ដោយ ជីវី
ភ្នំពេញៈ អាជ្ញារខេត្តកែប គ្រោងនឹងពង្រីកតំបន់ឆ្នេរ និងទីតាំងលកដូររបស់អាជីវករនៅក្នុងឆ្នាំ២០២១ខាងមុខនេះ ខណៈទាំងតំបន់ឆ្នេរ និងតូបរបស់ប្រជាពលរដ្ឋមានសភាពតូច មិនឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

លោកសោម ពិសិដ្ឋ អភិបាលខេត្តកែបបានឱ្យដឹងនៅថ្ងៃទី២ ខែវិច្ឆិកានេះថា រដ្ឋបាលខេត្តមានផែនការពង្រីកតំបន់ឆ្នេរ និងទីតាំងសម្រាប់លក់ដូររបស់ពលរដ្ឋ ឱ្យមានទំហំជាងបច្ចុប្បន្ននេះ សម្រាប់ត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានកាន់តែច្រើនថែមទៀត។
លោកថ្លែងថា “យើងកំពុងមានគម្រោងរៀបចំទីតាំង និងជម្រើស ព្រោះខ្ញុំចូលចិត្តធ្វើអ្វីមួយដើម្បីឱ្យមានជម្រើស បើមានជម្រើសហើយមិនធ្វើតាម វាគឺជារឿងមួយផ្សេង ប៉ុន្តែបច្ចុប្បន្នខេត្តគ្មានទីតាំងអោយពលរដ្ឋដាក់លក់ដូរនោះទេ” ។ លោកនបន្ថែមថា “យើងកំពុងតែបង្កើតនូវគម្រោងថ្មី ដើម្បីធ្វើយ៉ាងម៉ិចនៅក្នុងឆ្នាំ២០២១ គឺពង្រីកនូវគោលដៅតំបន់ឆ្នេរ និងពង្រីកតំបន់លក់ដូររបស់អាជីវករផងដែរ” ។
លោកបញ្ជាក់ទៀថា រដ្ឋបាលខេត្ត ក៏កំពុងរុញការកែលម្អសោភ័ណភាព នៅតាមកន្លែងដែលលក់ដូតាំងពីទសវត្សរ៍៨០ ដែលកាលពីមុនវាសមស្រប ដែលអាចឱ្យមនុស្សអង្គុយនៅតាមការ៉ូឡា ក្រោមដើមឈើ និងកន្លែងឆ្នេរ គឺសមស្រប ប៉ុន្តែបច្ចុប្បន្ននេះ វាមិនសមស្របនោះទេ ដោយសារកត្តាសោភណភាព និងជម្រើស យើងត្រូវតែគិតគូរៀបចំធ្វើវា។
លោកបញ្ជាក់ទៀតថា “ក្រៅពីនេះក៏យើងមានគម្រោងរៀបចំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានស្អាត នៅក្នុងតំបន់ឆ្នេរនេះឲ្យបាន២០០០ម៉ែត្រ ខណៈខេត្តមានមានឆ្នេប្រវែងចំនួន ២៧គីឡូម៉ែត្រ ហើយមានកន្លែងលេងប្រមាណ៥០០ ដោយទៅមុខទៀត នឹងពង្រីក២០០ម៉ែត្រ ដោយត្រូវចាក់ខ្សាច់បន្ថែមទៀត។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបង្ហាញថា នៅក្នុងឱកាសឈប់សំរាកប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត៤ម៉ឺននាក់ ទៅដើរលេងកម្សាន្តនៅក្នុងខេត្តកែប៕






