ដោយ គង់ សូរិយា
ភ្នំពេញ៖ ទីបំផុតមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក Thai Bunrong Twin Tower បានផ្លាស់ប្តូររបរាងហើយ បន្ទាប់ពីការឌីសាញឡើងវិញបានបញ្ចប់ជាផ្លូវការ។
លោកសាស្រ្តាចារ្យទួស សាភឿនស្ថាបត្យករចូលរួមគូប្លង់គំរោងនេះ និងជាមន្រ្តីជាន់ខ្ពស់នៃក្រុមហ៊ុន Thai Bunrong Group ដែលជាអ្នកអភិវឌ្ឍន៍គំរោងនេះបានមានប្រសាសន៍ឲ្យដឹង តាមប្រព័ន្ឋអនឡាញកាលពីពេលថ្មីៗនេះថា ក្រុមស្ថាបត្យករ និងវិស្វករលំដាប់ពិភពលោក ដែលធ្លាប់មានបទពិសោធន៍សាងសង់អាគារខ្ពស់ៗមកពីបួនប្រទេស កំពុងសិក្សាពីការសាងសង់អាគារនេះ។លោកបន្តថា ក្រុមស្ថាបត្យករ និងវិស្វករចូលរួមគូរប្លង់អាគារភ្លោះកប់ពពកនេះមានមកពីប្រទេសបារាំង សហរដ្ឋអាមេរិក ប្រទេសចិន និងក្រុមស្ថាបត្យករ និងវិស្វករពោរពេញដោយជំនាញនិងបទពិសោធន៍កម្ពុជាជាច្រើនរូបផងដែរ។
លោកបន្តថា រហូតមកទល់ពេលនេះ ក្រុមអ្នកជំនាញនិងក្រុមហ៊ុន បានសម្រេចបន្ថែមកំពស់អាគារនេះ ដល់កំពស់៥៦៤ម៉ែត្រ និងបង្កើនទុនវិនិយោគផ្នែកសំណង់រហូតដល់ជាង៣០០០លានដុល្លារអាមេរិក និងជាង៣០០០លានដុល្លារទៀត នឹងត្រូវប្រើប្រាស់ធ្វើឲ្យអាគារនេះដំណើរការដោយរសរវើក។
លោកបន្តថា “ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនេះ មិនមានការប្រែប្រួលទេ។ វានឹងជាមោទនភាព និងជាកិត្យានុភាពសម្រាប់កម្ពុជានៅលើពិភពលោក”។លោកបន្តថា “មិនមានប្រទេសទាំងអស់អាចមានសមត្ថភាពសាងសង់ទេ ជួនកាលពួកគេមានលុយ តែមិនប្រាកដថាអាចសាងសង់បាននោះ ឡើយ”។
លោកទួស សាភឿនបានបន្តថា នាពេលនេះយើងកំពុងរៀបចំប្លង់បច្ចេក ទេស ដោយសារការងារនេះមិនអាចធ្វើរយៈពេលខ្លីបាននោះទេ ហើយក្រុមការងារបច្ចេកទេសកំពុងដុតដៃដុតជើងធ្វើការងារនេះ និងពេលថ្មីៗក្រុមហ៊ុនបានអនុញ្ញា ត្តឲ្យក្រុមហ៊ុនមួយវាយជញ្ជាំងទប់ដី ដើម្បីកុំឲ្យបាក់ដីនៅក្នុងគំរោងនេះរាលដាលទៅដីអ្នកជិតខាងនៅពេលគំរោងនេះចាប់ផ្តើមសាងសង់។ ចំណែកការធ្វើតេស្តដីបានបញ្ចប់ហើយ។
លោកបន្តថា “យើងកំពុងប្រឹងប្រែងធ្វើឲ្យអាគារនេះ មានភាពភាពអស្ចារ្យ មិនមែនរាប់បញ្ចូលអង់តែននោះទេ គឺកំពស់ជាង៥០០ម៉ែត្រនេះ ជាអាគារដែលអាចប្រើប្រាស់បានដល់ចំណុចកំពូល”។
ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹង ពីពេលវេលាជាក់លាក់នៃការចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការទេ ដោយបានថ្លែងថា ក្រុមហ៊ុនកំពុងជ្រើសរើសរកពេលវេលាសមស្របមួយ។
ក្រុមហ៊ុនថៃ ប៊ុនរ៉ុង បានចាប់ដៃគ្នាជាមួយក្រុមហ៊ុន Sun Kian Ip Group របស់ប្រទេសចិន ដើម្បីសាងសង់អគារនេះដែលមានទីតាំងនៅទល់មុខសណ្ឋាគារ និងកាស៊ីណូណាហ្កាទី១ (អតីតសួនកម្សាន្តឌ្រីមលែនដ៏)។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodiaអ្នកនាងអាន សុធីតាបានថ្លែងថា ការសាងសង់អាគារដ៏ធំនេះ ជារឿងល្អមួយ ប៉ុន្តែបើគិតពីទំហំសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជានាពេលបច្ចុប្បន្ននេះ ទំហំមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ វាហាក់ធំពេក ប៉ុន្តែបើគិតពីការរីកចម្រើននៃសេដ្ឋកិច្ច និងទំហំពាណិជ្ជកម្មកម្ពុជាសម្រាប់រយៈពេល៥ទៅ១០ឆ្នាំខាងមុខ ទំហំអាគារនេះមិនធំនោះទេ។
អ្នកនាងបន្តថា “វាជាមោទនភាពសម្រាប់កម្ពុជា បើសិនជាអាគារនេះសាងសង់បានដោយជោគជ័យ”។
អគ្គនាយកក្រុមហ៊ុន Urban Loft លោកងួន ឆាយលាងធ្លាប់បានរិះគន់ប្លង់អាគារចាស់ថាមិនមានភាពទាក់ទាញ បើទោះជាទទួលស្គាល់ថាគំរោងដ៏អស្ចារ្យនេះពិតជាល្អ ប្រសិនជាអាគារនេះត្រូវបានសាងសង់បញ្ចប់ក្តី ប៉ុន្តែប្រសិនជាមើលប្លង់ស្ថាបត្យកម្មរបស់អាគារ(រូបភាពអាគារចាស់) លោកមិនមើលឃើញមានអ្វីដែលអស្ចារ្យនោះទេ ហេតុនេះក្រុមហ៊ុនគួរសិក្សា និងគូប្លង់ស្ថាបត្យកម្មអាគារនេះឲ្យមានភាពអស្ចារ្យ ដើម្បីបង្អួត និងបង្ហាញភាពទាក់ទាញទៅកាន់ពិភពលោក៕