តម្លៃដីជាមធ្យមនៅក្នុងប្រទេសជប៉ុនកើនឡើងយ៉ាងគំហុក ខណៈលំហូរ FDI និងភ្ញៀវទេសចរណ៍បរទេសកើនឡើង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញថា គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ តម្លៃដីជាមធ្យមនៅក្នុងប្រទេសជប៉ុន បានកើនឡើង១,៥ភាគរយបើធៀបនឹងឆ្នាំមុន។ តួលេខនេះជាកំណើនខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ១៩៩២។

យោងតាមកាសែត Nikkei Asia បានចុះផ្សាយថា កំណើននៃតម្លៃដីធ្លីនៅប្រទេសមហាអំណាចអាសុីមួយនេះត្រូវបានជំរុញដោយតម្រូវការនៃការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាន និងលំហូរភ្ញៀវទេសចរណ៍អន្តរជាតិ។

តម្លៃ​ដីនៅប្រទេសជប៉ុនបាន​កើន​ឡើង​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ជាប់​គ្នា​ ស្រប​ពេលលំហូរ​វិនិយោគ​ផ្ទាល់ពី​បរទេស​(FDI)ចូលប្រទេសជប៉ុនកើនឡើង គួបផ្សំនឹងការដាំក្បាលចុះនៃតម្លៃ​ប្រាក់​យ៉េន។

ដោយឡែក តម្លៃដីពាណិជ្ជកម្មនៅប្រទេសជប៉ុនបានកើនឡើង២,៨ភាគរយ ស្របពេលមានការបើកដំណើរការសណ្ឋាគារ និងហាងលក់រាយថ្មីៗនៅក្នុងទីក្រុងធំៗ ដោយសារការកើនឡើងនៃលំហូរភ្ញៀវទេសចរណ៍បរទេស។

មន្ត្រីមួយរូបមកពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុនបានលើកឡើងថា “បច្ចុប្បន្ន ការវិនិយោគផ្ទាល់ពីបរទេសលើទីផ្សារខុនដូនៅចំកណ្តាលទីក្រុងតូក្យូ តំបន់រមណីយដ្ឋាននៅកោះហុកកៃដូស្ថិតនៅភាគខាងជើងនៃប្រទេសជប៉ុនកំពុងកើនឡើង”។

តម្លៃដីលំនៅដ្ឋានបានកើនឡើង១ភាគរយ ដោយសារភាពរឹងមាំនៃតម្រូវការលំនៅដ្ឋាននៅក្នុងតំបន់ទីក្រុងធំៗ ជាពិសេសទីក្រុងតូក្យូ និងតំបន់រមណីយដ្ឋានល្បីៗផ្សេងទៀតរបស់ប្រទេសជប៉ុន៕ប្រភព: Nikkei Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here