តើ Smart City មាន​លក្ខណៈពិសេស​ដូចម្តេច​ដើម្បី​ជួយ​លើក​កំពស់គុណភាព​ជីវិត?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការសាងសង់​ទីក្រុង​នៃ​សតវត្សរ៍​ទី២១ កាន់​តែមាន​ការគិតគូ​ពី​និរន្តរភាព​បរិស្ថាន ការកាត់បន្ថយ​ការបំពុល​ខ្យល់ និង​សម្លេង​យានយន្ត ដើម្បី​ធ្វើ​ឲ្យ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភា​ព​សុខដុម។

ជាមួយនឹង​ផែនការ​ថ្មី​របស់​រដ្ឋាភិបាល​ប្រទេស​និមួយៗ រួមទាំង​កម្ពុជា​កំពុង​គិតគូ​ផងដែរ​ពី​ការសាងសង់​ទីក្រុង Smart Cityនា​ថ្ងៃ​អនាគត និង​បាននិងកំពុង​ចាប់ផ្តើម​អនុវត្តន៍​ជា​បណ្តើរ។

ជាមួយនឹង​ការធ្វើ​ទំនើប​កម្មនេះ ទីក្រុង​រណប​ជ្រោយចង្វារ​ក៏​បាននិងកំពុង​គិ​ក​គូ​ពី ផែនការ​សាងសង់​ជាទី​ក្រុង Smart City ផងដែរ។

លោក​ទូច សំណាង​អគ្គនាយករង​ក្រុមហ៊ុន OCIC ដែល​កំពុង​វិនិយោគ​ទីក្រុង​រណប​ជ្រោយចង្វារ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពីដើម​សប្តាហ៍​មុន​ថា ទីក្រុង​នេះ​នឹង​រៀបចំឡើង​តាមបែប Smart City ដោយ​ប្រ​ព័​ន្ឋ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ត្រូវ​បានរៀបចំ​ជាពិសេស ដោយ​ខ្សែភ្លើង​នឹងត្រូវ​កប់​ក្រោម​ដី​ទាំងអស់ អំពូល​ភ្លើង​នឹង​ប្រើប្រាស់​ប្រភេទ​អំពូល LED ដែលមាន​ការបំពាក់​កាមេរ៉ា​និង​ទឹក​កខ្វក់​ទាំងអស់​ចេញពី​ទីក្រុង​នេះ នឹងត្រូវ​ឆ្លងកាត់​ការ​ចម្រោះ​ទាំងអស់​មុននឹង​បង្ហូរ​ចេញ។

អគ្គលេខាធិការរង​នៃ​គណៈ​ស្ថាបត្យករ​កម្ពុជា និង​ជា​ស្ថាបត្យករ​អាស៊ាន​លោក ទួ​ស សា​ភឿន​បាន​មានប្រសាសន៍ថា ទីក្រុង​ឆ្លាត​វៃ​តម្រូវ​ឲ្យ​មាន​ផែនការ​ធំ​ទូលាយ​សម្រាប់​ទីក្រុង​ទាំងមូល មិនមែន​ត្រឹម​ទីក្រុង​រណប​នោះទេ។ ទីក្រុង​ឆ្លាត​វៃ គួរតែមាន​ចន្លោះ​បៃតង ដូចជា សួនច្បារ​ដែល​ព័ទ្ធជុំវិញ​អគារ​សាធារណៈ ដើម្បីឱ្យ​មនុស្ស​អាច​សម្រាក និង​ទទួលបាន​ខ្យល់អាកាស​បរិសុទ្ធ។

លោក​បាន​បន្ថែមថា “ទីក្រុង​ឆ្លាត​វៃ​អាច​កើតឡើង​បាន​លុះត្រា​តែមាន មេដឹកនាំ​ពូកែ​ដែល​ធ្វើការ​លើ​ផែនការមេ​ដ៏​ទូលំទូលាយ​ក្នុងការ​អភិវឌ្ឍ ទីក្រុង​ពោលគឺ​មាន​ផែនការមេ​តាមផ្លូវ​ច្បាប់​ច្បាស់លាស់​ដែល​គ្រប់គ្រង​លើ ការប្រើប្រាស់​ដី​សំណុំបែបបទ ការ​រចនា ឬ ការប៉ុនប៉ង​គ្រប់គ្រង​លើ​ការអភិវឌ្ឍ​ទីក្រុង។លោក​បន្តថា “តំបន់នីមួយៗត្រូវតែកំណត់​ឲ្យ​បាន​ច្បាស់​ថា ជា​តំបន់​លំនៅឋាន ពាណិជ្ជកម្ម ឬ​ឧស្សាហកម្ម​ដែល​នឹង​អាច​ពង្រីក​ឱកាស​នៅក្នុង​ការអភិវឌ្ឍ​ទីក្រុង និង​ដែល​អាចជួយ​ដល់​ការរស់នៅ​របស់​ប្រជាជន នៅក្នុង​ទីក្រុង​កាន់តែ​ប្រសើរឡើង។

តាម​ការព្យាករណ៍​រប​ស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ឆ្នាំ២០៣០ខាងមុខ ប្រជាជន​ជិត៨លាន​នាក់​ត្រូវគេ​រំពឹងថា នឹង​រស់នៅក្នុង​ទីក្រុង ហើយ​ភាគច្រើន​នៃ​ពួកគេ​នឹង​មក​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ។

រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​លោក​សាស្ត្រាចារ្យ ភឿង សុ​ភ័​ណ្ឌ​បាន​ថ្លែងថា ការសាងសង់​អាគារធំៗ និង​ការគិតគូរ​ពី​បញ្ហា​បរិស្ថាន​ជាការ​ងារ​របស់​យើង ដែល​ត្រូវផ្តោត​យកចិត្តទុកដាក់​លើ​អ្វីដែល​គេ​ឲ្យ​ឈ្មោះថា Smart City ព្រោះ​ទីក្រុង​បែប​ឆ្លាត​វៃ​នេះ ទាមទារ​ការគិតគូរ​ច្រើនណាស់ ដើម្បី​សម្រេចបាន​នូវ​ស្តង់ដា​ទីក្រុង​មួយ ដែលមាន​ភាព​ទាក់ទាញ និង​ផ្តល់​ភាពសុខសាន្ត​ដល់​ប្រជាពលរដ្ឋ។

លោក​បន្តថា “ការសាងសង់​អាគារ​ត្រួវ​តែ​ធ្វើឡើង ដោយមាន​ទីធ្លា​បៃតង កន្លែង​លេង​កំសាន្ត ការទាញយក​ពន្លឺព្រះអាទិត្យ មក​ប្រើ​ជំនួស​ឬ​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​អគ្គិសនី ការដាំ​ដើមឈើ​ក្នុង​អាគារ និង​ប្រ​ព័​ន្ឋ​ចម្រោះ​ទឹក​កខ្វក់​ជាដើម សុ​ទ្ឋ​តែ​ជា​រឿង​ចាំបាច់ ដើម្បី​ធានា​និ​ន្ត​រ​ភាព​នៃ​ការអភិវឌ្ឍ ដោយ​ត្រូវគោរព​នូវ​ពាក្យស្លោក​ការអភិរក្ស ត្រូវ​ដើរ​ទន្ទឹមគ្នា​នឹង​ការ​អភិ​រ័ក្ស”៕

LEAVE A REPLY

Please enter your comment!
Please enter your name here