ដោយយិន លាងគង់ស្ថាបនិកនិងជាអគ្គនាយកPropertyarea.asia
ភ្នំពេញៈ តើសុទិដ្ឋិនិយមកំពុងកើតមានឡើង? បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចសាកលទំនងជាធូរស្រាល ខណៈមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា ត្រូវបានធនាគារពិភពលោកអះអាងថា បានចាប់ផ្តើមវិលត្រលប់មករកភាពប្រក្រតីវិញ។
ប៉ុន្តែដើម្បីឲ្យវិស័យនេះរីកចម្រើន ទាមទារកត្តាជាច្រើនទៀត ព្រោះវិស័យនេះត្រូវការទុនវិនិយោគច្រើន ពិសេសលំហូរទុនវិនិយោគផ្ទាល់ពីបរទេស។
មុននិយាយដល់ការងើបឡើងវិញលឿនកម្រិតណា យើងត្រូវសិក្សាលើកំលាំងចលករមួយចំនួនសិន ដើម្បីធ្វើឲ្យប្រាកដថាវិស័យនេះពិតជាមានសុខភាពរ៉ឹងមាំឡើងវិញ។
វិស័យវាយណភ័ណ្ឌកាត់ដេរនិងស្បែកជើង
ការរីករាលដាលដ៏អាក្រក់នៃវិបត្តិជំងឺCovid-19 បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកក្រឡាប់ចក្រ ដែលអ្វីៗមានសភាពអាក្រក់ជាងវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាកលឆ្នាំ២០០៨ជាង១០ដងឬលើសពីនេះ។
វិបត្តិនេះ បានជះឥទ្ឋិពលអាក្រក់ដល់វិស័យនេះនៅកម្ពុជា ដោយរោងចក្រ សហគ្រាសជាច្រើនបានបិទទ្វារ ហើយកម្មករ និយោជិតកម្ពុជាប្រមាណ៣០ម៉ឺននាក់បានបាត់បង់ការងារ។
ជាមួយនឹងការពឹងផ្អែកលើទីផ្សារធំៗចំនួនពីរគឺទីផ្សារអឺរ៉ុប និងអាមេរិក វិស័យនេះត្រូវការពេលវេលាបន្ថែមទៀត ដើម្បីរីកចម្រើនឡើងវិញដូចប្រក្រតី ដោយសារបច្ចុប្បន្ន នេះបណ្តាប្រទេសជាង២០នៅអឺរ៉ុប កំពុងប្រឈមមុខនឹងសម្ភាធកើនឡើងនៃការរីករាលដាលមេរោគCovid-19នៅឡើយ ពិសេសកាលពីសប្តាហ៍មុនប្រទេសបារាំង និងអាល្លឺម៉ង់ ដែលមានសេដ្ឋកិច្ចធំជាងគេ នៅក្នុងសហគមន៍អឺរ៉ុប បានប្រកាសបិទទ្វារប្រទេសឡើងវិញ។
ស្ថានភាពដ៏អាក្រក់នេះ មិនទាន់គិតពីការមកដល់នូវរដូវរងាដ៏ត្រជាក់ ដែលនឹងចូលមកដល់នៅពេលខាងមុខនៅឡើយទេ។
ទោះជាយ៉ាងណាទីផ្សារអាមេរិក ក៏មានសញ្ញាវិជ្ជមាន ដោយសារការនាំចេញស ម្លៀកបំពាក់ និងផលិតផលធ្វើដំណើរពីកម្ពុជា ទៅកាន់ប្រទេសសេដ្ឋកិច្ចលើពិភពលោកនេះ សម្រេចបានកំនើន២២ភាគរយ ដោយទំហំទឹកប្រាក់បានកើនដល់ជិត៤៣០០លានដុល្លារអាមេរិក។
វិស័យកសិកម្ម
ជាមួយនឹងវិបត្តិ ឳកាសក៏បានកើតឡើងផងដែរ ដោយវិស័យកសិកម្មកម្ពុជាមានការរីកចម្រើនក្នុងកម្រិតគួរឲ្យរីករាយ ប៉ុន្តែជាអកុសលវិបត្តិទឹកជំនន់ បានបំផ្លាញក្តីសង្ឃឹមរបស់កសិករជាច្រើន ដោយស្រូវជាង៣០,០០០ហិកតាបានរងផលប៉ះពាល់ ក្នុងនោះស្រូវជាង ៦០០០ហិកតា និងបន្លែបង្ការរាប់ពាន់ហិកតាបានរងការខូចខាត។
យ៉ាងណាអ្នកជំនាញផ្នែកកសិកម្មបាននិយាយថា ការជន់លិចស្រូវដោយទឹកជំនន់អាចជាឳកាសទៅវិញទេ ដោយសារក្រោយទឹកជំនន់ស្រូវនឹងល្អឡើងវិញទ្វេរដង ដោយលោកបានលើកឡើងនូវពាក្យពុំនោលថា “រាំងមួយក្បង់ លង់មួយថាំង”។
យ៉ាងណាក៏ដោយវិស័យកសិកម្ម នៅតែជាមូលដ្ឋាននៃការស្តារសេដ្ឋកិច្ចជាតិ ដោយបច្ចុប្បន្នប្រជាពលរដ្ឋប្រមាណ៦០ភាគរយ នៅប្រកបរបរកសិកម្ម ដែលចំនួននេះបានធ្លាក់ចុះ ដោយសារការរីកចម្រើននៃសេដ្ឋកិច្ចសង្គម ពិសេសការទាញយកតម្លៃបន្ថែមពីវិស័យនេះនៅមានកម្រិត។
វិស័យទេសចរណ៍
ការមកដល់នៃមេរោគCovid-19 បានសម្លាប់វិស័យទេសចរណ៍នៅទូទាំងពិភពលោករួមទាំងកម្ពុជា ដោយសារការបិទជើងហោះហើរ ពីបណ្តាប្រទេសនានាមកកាន់កម្ពុជា និងការភ្ជាប់ជើងហោះហើរពីកម្ពុជាទៅកាន់បរទេស។
ប៉ុន្តែយ៉ាងណាក៏ដោយ ការដើរលំហែរកំសាន្តរបស់ប្រជាពលរដ្ឋក្នុងស្រុក បានធ្វើឲ្យវិស័យនេះមានសកម្មភាពខ្លះ ដោយរយៈពេល៩ចខែកន្លងមក ភ្ញៀវទេសចរណ៍ក្នុងស្រុកប្រមាណ៧លាននាក់បានដើរកំសាន្តនៅទូទាំងប្រទេស និងមានភ្ញៀវអន្តរជាតិប្រមាណ១លាននាក់បានមកទស្សនាកម្ពុជា(ភាគច្រើនមកមុនវិបត្តិសាកល)។
អ្នកជំនាញទេសចរណ៍បានលើកឡើងដោយអស់សង្ឃឹមថា វិស័យនេះត្រូវការរយៈពេលវែងតទៅទៀត ដើម្បីឲ្យអ្វីៗវិលមករកភាពប្រក្រតីវិញ ជាក់ស្តែងក្នុងកំឡុងពេលឈប់សំរាកកាលពីចុងសប្តាហ៍មុន ភ្ញៀវក្នុងស្រុកដើរកំសាន្តនៅតាមប៉ូសទេសចរណ៍សំខាន់ៗបានធ្លាក់ចុះប្រមាណ៥០ភាគរយ ធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំមុន។
ជាមួយនឹងការធ្លាក់ចុះជាប្រវត្តិសាស្រ្ត និងអាក្រក់បំផុតមិនធ្លាប់មាននេះ បានធ្វើឲ្យក្រុងសៀមរាបដ៏ល្បីល្បាញរបស់កម្ពុជា ជួបនូវវិបត្តិ ដោយសណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាននានាបានបិទទ្វារស្ទើរទាំងស្រុង។
បុគ្គលិក ដែលបំរើការងារក្នុងវិស័យបដិសណ្ឋារកិច្ចនេះ បានបាត់បង់ការងារប្រមាណ៦០,០០០នាក់។
វិស័យសំណង់ និងអចលនទ្រព្យ
វិស័យនេះបាន និងកំពុងផ្លាស់ប្តូរមុខមាត់របស់ប្រទេស ហើយកេរ្ត៍ឈ្មោះកម្ពុជាបានលេចត្រដែតលើឆាកអន្តរជាតិ ដោយលំហូរទុនវិនិយោគរាប់ពាន់លានដុល្លារបានហូរចូលកម្ពុជា ពិសេសការវិនិយោគពីអ្នកវិនិយោគក្នុងស្រុកផងដែរ។
ជាក់ស្តែងត្រឹមរយៈពេល៩ខែដើមឆ្នាំនេះ ទុនវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិបានហូរចូលក្នុងវិស័យនេះ មានទឹកប្រាក់ជាង២៣០០លានដុល្លារ ជាចំនួនទឹកប្រាក់ធំមួយ ប៉ុន្តែទំហំទឹកប្រាក់នេះបានថយចុះច្រើន ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាមួយនឹងភាពកលយុគនៃសេដ្ឋកិច្ចសាកលនេះ សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះមិនធ្លាប់មាន ហើយវិស័យសំណង់ និងអចលនទ្រព្យបានធ្លាក់ចុះ គំរោងធំៗជាច្រើនបានព ន្យាពេលសាងសង់។
យ៉ាងណាក៏ដោយអ្នកជំនាញជាតិ អន្តរជាតិបានចាប់ផ្តើមមើលឃើញថា វិស័យសំណង់ និងអចលនទ្រព្យ បានចាប់ផ្តើមមានសញ្ញាល្អប្រសើរឡើងវិញ នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ ស្របពេលធនាគារពិភពលោករកឃើញថា វិស័យសេដ្ឋកិច្ចកម្ពុជាបានវិលមករកភាពប្រក្រតី ខណៈការព្យាករណ៍សេដ្ឋកិច្ចរបស់រដ្ឋាភិបាល សំរាប់ឆ្នាំក្រោយបានរំពឹងថា កម្ពុជានឹងសម្រេចបានកំនើនសេដ្ឋកិច្ច៣,៥ភាគរយ ខណៈស្ថាប័នអន្តរជាតិធំៗដូចជា ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានក្នុងរង្វង់៥ភាគរយ សំរាប់ឆ្នាំ២០២១ខាងមុខ។
ផ្នែកសំខាន់ៗនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលគេមើលឃើញមានភាពរីកចម្រើនសំរាប់ឆ្នាំ២០២១ រួមមានវិស័យលំនៅដ្ឋាន ការិយាល័យ ខុនដូ និងដីធ្លីនៅតំបន់មួយចំនួន។
ហេតុនេះការរីកចម្រើនវិស័យនេះនៅឆ្នាំ២០២១ ច្បាស់លាស់ណាស់នឹងមានភាពប្រសើរឡើង បើធៀបនឹងឆ្នាំនេះ ប៉ុន្តែកម្រិតសន្ទុះលឿនកម្រិតណា វាអាស្រ័យលើពិភពលោក វាអាស្រ័យលើការបញ្ចេញវ៉ាក់សាំងរបស់ប្រទេសនានា វាក៏អាកស្រ័យលើស្ថានភាពភូមិសាស្រ្តនយោបាយពិភពលោក ពិសេសមហាយក្សសេដ្ឋកិច្ចអាមេរិក និងចិនអាចចាប់ដៃគ្នាសហការ ឬត្រូវបន្តឡើងកំដៅថែមមួយកម្រិតទៀត។
វាំងននបើកសំរាប់សេដ្ឋកិច្ចកម្ពុជា
ទោះបីជាសេដ្ឋកិច្ចពិភពលោក មិនទាន់ដំណើរការល្អប្រសើរក្តី ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាកំពុងមានសញ្ញាវិជ្ជមាន ដោយសារកាលានុវត្តន៍ភាពថ្មីមួយបានបើកសំរាប់កម្ពុជា ក្នុងការបង្ហូរទំនិញទៅកាន់បរទេស ពិសេសប្រទេសចិន ដែលកម្ពុជា និងចិនបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយកិច្ចព្រមព្រៀងនេះនឹងចូលជាធរមាននៅថ្ងៃទី១ មករា ឆ្នាំ២០២១ខាងមុខនេះ។
លើសពីនេះ មហិច្ឆតារបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីបាន និងកំពុងពង្រីកកាលានុវត្តន៍ភាព សំរាប់សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនធំធាត់បន្ថែមទៀត ដើម្បីសម្រេចចក្ខុវិស័យរបស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយនឹងការដាក់ចេញនូវផែនការយុទ្ឋសាស្រ្ត គោលនយោបាយត្រឹមត្រូវ និងចក្ខុវិស័យច្បាស់លាស់របស់រដ្ឋាភិបាល បច្ចុប្បន្នកម្ពុជាក៏បានកំពុងឈានទៅបញ្ចប់ការចចាពាណិជ្ជកម្មសេរីជាមួយប្រទេសកូរ៉េខាងត្បូង និងគ្រោងចចារជាមួយប្រទេសជាច្រើនទៀត ពិសេសការសមាហរណកម្មខ្លួនឯងចូលទៅក្នុង “ប្លុកកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់”(RCEPT) ដែលប្លុកនេះមានទំហំពាណិជ្ជកម្មស្មើនឹងជាង៤០ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក។
សេដ្ឋវិទូកម្ពុជាបានមើលឃើញថា កម្ពុជានឹងក្លាយជាHubមួយ សំរាប់ទំនិញរបស់ចិន ធ្វើការចែកចាយទៅកាន់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន ហើយកម្ពុជានឹងក្លាយជាទីតាំងដ៏សំខាន់សំរាប់មូលដ្ឋានផលិតកម្ម សំរាប់នាំចេញទៅកាន់ប្រទេសចិន។ ជាពិសេសក្រុមហ៊ុនធំៗជាច្រើនទៀត មកពីសហរដ្ឋអាមេរិក អឺរ៉ុបនឹងចូលមកកាន់កម្ពុជា ដើម្បីធ្វើការនាំចេញទៅកាន់ប្រទេសចិន។
ហេតុដូច្នេះការរីកចម្រើននៃវិស័យសំណង់ និងអចលនទ្រព្យកំពុងមានសញ្ញាល្អប្រសើរនិងស្នាមញញឹម ខណៈវិស័យដទៃទៀត កំពុងចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានប ណ្តើរៗជាមួយនឹងគោលនយោបាយច្បាស់លាស់ ចក្ខុវិស័យវែងឆ្ងាយរបស់រដ្ឋាភិបាលនឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាបន្តឈានឡើង ក្នុងបរិបទថ្មីនៃភាពប្រកួតប្រជែង និងការបើកចំហ៕