នៅពេលបច្ចុប្បន្ននេះ សកម្មភាពនៃការធ្វើជំនួញលើវិស័យដីធ្លី ដោយការពុះឡូត៍លក់ កំពុងតែកើតមានយ៉ាងផុលផុសស្ទើរគ្រប់ទីកន្លែង។ ជាមួយនឹងរូបភាពនៃការពុះដីឡូត៍លក់នេះផងដែរ គេក៏សង្កេតឃើញមានចំណុចល្អ និងចំណុចអាក្រក់កើតមានចំពោះអ្នកទិញ ត្រូវបានក្លាយខ្លួនជាជនរងគ្រោះ ក្រោមការចាញបោកពួកឈ្មួញខិលខូចផងដែរ។ បើដូច្នេះ តើអតិថិជនគួរពិចារណាទៅលើចំណុចអ្វីខ្លះមុនសម្រេចចិត្តទិញដើម្បីកុំអោយក្លាយទៅជាជនរងគ្រោះ ឬខាតបង់ ?
ជាមួយនឹងប្រធានបទដ៏សំខាន់មួយនេះ ក្រុមអ្នកជំនាញផ្នែកអចលនទ្រព្យដែលបានចងក្រងជាឯកសារ «ភាពវៃឆ្លាតក្នុងរឿងអចលនទ្រព្យ» បានលើកឡើងថា ៖ ចំពោះការទិញដីឡូត៍គឺមាន 2ប្រភេទ ។ សម្រាប់អ្នកដែលសល់លុយ ពួកគេទិញដីពុះឡូត៍លក់ដោយរំពឹងផលចំណេញពីការឡើងថ្លៃនៅពេលខាងមុខ។ ដោយឡែកសម្រាប់អ្នកដែលមានលុយតិចតួច ឬមានកម្រិតជីវភាពមធ្យម ពួកគេគិតថា ទិញដីយកទីតាំងទុកសម្រាប់សាងសង់ផ្ទះផ្ទាល់ខ្លួននៅពេលខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ មុននឹងសម្រេចចិត្តទិញដីពុះឡូត៍លក់ លោកអ្នកត្រូវតែសិក្សាឱ្យបានច្បាស់លាស់អំពីគម្រោងអភិវឌ្ឍដីឡូត៍នោះថាតើមានបណ្តាញអគ្គិសនី មានប្រពន្ធទឹកស្អាត មានប្រពន្ធលូបង្ហូរទឹកត្រឹមត្រូវស្របតាមគម្រោងប្លង់មេរបស់រដ្ឋាភិបាល និងផែនការកំណត់របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែរ ឬទេ ?
កន្លងមកធ្លាប់មានក្រុមហ៊ុនមួយចំនួនតូចបានរកស៊ីធ្វើជំនួញដីធ្លីបោកប្រាស់អតិថិជន ដោយគ្រាន់តែលើកស្លាក និងបំផុសបំផុលអំពីគម្រោងដីពុះឡូត៍របស់ខ្លួនដែលធ្វើឱ្យអតិថិជនជឿជាក់ទុកចិត្ត និងរំពឹងទុកថាជាគម្រោងរបស់រដ្ឋាភិបាល ដែលនឹងធ្វើការអភិវឌ្ឍន៍ ហើយខ្លះទៀតបញ្ឆោតថា ក្រុមហ៊ុនរបស់គេ នឹងធ្វើការអភិវឌ្ឍនៅនឹងតំបន់ដីឡូត៍របស់ខ្លួនតែម្ដង ប៉ុន្តែដល់ទីផុតជាក់ស្ដែង វាគ្រាន់តែជាការបោកប្រាស់ ដែលសូម្បីតែផ្លូវបេតុងមួយខ្សែក៏គ្មានផងនោះ ។ កត្តាទាំងអស់នេះហើយ ដែលធ្វើឱ្យឈ្មួញឆបោកកាន់តែរីកចម្រើន ចំណែកឯអតិថិជនក្រីក្រ ស្លូតត្រង់ក្លាយជាជនរងគ្រោះ រហូតមានអ្នកខ្លះត្រូវកប់លុយនៅក្នុងដីទុកចោលរហូតដល់10-20ឆ្នាំ នៅមិនទាន់អាចដកដើមយកមកវិញក៏មាន ហើយបើគិតពីអត្រាការប្រាក់វិញរឹតតែមានចំនួនច្រើន ។







