ដោយៈ រ៉ាណេត
ព្រះសីហនុៈ នៅទូទាំងខេត្តព្រះសីហនុ ដែលកំពុងការអភិវឌ្ឍន៍ទៅលើវិស័យសំណង់យ៉ាងឆាប់រហ័ស និងមានតម្រូវការប្រើប្រាស់ដីយ៉ាងច្រើន បានកើតមានវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ រួមជាមួយនឹងសំណើពាក់ព័ន្ធ ទៅនឹងការគ្រប់គ្រងរបស់ស្ថាប័ននានាមានចំនួនរហូតដល់១០១៦ករណី ដែលរហូតមកដល់ពេលនេះ រដ្ឋបាលខេត្តកំពុងយកចិត្តទុកដាក់ក្នុងការដោះស្រាយ និងសម្របសម្រួល។

-->
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានទទួលឯកសារពាក់ព័ន្ធសំណើដីធ្លី និងវិវាទដីធ្លីមកពីស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ មកដាក់ពាក្យស្នើសុំនៅរដ្ឋបាលខេត្តមានចំនួន ១០១៦ករណី។
លោកបញ្ជាក់ថា ជាមួយនឹងការទទួលបានពាក្យបណ្តឹង និងសំណើដោះស្រាយទាំងនេះ រដ្ឋបាលខេត្តបានឆ្លើយតប ទៅម្ចាស់សំណើបានចំនួន១៨៣ករណី ធ្វើរបាយការណ៍ទៅក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៦០ករណី។ បញ្ជូនទៅស្ថាប័នពាក់ព័ន្ធ ដើម្បីជាសមត្ថកិច្ចចំនួន៨៤ករណី ដោះស្រាយ និងសម្របសម្រួលចប់ចំនួន១៥ករណី។ សរុបមានចំនួន៣៤២ករណី ក្នុងនោះបណ្តឹងមកពីគណ:កម្មាធិការសិទ្ធិមនុស្ស២ករណី ដោយករណីទី១ ស្ថិតក្នុងសមត្ថកិច្ចតុលាការ ហើយទី២ មន្ទីរបរិស្ថានកំពុងពិនិត្យស្រាវជ្រាវ។
លោកកែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានកោតសរសើរដល់លោកអភិបាលខេត្តព្រះសីហនុ និងសមត្ថកិច្ចពាក់ព័ន្ធ បានខិតខំបំពេញការងារសិទ្ធិមនុស្សបានល្អក្នុងខេត្ត ថ្វីត្បិតតែពាក់ពន្ធ័នឹងបណ្តឹងមានការកើនឡើង គឺមហាជនមានជំនឿទុកចិត្តមកលើការដឹកនាំរបស់រដ្ឋបាលខេត្ត ក្នុងការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា។

លោកបានបន្តថា “ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍន៍ បញ្ហាទំនាស់ដីធ្លីវាតែងតែកើតមានជាក់ជាមិនខាន” ៕