ដោយៈវុទ្ធី
ភ្នំពេញៈ បេក្ខជនអនុប្រធានាធិបត្យប្រជាធិបតេយ្យ Kamala Harris បាននិយាយថា ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ (Donald Trump) បានចាញ់សង្គ្រាមពាណិជ្ជកម្មជាមួយចិន និងបានអះអាងថា វាបានធ្វើធ្វើឱ្យប្រជាជនអាមេរិក បាត់បង់ការងារចំនួន៣០០.០០០នាក់។

សមាជិកព្រឹទ្ធសភាអាយុ៥៥ឆ្នាំ នៅរដ្ឋកាលីហ្វ័រញ៉ារូបនេះ ក្នុងអំឡុងពេលនៃការជជែកវែកញែក (debate) នៅយប់ថ្ងៃពុធ ជាមួយលោក Mike Pence អនុប្រធានាធិបតី នៅមុនការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ បានរិះគន់គោលនយោបាយសេដ្ឋកិច្ចTrump ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ជាពិសេសសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។
លោកស្រីបានថ្លែងថា “វាជាផ្នែកមួយនៃអ្វីដែលគាត់គិតថា ជាសមិទ្ធិផលមួយជោគជ័យ ប៉ុន្តែសង្គ្រាមពាណិជ្ជកម្ម របស់ប្រធានាធិបតីជាមួយប្រទេសចិន គឺលោកបានចាញ់”។
លោកស្រីបានអះអាងថា “អ្វីដែលបានកើតឡើង គឺដោយសារតែសង្គ្រាមពាណិជ្ជកម្មជាមួយចិន អាមេរិកបានបាត់បង់ការងារ៣០០.០០០កន្លែងក្នុងវិស័យផលិតកម្ម”។ លោកស្រីបន្ថែមថា លោកTrump បានចាប់ផ្តើមធ្វើសង្គ្រាមពាណិជ្ជកម្ម ជាមួយប្រទេសចិនក្នុងឆ្នាំ២០១៨ ដោយទាមទារឱ្យទីក្រុងប៉េកាំង កាត់បន្ថយឱនភាពពាណិជ្ជកម្មដ៏ធំ ដែលមានចំនួនស្មើនឹង៣៧៥,៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧។
ជាមួយគ្នានេះលោកស្រីបាននិយាយថា ទស្សនវិស័យ និងវិធីសាស្រ្តរដ្ឋបាលរបស់លោក Trump ចំពោះប្រទេសចិនបានបណ្តាលឱ្យប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់ជនជាតិអាមេរិក។

ឆ្លើយតបនឹងលោកស្រីHarris លោក Pence បាននិយាយថា បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ និងជាអតីតអនុប្រធានាធិបតីគឺលោកJoe Biden ឈរខាងប្រទេសកុម្មុយនិស្តចិនក្នុងរយៈពេលជាច្រើនទសវត្សចុងក្រោយនេះ។
លោកPence បានរំឡឹកថា “តើ Trump បានចាញ់សង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនមែនទេ?”។លោកបន្ថែមថា “លោកJoe Biden មិនដែលប្រយុទ្ធជាមួយវាទេ។ លោក Biden ឈរខាងប្រទេសកុម្មុយនិស្តចិន ក្នុងរយៈពេលចុងក្រោយជាច្រើនទសវត្សរ៍មកហើយ”។
លោកបានបន្ថែមទៀតថា “លោក Joe Biden ចង់ត្រលប់ទៅការចុះចាញ់ផ្នែកសេដ្ឋកិច្ចទៅប្រទេសចិនវិញ ។ នៅពេលដែលយើងចូលកាន់តំណែង ឱនភាពពាណិជ្ជកម្មអន្តរជាតិរបស់យើង ជាមួយប្រទេសចិនមានរួចស្រេចទៅហើយ”៕







