ ដើម្បី​ធ្វើការ​ហើយ​ទទួលបាន​ចំណូល ក្នុងការ​ផ្គត់ផ្គង់​ជីវភាព​ឱ្យ​កាន់តែ​ប្រសើរឡើង។

លោក​បាន​ថ្លែងថា “ខ្ញុំ​មិនមែន​តែ​ខិតខំ​ប្រឹងប្រែង រក​អ្នកវិនិយោគ​ដាក់​នៅ​ស្រុក​គងពិសី ស្រុក​បសេដ្ឋ​នោះទេ យើង​ខិតខំ​ជំរុញ​ទៅ​ផ្លូវ​លេខ៤៤ ហើយ​កាលពីពេល​ថ្មី​នេះ​ខ្ញុំ​បាន​ចុះហត្ថលេខា​ឱ្យ​រោងចក្រ​ចំនួន២បន្ថែមទៀត ឱ្យទៅ​កាន់​ទីនោះ​ក្នុងដំណាក់កាល​នៃ​ជំងឺ Covid-19 នេះ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here