ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្របទៅនឹងការត្រៀមខ្លួន ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន នាដំណាច់ចុងឆ្នាំ២០២០ខាងមុខនេះ គម្រោងការនៃការអនុវត្តលើបទដ្ឋានថ្មី នៃការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងហុងកុង ដែលជាផ្នែកមួយរបស់ប្រទេសចិន នឹងត្រូវបានធ្វើឡើងនៅពេលដំណាលគ្នា។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះថា ការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង បាននិងរៀបចំបទដ្ឋានថ្មី នៃការធ្វើពាណិជ្ជកម្មនានា ជាមួយបណ្តាបណ្តាប្រទេសជាដៃគូ ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។
លោកឧកញ៉ាបញ្ជាក់ថា “កម្ពុជា-ហុងកុង មានកិច្ចទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នាយូរមកហើយ ដោយក្នុងនោះភាពជាដៃគូ លើការធ្វើពាណិជ្ជកម្មក៏មានភាពល្អប្រសើរផងដែរ ជាពិសេសវិស័យឧស្សាហកម្ម” ។ លោកបញ្ជាក់ថា “ខ្ញុំធ្លាប់បានជួបជាមួយរដ្ឋម ន្ត្រីពាណិជ្ជកម្មហុងកុង កាលពីពេលកន្លងទៅដោយបានធ្វើ សិក្ខាបង្ហាញពីឱកាស និងភាពល្អប្រសើរលើការវិនិយោគជាច្រើន នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យមានវឌ្ឍនភាពកាន់តែប្រសើរជាងមុន” ។
កិច្ចទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងហុងកុង កាលពីពេលកន្លងទៅនេះ ភាគច្រើន គឺផ្តោតសំខាន់ទៅលើវិស័យឧស្សាហកម្ម ហើយក្រៅពីនេះក៏មានមយចំណែកក្នុង វិស័យកសិឧស្សាហកម្ម ហើយកាលពីពេលថ្មីៗនេះ ក៏មានការបង្ហាញពីការចាប់អារម្មណ៍ទៅលើវិស័យហិរញ្ញវត្ថុ ដោយការដាក់ធនាគារហុងកុង នៅលើទីផ្សារកម្ពុជាថែមទៀតផង។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង ក៏បានមានប្រសាស៍បញ្ជាក់ទៀតថា “បន្ថែមពីលើអ្វីដូចដែលបានបង្ហាញខាងលើនេះ ហុងកុងក៏បង្កើតជាសមាគមអ្នកច្បាប់នៅកម្ពុជា ដើម្បីការពារផលប្រយោជន៍ ដល់អ្នកវិនិយោគហុងកុងធំៗផងដែរ ហើយទាំងអស់នេះហើយសុទ្ធតែជាសមិទ្ធផល និងការបង្កើនកិច្ចទំនុកចិត្តដល់វិនិយោគិននៃប្រទេសទាំង២” ៕






