រដ្ឋាភិបាល​ចំណាយ​ថវិកា​ចំនួន ១៩២លាន​ដុល្លារ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធក្នុង​ខេត្ត​ចំនួន១០

0

ដោយ ហ្សូ​លី

ភ្នំពេញៈ ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ចំនួន១០ ដែល​រង​ការខូចខាត ត្រូវបាន​រដ្ឋាភិបាល​គិតគូរ​កែលម្អ​ឡើងវិញ ដោយ​ចំណាយ​ទឹកប្រាក់​ប្រមាណ ១៩២លាន​ដុល្លារ​អាមេរិក។ នេះ​បើតាម​ការអះអាង​របស់​ក្រសួង​អភិវឌ្ឍ​ជនបទ។

រដ្ឋលេខាធិការ​នៃ​ក្រសួង​អភិវឌ្ឍ​ជនបទ លោក​សួស គង់​បាន​ថ្លែងប្រាប់​ឱ្យដឹងថា ក្រសួង​អភិវឌ្ឍន៍ជនបទ កំពុងដំណើរការ​សក​ម្ម​ភាព​កែលម្អ​ផ្លូវ​ជនបទ ពី​ក្រាល​ក្រួស​ក្រហម ឲ្យ​ទៅជា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ DBST និង​ផ្លូវ​ក្រាល​បេតុង​ប្រវែង១.២០០ គ.ម នៅ​ខេត្ត​គោលដៅ​ចំនួន១០ ។

លោក​បន្តថា ខេត្ត​ទាំងនោះ​រួមមាន​ដូចជា ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិសាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និង​ខេត្តតាកែវ សម្រាប់​រយៈពេល​ពី​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០២០ ។

បើតាម​ការបញ្ជា​ក់រប​ស់លោ​កសួស គង់ គម្រោង​នេះ ប្រើប្រាស់​ថវិកា​ប្រមាណ​ជាង ១៩២លាន​ដុល្លារ​អាមេរិក ដែលជា​ឥណទាន និង​ជំនួយឥតសំណង មាន​ប្រភព​មកពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សាធារណរដ្ឋ​កូរ៉េ ធនាគារ KEXIM BANK សាធារណរដ្ឋ​បារាំង (AFD), ប្រទេស​អូស្ត្រាលី (GOA) មូលនិធិ​ន័​រ​ឌិ​ក (NDF) SCF និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា។

ក្រសួង​អភិវឌ្ឍន៍ជនបទ កំពុង​អនុវត្ត​គម្រោង​កែលម្អ​ផ្លូវ​ជនបទ ជំហាន​ទី២ (Rural Road Improvement Project II – RRIP II) ដោយ​កំពុងធ្វើការ​កែលម្អ​ផ្លូវ​ជនបទ​ប្រវែង ១២០០គីឡូម៉ែត្រ ក្នុង​ខេត្ត​ចំនួន១០ ដោយ​ប្រើប្រាស់​ថវិកា​ជាង១៩២ លាន​ដុល្លារ​អាមេរិក។

កាលពី​ថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ ២០២០កន្លងទៅនេះ លោក សួស គង់ បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ ដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាព នៃ​ការអនុវត្តន៍​គម្រោង​កែលម្អ​ផ្លូវ​ជនបទ ជំហាន​ទី២ (RRIP II) និង​លើក​វិធានការ​កែលម្អ​ដល់​អ្នកទទួល​ការសាងសង់​ដើម្បី​អនុវត្តន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here