បណ្តាក្រុមហ៊ុនអចលនទ្រព្យកូរ៉េខាងត្បូងស្វែងរកហិរញ្ញប្បទានពីបរទេស ខណៈធនាគារក្នុងស្រុករឹតបន្តឹងការផ្តល់កម្ចី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Korea Times បានចុះផ្សាយថា បណ្តាក្រុមហ៊ុនអចលនទ្រព្យនៅក្នុងប្រទេសកូរ៉េខាងត្បូងកំពុងស្វែងរកហិរញ្ញប្បទានថ្មីពីក្រៅប្រទេស ខណៈធនាគារក្នុងស្រុករបស់កូរ៉េខាងត្បូងបានកាត់បន្ថយការផ្តល់ប្រាក់កម្ចី ដើម្បីបង្កើនប្រសិទ្ធភាពផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។

លោក Matthew Sohn នាយកប្រតិបត្តិនៃក្រុមហ៊ុន CapitaLand Investment Korea បានលើកឡើងថា“បច្ចុប្បន្ននេះ ធនាគារនានារបស់ប្រទេសកូរ៉េខាងត្បូងប្រឈមមុខនឹងបញ្ហាបំណុល ដោយសារទីផ្សារអចលនទ្រព្យធ្លាក់ចុះ។ការណ៍នេះជំរុញឱ្យបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យងាកទៅរកកញ្ចប់ឥណទានពីក្រៅប្រទេស”។

និន្នាការនេះបានកើតមានឡើង ស្របពេលដែលទីផ្សារអចលនទ្រព្យរបស់ប្រទេសកូរ៉េបន្តធ្លាក់ចុះ។ជាមួយគ្នានោះ ការផ្គត់ផ្គង់លំនៅដ្ឋានលើសតម្រូវការ និងការកើនឡើងនៃថ្លៃដើមសំណង់បានបង្កជាបញ្ហាប្រឈមសម្រាប់បណ្តាអ្នកអភិវឌ្ឍន៍។

ទំហំប្រាក់កម្ចីដែលមានបញ្ហា(Troubled loan) ក្នុងវិស័យអចលនទ្រព្យកូរ៉េខាងត្បូង បានហក់ឡើងដល់ចំនួន៦២១,១ពាន់លានវ៉ុន គិតនៅត្រឹមខែមិថុនា ឆ្នាំ២០២៥នេះ បើប្រៀបធៀបនឹងចំនួន៤១៩,៣ពាន់លានវ៉ុនកាលពីខែមិថុនា ឆ្នាំ២០២៤។

ទោះជាយ៉ាងណា តម្រូវការអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានគេរំពឹងថា នឹងបន្តមានស្ថិរភាព។ យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា ទំហំនៃការទិញ-លក់អចលនទ្រព្យពាណិជ្ជកម្មនៅឆ្នាំ២០២៥ នៅប្រទេសនេះនឹងស្ថិតក្នុងសភាពទ្រឹង ឬអាចកើនឡើងតិចតួច៕ប្រភព: Korea times៕

LEAVE A REPLY

Please enter your comment!
Please enter your name here