ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យយក្សមកពីប្រទេសចិន Prince Real Estate នឹងសាងសង់សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មខ្ពស់ជាងគេនៅរាជធានីភ្នំពេញ ដោយគម្រោងនេះគ្រោងចំណាយទឹកប្រាក់ជាច្រើនរយលានដុល្លារ។
អគ្គនាយកក្រុមហ៊ុន ព្រីនល៍ រៀលអ៊ីស្ទេត ខេមបូឌា អ៊ិនវេសម៉ិន លោក Li Min បានអោយដឹងនៅក្នុងពិធីបុណ្យអបអរថ្ងៃសែនព្រះខែថា ក្រុមហ៊ុន Prince Real Estate នឹងសម្រេចបោះទុនខ្ទង់លានដុល្លារបន្ថែម ដើម្បីសាងសង់គម្រោងទី២របស់ខ្លួន ដែលជាប្រភេទសណ្ឋាគារប្រណិតកម្ពស់ខ្ពស់ជាងគេក្នុងរាជធានីភ្នំពេញ ដែលគ្រោងនឹងចំណាយពេលប្រហែល៥ឆ្នាំ ដើម្បីបញ្ចប់គម្រោងនេះ។
លោកបានបន្តថា ការសម្រេចបោះទុនបន្ថែមដើម្បីសាងសង់គម្រោងទី២នេះ គឺដោយសារលោកមើលឃើញ វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាកំពុងមានសន្ទុះខ្លាំង ដែលនេះជាឱកាសដ៏ល្អសម្រាប់ការវិនិយោគទៅលើអគារកម្ពស់ខ្ពស់ៗ និងប្រណិតៗក្នុងប្រទេសកម្ពុជា។
-->

អគ្គនាយកក្រុមហ៊ុនខាងលើបានបន្ថែមថា គម្រោងសណ្ឋាគារកម្ពស់៦០ជាន់នេះ នឹងមានរួមបញ្ជូលទាំងមជ្ឍមណ្ឌលពាណិជ្ជកម្ម ខុនដូសម្រាប់លក់ កន្លែងកម្សាន្តផ្សេងៗ និងតំបន់ស្នាក់នៅពហុវិស័យផងដែរ ដើម្បីប្រែក្លាយតំបន់ដែលកំពុងមានសក្តានុពលមួយនេះ ឲ្យក្លាយទៅជាមជ្ឍមណ្ឌលពាណិជ្ជកម្មដ៏សំបូរបែបមួយក្នុងរាជធានីភ្នំពេញ។
លោក Li Min បានបន្តថា បើក្រឡេកមើលមកគម្រោងទី១របស់ក្រុមហ៊ុន Prince Real Estate វិញ បច្ចុប្បន្នបានបញ្ចប់ការសាងសង់ ក្នុងគ្រោងអគាររបស់ខ្លួនជាផ្លូវការហើយ ជាមួយនឹងការបញ្ជាទិញពីអតិថិជនរហូតដល់៧០%។
ទីផ្សារសណ្ឋាគារនៅកម្ពុជាកំពុងមានការរីកចំរើន ស្របពេលដែលការមកដល់របស់ភ្ញៀវទេសចរណ៍អន្តរជាតិកើនឡើងជារៀងរាល់ឆ្នាំ ដោយចំនួនសណ្ឋាគារល្បីៗជាច្រើនបាបង្ហាញវត្តមាននៅកម្ពុជា។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោក ស្រីឆាយ ស៊ីវលីន បានថ្លែងថា វិស័យឯកជនសូមស្វាគមន៍គំរោងវិនិយោគដ៏ធំនេះ ដែលគំរោងនេះនឹងជាការជួយទាក់ទាញ និងផ្តល់ទំនុកចិត្តបន្ថែមដល់អ្នកវិនិយោគផ្សេងៗទៀត ឲ្យមកបណ្តាក់ទុននៅកម្ពុជា ព្រោះមុនវិនិយោគពួកគេបានសិក្សាទីផ្សារ និងមើលឃើញសក្តានុពលដែលកម្ពុជាមានរួចហើយ ទើបពួកគេមកវិនិយោគនៅប្រទេសកម្ពុជា។
លោកស្រីបន្តថា “វិស័យសណ្ឋាគារនៅកម្ពុជាកំពុងមានការរីកចំរើន ដោយសារការកើនឡើងនូវចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ ដែលធ្វើពេលខ្លះយើងខ្វះបន្ទប់នៅរដូវបុណ្យទាននានា ប៉ុន្តែការវិនិយោគកំពុងកើនឡើងទាំងចំនួន និងស្តង់ដាសណ្ឋាគារដែលកាន់តែមានភាពប្រណីត និងស្តង់ដាអន្តរជាតិ”៕