វិភាគ៖ តើ​ការជ្រៀតជ្រែក​របស់​អាមេរិក​លើ​កិច្ចការ​ផ្ទៃក្នុង​ចិន​ជា​មូល​ហេតុដែល​ចិនដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក?

0

ដោយៈ​ប៊ី

អន្តរជាតិៈ លោក ចាវ លី​ចៀន (Zhao Lijian) អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នឹងដាក់​ទណ្ឌកម្ម ទៅលើ​ក្រុមហ៊ុន និង​បុគ្គល​មួយចំនួន​នៅ​សហរដ្ឋអាមេរិក ដែល​ពាក់ព័ន្ធ​នឹង​ការលក់​សព្វាវុធ​ឲ្យ​កោះ​តៃវ៉ាន់។

លោក Zhao បាន​ថ្លែងថា “រដ្ឋាភិបាល​ចិន​បានសម្រេច​ថា នឹង​ចាត់វិធានការ​ចាំបាច់ ដើម្បី​ដាក់ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន ដែល​ចូលរួម​ពាក់ព័ន្ធ​ក្នុង​ការលក់​អាវុធ របស់​សហរដ្ឋអាមេរិក​ឲ្យ​ទៅ​តៃវ៉ាន់ ក្នុងនោះ​រួមមាន​ក្រុមហ៊ុន Lockheed Martin ក្រុមហ៊ុន Boeing Defense និង​ក្រុមហ៊ុន Raytheon ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​របស់​ប្រទេស​ចិន» ។

ក្រុមហ៊ុន​ទាំង៣នេះ សុទ្ធតែជា​ក្រុមហ៊ុន​ផលិត​សព្វាវុធធំៗ បំផុត​របស់​សហរដ្ឋ​អាមេរិក។

លោក Zhao បាន​ថ្លែងថា ក្រុមហ៊ុន និង​បុគ្គល​អាមេរិក​ផ្សេងទៀត ដែលមាន​ប្រវត្តិ​មិនល្អ​ក្នុង​ការលក់​សព្វាវុធ ក៏​នឹងត្រូវ​រង​ទណ្ឌកម្ម​ដូចគ្នា​ផងដែរ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​រួប​នេះ​មិនបាន​បញ្ជាក់ថា មាន​ចំនួន​ប៉ុន្មាន​ឲ្យ​ច្បាស់លាស់​នោះឡើយ។

សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី២១ខែតុលា បានអនុញ្ញាត​ចំពោះ គម្រោង​ប្រព័ន្ធ​សព្វាវុធ​ចំនួន៣ឲ្យ​ទៅ​កោះ​តៃវ៉ាន់ រួមមាន​ដូចជា ប្រព័ន្ធ​ចាប់​សញ្ញា​សិន​ស័​រ (Sensor)ប្រព័ន្ធ​មី​ស៉ី​ល និង​ប្រព័ន្ធ​កាំភ្លើង​ធំ​ដែលមាន​តម្លៃ​សរុប រហូតដល់១.៨ពាន់​លាន​ដុល្លារ។

ពេលនោះ​ចិន​បាន​សម្តែង​ការជំទាស់​ជាខ្លាំង ហើយក៏​ព្រមាន​ពី​ការឆ្លើយតប​ចាំបាច់​ទៅវិញ​ផងដែរ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន ក្រសួងការបរទេស​ចិន​បាន​អះអាងថា ប្រទេស​ចិន​នឹងធ្វើ​ការឆ្លើយតប​ចាំបាច់ នៅពេលដែល​ស្ថានការណ៍​មាន​ការវិវឌ្ឍ បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​យល់ព្រម លើ​ការលក់​អាវុធ​ចំនួន១,៨ពាន់​លាន​ដុល្លារ​ទៅកាន់​កោះ​តៃវ៉ាន់។

សកម្មភាព​បែបនេះ បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ ទៅលើ​គោលការណ៍​ចិន​តែមួយ និង​សេចក្តីថ្លែងការណ៍​រួម​ប្រទេស​ចិន-សហរដ្ឋអាមេរិក​ចំនួន៣ ដែល​បង្ហាញ​ពីស​ញ្ញា​ខុសឆ្គង ដែល​ចាត់ទុក​កោះ​តៃវ៉ាន់ ជា​ប្រទេស​ឯករាជ្យ។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Zhao Lijian នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ប៉េកាំង។

លោក Zhao បាន​កត់សម្គាល់ថា “ប្រទេស​ចិន​បាន​ជំរុញ​ឱ្យ​ភាគី សហរដ្ឋអាមេរិក លុបចោល​ការលក់​អាវុធ និង​បញ្ឈប់​ការទាក់ទង​យោធា​ជាមួយ​កោះ​តៃវ៉ាន់” ។

ប៉ុន្មាន​ម៉ោង​ក្រោយ​ម ក​អ្នកនាំពាក្យ​ចិនដីគោក បាន​សម្តែង​ការប្រឆាំង​យ៉ាងខ្លាំង​ចំពោះ​សហរដ្ឋអាមេរិក ដែល​បានគ្រោង​លក់​អាវុធ​ទៅ​តំបន់​តៃវ៉ាន់ របស់​ប្រទេស​ចិន​ដោយ​ជំ​រុញឱ្យ​សហរដ្ឋអាមេរិក គោរព​តាម​គោលការណ៍​ចិន​តែមួយ និង​សេចក្តី​ថ្លែង​ការរួម​អាមេរិក-ចិន​ទាំង។

អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការ​កោះ​តៃវ៉ាន់ នៃ​ក្រុមប្រឹក្សារដ្ឋ លោក Zhu Fenglian បាន​និយាយថា យើង​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ មាន​សមត្ថកិច្ច​របស់​គណបក្ស​ប្រជាធិបតេយ្យ (DPP) នៅ​តៃវ៉ាន់ បញ្ឈប់​ទំនាក់​ទំនងជា​មួយ​សហរដ្ឋអាមេរិក តាម​គ្រប់​រូបភាព និង​ជៀសវាង​កុំ​ធ្វើដំណើរ​ទៅមុខទៀត ដើម្បី​ស្វែងរក​ឯករាជ្យ​តៃវ៉ាន់។

លើសពីនេះ ក្រសួងការពារជាតិ​ចិន​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ជំរុញ​យ៉ាងខ្លាំង​ដល់​សហរដ្ឋអាមេរិក ឱ្យ​បញ្ឈប់​ទំនាក់ទំនង​យោធា​ជាមួយ​កោះ​តៃវ៉ាន់ និង​ដោះស្រាយ​ដោយ​ប្រយ័ត្នប្រយែង​នូវ​បញ្ហា ដែល​ទាក់ទង​នឹង​កោះ​តៃវ៉ាន់ ដើម្បី​ជៀសវាង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ទំនាក់ទំនង​ទ្វេភាគី និង​យោធា​រវាង​ចិន និង​សហរដ្ឋអាមេរិក ក៏ដូចជា​សន្តិភាព​និ ង​ស្ថេរភាព​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់។

ក្រសួង​បាន​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ភាគី​ចិន​នឹង​ប្រយុទ្ធ​តប​វិញ ដោយ​ម៉ឺងម៉ាត់ ប្រសិនបើ​ភាគី​អាមេរិក មិន​អើពើ​នឹង​បទដ្ឋាន​ជា​មូលដ្ឋាន នៃ​ទំនាក់ទំនង​អន្តរជាតិ និង​បន្ត​មាន​អាកប្បកិរិយា​បែបនេះ។

ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បាន​ជូនដំណឹង​ជា​ផ្លូវការ​ទៅ​សភា អំពី​ការលក់​អាវុធ​ដែល​បាន​គ្រោងទុក​ទៅកាន់​កោះ​តៃវ៉ាន់​របស់​ប្រទេស​ចិន បើទោះបីជា​ប្រទេស​ចិន​បាន​ព្រមាន​ម្តង​ហើយ ម្តងទៀត​ដល់​សហរដ្ឋ​អាមេរិក ឱ្យ​បញ្ឈប់​កិច្ចព្រមព្រៀង​នេះ​ក៏ដោយ។

ដកស្រង់​សម្តី​មន្ទីរ​បញ្ច​កោណ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​របា​ន​និយាយថា ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បាន​យល់ព្រម​លើ​សក្តានុពល នៃ​ការលក់​ប្រព័ន្ធ​អាវុធ​ចំនួន៣ ទៅ​កោះ​តៃវ៉ាន់​របស់​ប្រទេស​ចិន រួមមាន​ឧបករណ៍​ចាប់​សញ្ញា កាំជ្រួច​មី​ស៊ី​ល និង​កាំភ្លើង​ធំ​ដែល​អាចមាន​តម្លៃ​សរុប១,៨ ពាន់​លាន​ដុល្លារ។

កាលពី​សប្តាហ៍​មុន សេត​វិមាន បាន​អះអាងថា ពួកគេ​កំពុង​ឆ្ពោះទៅមុខ​ជាមួយនឹង​ការលក់​ឧបករណ៍​យោធា ទំនើប​ចំនួន៥ដាច់ដោយឡែក​ពីគ្នា ទៅកាន់​កោះ​នេះ ដែលមាន​តម្លៃ​សរុប​ប្រហែល៥ពាន់​លាន​ដុល្លារ។

ប្រភព​បាន​និយាយថា ស្ថានីយ៍​មី​ស៊ី​ល​ចំនួន១០០ និង​មី​ស៊ី​ល៤០០គ្រាប់​នឹងត្រូវ​ចំណាយ​ថវិកា​ប្រមាណ២ពាន់​លាន​ដុល្លារ ។

ការជូនដំណឹង​ជា​ផ្លូវការ​ផ្តល់ឱ្យ​សភា រយៈពេល៣០ថ្ងៃ ដើម្បី​ជំទាស់​ទៅនឹង​ការលក់​ណាមួយ ប៉ុន្តែ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​បាន​និយាយថា ការណ៍​នេះ​ទំនងជា​មិនមាន​ការគាំទ្រ​ទ្វេភាគី​ចំពោះ​កោះ​តៃវ៉ាន់​ឡើយ។

ប្រទេស​ចិន បាន​ព្រមាន​ម្តង​ហើយ​ម្តងទៀត ដល់​សហរដ្ឋអាមេរិក កុំ​ឲ្យ​មាន​ការលក់​អាវុធ ខណៈដែល​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ ស្ថិតក្នុង​ស្ថានភាព​តានតឹង ចាប់តាំងពី​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ១៩ ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Zhao Lijian បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ការលក់​អាវុធ​របស់​សហរដ្ឋអាមេរិក ទៅកាន់​កោះ​តៃវ៉ាន់​របស់​ប្រទេស​ចិន បានធ្វើឱ្យ​ខូចខាត​ដល់​អធិបតេយ្យភាព និង​ផលប្រយោជន៍​សន្តិសុខរ​បស់​ចិន​យ៉ាងធ្ងន់ធ្ងរ។

សហរដ្ឋអាមេរិក​កំពុង​រំលោភ​យ៉ាងធ្ងន់ធ្ងរ លើ​គោលការណ៍​ចិន​តែមួយ និង​បទ​ប្បញ្ញត្តិ​នៃ​សេចក្តីថ្លែងការណ៍​ប្រទេស​ចិន-សហរដ្ឋអាមេរិក​ទាំង​បី។

លោក Zhao បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន ប្រចាំ​ថ្ងៃមួយ​កាលពី​ថ្ងៃទី ១៣ ខែតុលា​ថា សេចក្តីថ្លែងការណ៍​រួម​រួមគ្នា ជាពិសេស​គឺ​សេចក្តីថ្លែងការណ៍​ថ្ងៃទី ១៧ ខែសីហា​ដោយ​ការលក់​អាវុធ​ទៅ​កោះ​តៃវ៉ាន់ គឺជា​ការជ្រៀតជ្រែក​យ៉ាងខ្លាំង នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន។

លោក​បាន​ទទូច​ដល់​សហរដ្ឋអាមេរិក ឱ្យ​លុបចោល​ការលក់ ដែល​បាន​គ្រោងទុក ហើយ​បាន​ព្រមាន​ថា ប្រទេស​ចិន​នឹងធ្វើ​ការឆ្លើយតប​ស្របច្បាប់ និង​ចាំបាច់​ស្របតាម​ស្ថានភាព​ជាក់ស្តែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here