វិវាទ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​កើតឡើង​រហូតដល់​ជាង១០១៦ករណី

0

ដោយៈ រ៉ា​ណេ​ត

ព្រះសីហនុៈ នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ដែល​កំពុង​ការអភិវឌ្ឍន៍​ទៅលើ​វិស័យ​សំណង់​យ៉ាង​ឆាប់រហ័ស និង​មាន​តម្រូវការ​ប្រើប្រាស់​ដី​យ៉ាងច្រើន បានកើត​មាន​វិវាទ​ដីធ្លី​របស់​ប្រជាពលរដ្ឋ រួមជាមួយ​នឹង​សំណើ​ពាក់ព័ន្ធ ទៅនឹង​ការគ្រប់គ្រង​របស់​ស្ថាប័ន​នានា​មាន​ចំនួន​រហូតដល់១០១៦ករណី ដែល​រហូតមក​ដល់ពេលនេះ រដ្ឋបាលខេត្ត​កំពុង​យកចិត្តទុកដាក់​ក្នុងការ​ដោះស្រាយ និង​សម្របសម្រួល។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា គិត​ត្រឹម​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្ត​ព្រះសីហនុ បានទទួល​ឯកសារ​ពាក់ព័ន្ធ​សំណើ​ដីធ្លី និង​វិវាទ​ដីធ្លី​មកពី​ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ មក​ដាក់ពាក្យ​ស្នើសុំ​នៅ​រដ្ឋបាលខេត្ត​មាន​ចំនួន ១០១៦ករណី។

លោក​បញ្ជាក់ថា ជាមួយនឹង​ការទទួលបាន​ពាក្យបណ្តឹង និង​សំណើ​ដោះស្រាយ​ទាំងនេះ រដ្ឋបាលខេត្ត​បាន​ឆ្លើយតប ទៅ​ម្ចាស់​សំណើ​បាន​ចំនួន១៨៣ករណី ធ្វើ​របាយការណ៍​ទៅ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន៦០ករណី។ បញ្ជូនទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជា​សមត្ថកិច្ច​ចំនួន៨៤ករណី ដោះស្រាយ និង​សម្របសម្រួល​ចប់​ចំនួន១៥ករណី។ សរុប​មាន​ចំនួន៣៤២ករណី ក្នុងនោះ​បណ្តឹង​មកពី​គណ:ក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស២ករណី ដោយ​ករណី​ទី១ ស្ថិតក្នុង​សមត្ថកិច្ច​តុលាការ ហើយ​ទី២ មន្ទីរ​បរិស្ថាន​កំពុង​ពិនិត្យ​ស្រាវជ្រាវ។

លោក​កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​កោតសរសើរ​ដល់​លោក​អភិបាលខេត្ត​ព្រះសីហនុ និង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ខិតខំ​បំពេញការងារ​សិទ្ធិមនុស្ស​បានល្អ​ក្នុង​ខេត្ត ថ្វីត្បិតតែ​ពាក់​ព​ន្ធ័​នឹង​បណ្តឹង​មានការ​កើនឡើង គឺ​មហាជន​មាន​ជំនឿ​ទុកចិត្ត​មកលើ​ការដឹកនាំ​របស់​រដ្ឋបាល​ខេត្ត ក្នុងការ​ដោះស្រាយ​ឆ្លើយតបបាន​ទាន់ពេលវេលា។

លោក​បាន​បន្តថា “ប្រទេសជាតិ​មាន​សន្តិភាព មានការ​អភិវឌ្ឍន៍ បញ្ហា​ទំនាស់​ដីធ្លី​វា​តែងតែ​កើតមាន​ជាក់​ជាមិនខាន” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here