ដោយៈម៉ាណេត
ភ្នំពេញៈ ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន បានលើកឡើងថា កម្ពុជាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសអទិភាព សម្រាប់ក្រុមហ៊ុនជប៉ុនមួយចំនួន ដែលមានបំណងផ្លាស់ប្ដូរទីតាំងរបស់ខ្លួនពីប្រទេសចិន។

លោក Masahiro Miyao ប្រធានតំណាងអង្គការពាណិជ្ជកម្ម ក្រៅស្រុកជប៉ុន (JETRO) ប្រចាំប្រទេសកម្ពុជាបានលើកឡើងបែបនេះ អំឡុងពេលជួបសម្ដែងការគួរសម និងជម្រាបលាជាមួយ លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសដែលលោកត្រូវបញ្ចប់អណត្តិបេសកកម្ម នៅកម្ពុជាក្នុងខែតុលានេះ។
ជាមួយគ្នានេះ លោកស្រី Marisa Haruta ប្រធានតំណាងអង្គការ JETRO ប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី ក៏មានវត្តមានដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួនផងដែរ។
លោក Masashiro Miyao បានថ្លែងថា “ក្រុមហ៊ុនជប៉ុនមួយចំនួនមានបំណងផ្លាស់ប្ដូរទីតាំងរបស់ខ្លួនពីប្រទេសចិន មកបណ្ដាប្រទេសអាស៊ាន ដែលកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសអទិភាពសម្រាប់វិនិយោគិនជប៉ុន” ។
លោកបានបន្តទៀទថា “ជាមួយនេះដែរ តំណាង JETRO ក៏បានជម្រាបជូនផងដែរថា ក្រុមហ៊ុនជប៉ុនមួយចំនួន កំពុងតែមានការចាប់អារម្មណ៍ខ្ពស់ លើវិស័យកសិកម្មនៅកម្ពុជា ជាពិសេសលើប្រភេទកសិផលសរីរាង្គ សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅជប៉ុន និងគោលដៅដទៃទៀត ដែលផលិតផលសរីរាង្គមានតម្រូវការខ្ពស់” ។
ជាការឆ្លើយតប លោក ប៉ាន សូរស័ក្ដិ បានថ្លែងសេចក្ដីស្វាគមន៍ និងជំរុញឱ្យវិនិយោគិនជប៉ុន មកបើកអាជីវកម្មឬរោងចក្រកែច្នៃផ្សេងៗនៅកម្ពុជា និងលើកទឹកចិត្តឱ្យមានការនាំចេញកសិផល ក៏ដូចជាផលិតផលកែច្នៃរបស់កម្ពុជា បន្ថែមទៅប្រទេសជប៉ុន និងគោលដៅសក្ដានុពលដទៃទៀត ជាពិសេសគឺត្រូវទាញយកផលប្រយោជន៍ ឱ្យបានពេញលេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាគូភាគី។
ទន្ទឹមនឹងនេះ លោកស្រី Marisa Haruta ប្រធានតំណាងអង្គការ JETRO ថ្មីប្រចាំកម្ពុជាបានថ្លែងថា ក្នុងអណត្តិបំពេញការងាររបស់លោកស្រី នឹងពង្រឹងបានថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងការបន្ដលើកកម្ពស់ទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា-ជប៉ុន។

លោករដ្ឋមន្ដ្រី ក៏បានជម្រាបដល់តំណាងអង្គការ JETRO នូវគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតូច (AIMS) របស់ក្រសួងពាណិជ្ជកម្ម ដែលអ្នកផលិតជាក្រុមកសិករខ្នាតតូច និងក្រីក្រនៃផលិតផល ដូចជា បន្លែ មាន់ស្រែ ស្រូវ ដំឡូវមី និងសូត្រឆៅ និងស្នើសុំឱ្យក្រុមហ៊ុន AEON របស់ជប៉ុន ពិនិត្យលទ្ធភាពដាក់លក់ផលិតផល របស់គម្រោង AIMS នៅទីផ្សាររបស់ខ្លួនផងដែរ៕






