ចំណេះដឹង! ហេតុអ្វី​រដ្ឋាភិបាល​ចាំបាច់​កំណត់​ប៉ូល​អភិវឌ្ឍន៍​សេដ្ឋកិច្ច?

0

ដោយៈ​វុត្ថា

ភ្នំពេញៈ ការកំណត់​ប៉ូល​អភិវឌ្ឍ​សេដ្ឋកិច្ច គឺជា​ការរៀបចំ​ដែនដី​នៅក្នុង​ប្រទេស​កម្ពុជា​ធ្វើឡើង ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ដើម្បី​ធនា​បាន​នូវ​ចីរភាព សមធម៌ តុល្យភាព និង​ការធ្វើសមាហរណកម្ម​ទាំង​ក្នុងប្រទេស ក្នុង​តំបន់ និង​ក្នុង​ក្របខណ្ឌ​អន្តរជាតិ។

យោងតាម​ឯកសារ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ស្តីពី​គោលនយោបាយ​ជាតិ​រៀបចំ​ដែនដី​កម្ពុជា​បានឱ្យដឹងថា ដោយ​ធនធាន​មានកំណត់ និង​ដើម្បី​ធានា​នូវ​ការផ្គត់ផ្គង់ ការរៀបចំ​ដែនដី​ត្រូវធ្វើ​ទៅតាម​លំដាប់​នៃ​អាទិភាព ចំពោះ​តំបន់​ដែលមាន​កំណើនប្រជាជន និង​សេដ្ឋកិច្ច​ខ្ពស់​មាន​ជាអាទិ៍ ប៉ូល​អភិវឌ្ឍ​រាជធានី​ភ្នំពេញ ប៉ូល​អភិវឌ្ឍ​សៀមរាប និង​ប៉ូល​អភិវឌ្ឍ​ព្រះសីហនុ ។

ប៉ូល​សេដ្ឋកិច្ច​ទាំងនេះ គឺជា​ប៉ូល​នៃ​កំណើន​ខ្ពស់ ដែល​បាន​លេចចេញ​ជា​រូបរាង​ពិតប្រាកដ​តាមរយៈ​សក្តានុពល និង​សកម្មភាព ព្រមទាំង​អ័ក្ស​នៃ​ការអភិវឌ្ឍ រួមមាន អ័ក្ស​ភ្នំពេញ-ព្រះសីហនុ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ឬ​ភ្នំពេញ-តំបន់ឆ្នេរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣ និង​លេខ៤ ។ អ័ក្ស​ភ្នំពេញ​សៀមរាប តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦  អក្ស​ភ្នំពេញ-បាវិត តាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ។ អ័ក្ស​ភ្នំពេញ-ប៉ោយប៉ែត តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ អ័ក្ស​ភ្នំពេញ-ឥសាន ភ្ជាប់​ទៅ​ប្រទេស​វៀតណាម និង​ឡាវ តាម​បណ្តោយ​ផ្លូវជាតិ​ល​ខេ ៦ និង​លេខ៧ ។

អ័ក្ស​តំបន់ឆ្នេរ ដែល​ភ្ជាប់​ពី​ប្រទេស​ថៃ កាត់​តាម​ខេត្តកោះកុង  ខេត្ត​ព្រះសីហនុ ខេត្តកំពត និង​ខេត្ត​កែប​ទៅ​ប្រទេស​វៀតណាម គឺជា​អក្ស​ដែល​ស្ថិតនៅក្នុង​ក្របខណ្ឌ​ជាតិ និង​ក្របខណ្ឌ​តំបន់ និង​អន្តរជាតិ ដូចជា​អាស៊ាន និង​មហា​អនុតំបន់​ទន្លេមេគង្គ​ជាមួយគ្នានេះ មាន​អ័ក្ស​នៅតាម​បណ្តោយ​ផ្លូវទឹក រួមមាន​ទន្លេមេគង្គ ទន្លេសាប បឹង​ទន្លេសាប និង​ទន្លេបាសាក់។

ដើម្បី​ទាញយក​ផល​ជា​អតិបរមា តំបន់​ស្នូល ដែល​ស្ថិតនៅតាម​បណ្តោយ​អ័ក្ស​នៃ​ការអភិវឌ្ឍ​នេះ រួមជាមួយ​តំបន់​ស្នូល​ជា​យុទ្ធសាស្ត្រ​ជួរមុខ នៅតាម​បណ្តោយ​ព្រំដែន គួរ​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់​ផងដែរ។ ដោយឡែក​រាជរដ្ឋាភិបាល កំពុង​ជំរុញ​យុទ្ធសាស្ត្រ ដើម្បីឱ្យ​លេចចេញ​ជា​ប៉ូល​សេដ្ឋកិច្ច​មួយទៀត នៅក្នុង​ភូមិភាគ​ឥសាន​នាពេល​អនាគត ដោយមាន​កិច្ចសហការ ឱ្យមាន​ជា​តំបន់ត្រីកោណ​ក្នុង​ក្របខណ្ឌ​តំបន់ និង​អន្តរជាតិ។

រដ្ឋបាល​ថ្នាក់ក្រុង ស្រុក ខណ្ឌ និង​ឃុំ សង្កាត់​ដែល​ទទួលបន្ទុក​ការរៀបចំ​ដែនដី និង​ផែនការ​ប្រើប្រាស់​ដី ជា​អ្នកទទួលខុសត្រូវ​ផ្ទាល់ ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ។ មុខងារ និង​ភារកិច្ច​ជា​មូលដ្ឋាន​មួយចំនួន ដែល​ឃុំ​មិនអាច​ធ្វើបាន ត្រូវ​ផ្តល់​ការទទួលខុសត្រូវ​នៅ​កម្រិត​រដ្ឋបាល​ខ្ពស់ជាង ដែលជា​តំបន​ន់​ស្នូល​ដោយ​ត្រូវ​ប​ន្សី រវាង​តំបន់​ស្នូល និង​តំបន់ទ្រនាប់​ដែល​នៅ​ជុំវិញ និង​ត្រូវ​ត​ភ្ជាប់​គ្នា​ដោយ​បណ្តាញ​គមនាគមន៍ ដែលជា​អក្ស​នៃ​ការអភិវឌ្ឍ។

វិធានការ​នៃ​ការរៀបចំ​ដែនដី ក៏ត្រូវ​ពិចារណា​លើ​ទិដ្ឋភាព សមធម៌​សង្គម ដូចជា​តម្រូវការ​ខាង​លំនៅឋាន​សមស្រប និង​មាន​តុល្យភាព​រវាង​លទ្ធភាព ដែល​គ្រួសារ​ក្រីក្រ និង​អ្នកមាន​ប្រាក់ចំណូល​ទាប អាច​រកបាន​លំនៅឋាន​សមរម្យ និង​តម្រូវការ​សេដ្ឋកិច្ច​របស់​រដ្ឋ និង​ផ្នែក​ឯកជន។

ផែនការ​អភិវឌ្ឍ​ទីក្រុង ក្រៅពី​ផ្តល់​ការងារ​ធ្វើ​ត្រូវ​គិតគូរ​ជា​អាទិភាព ដល់​ការរៀបចំ​កន្លែង​សម្រាប់​លម្ហែ​សាធារណៈ ធានាបាន​នូវ​ការរស់នៅ​ប្រកបដោយ​គុណភាព សុវត្ថិភាព បរិស្ថាន​ល្អ និង​សោភ័ណភាព ព្រមទាំង​ការកំណត់ តំបន់​គ្រង់​គ្រង​ពិសេស​សម្រាប់​រៀបចំ​តំបន់​ខ្សែក្រវ៉ាត់​បៃតង​ក្រុង។

ការកសាង​ផែនការ និង​ការអភិវឌ្ឍ​លំនៅឋាន ត្រូវ​ផ្សារភ្ជាប់​នឹង​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ចផ្សេងៗ ជាពិសេស​តំបន់ឧស្សាហកម្ម ដើម្បី​រួមចំណែក​ដល់​ការធ្វើឱ្យមាន​តុល្យភាព​នៃ​របាយ​ប្រជាជន​ទូទាំងប្រទេស និង​សមធម៌​នៃ​ការទទួលបាន នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here