ដោយ:គង់ សូរិយា
ភ្នំពេញ: ស្ថាប័នចំនួនពីរគឺ Impact Hub Phnom Penh និង Swissconact បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់រួមគ្នាមួយ ស្តីពីប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅភ្នំពេញ ដើម្បីផ្តល់ឱកាសដល់ស្ថាប័នពាក់ព័ន្ធទាំងឡាយ ឱ្យយល់ច្បាស់ពីស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធនេះ និងចូលរួមផ្តល់នូវធាតុចូលបន្ថែម ដើម្បីជួយកែលម្អចក្ខុវិស័យរួមរបស់យើងសម្រាប់ថ្ងៃអនាគត។

លោក ខេវិន រ៉ប់ប៊ីនស៍ នាយករង Swissconact ប្រចាំកម្ពុជាបានមានប្រសាសន៍ ឱ្យដឹងថា តាមរយៈការងារនៅទូទាំងពិភពលោក ស្វីសខន់ថាក់ បានមើលឃើញពីសក្តានុពលរបស់ភាពជាសហគ្រិន ដែលជាកម្លាំងដ៏វិជ្ជមានមួយ សម្រាប់ចូលរួមក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច បរិស្ថាន និងសង្គម។
លោកបន្តថា “សិក្ខាសាលានេះ ជាឱកាសមួយ ដើម្បីចូលរួមចែករំលែកលទ្ធផលដំបូងនៃការសិក្សា ក៏ដូចជាធ្វើការប្រមែប្រមូលធាតុចូល និងចំណេះដឹងសំខាន់ៗបន្ថែមទៀតពីអ្នកចូលរួមទាំងអស់ ដែលញ៉ាំងឱ្យលទ្ធផលនៃការសិក្សានេះ កាន់តែមានសុក្រឹតភាព ដើម្បីយកទៅផលិតជារបាយការណ៍ចុងក្រោយ ដែលនឹងត្រូវបានធ្វើការផ្សព្វផ្សាយជាសាធារណៈនៅក្នុងខែវិច្ឆិកាខាងមុខ” ។
ជាមួយគ្នានេះ លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរបានលើកឡើងថា ក្នុងនាមស្ថាប័នប្រតិបត្តិករមួយ ក្រោមការគាំទ្ររបស់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហគ្រិនខ្មែរមានចក្ខុវិស័យ ក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់គ្រប់សកម្មភាពរបស់រិស័យសហគ្រិនភាពនៅកម្ពុជា។
លោកបន្តថា “ការពិគ្រោះយោបល់នៅក្នុងសិក្ខាសាលាថ្ងៃនេះ ធ្វើឡើងដើម្បីស្វែងយល់ពីទំនាក់ទំនងទាំងឡាយ នៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព របស់សហគ្រិនភាព” ។

កាលពីខែមេសាកន្លងទៅ Urban Hub Phnom Penh និង Swissconact បានធ្វើការសិក្សារួមមួយដោយប្រើប្រាស់ ឧបករណ៍អង្កេតវិភាគលើបណ្តាញសង្គម (Social Network Analysis Survey Tool) ក្នុងការប្រមូលព័ត៌មានអំពីអ្នកពាក់ព័ន្ធ និងស្ថាប័នទាំងឡាយ ដែលធ្វើការក្នុងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពនៅភ្នំពេញ។ គម្រោងនេះជាផ្នែកមួយនៃកម្មវិធីសកល ដែលធ្វើឡើងក្នុងគោលបំណង ដើម្បីកំណត់ឱ្យបាននូវការអនុវត្តល្អៗ នៅក្នុងការលើកកម្ពស់សហគ្រិនភាព និងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅក្នុងប្រទេសចំនួន៦ រួមមាន៖ប្រទេសកម្ពុជា ហ្គាតេម៉ាឡា ពេរូ រវ៉ាន់ដា អ៊ូហ្គាន់ដា និងប្រទេសវៀតណាម៕







