រដ្ឋាភិបាល​កំពុងអភិវឌ្ឍន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ភូមិឋាន​តំបន់​អភិវឌ្ឍន៍ត្រីកោណ CLV

0

ដោយ​វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាល​បាន​នឹង​កំពុងអភិវឌ្ឍន៍ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​ភូមិឋាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា នៅ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម  (CLV DTA ) ឱ្យមាន​ការរីកចំរើន​បន្ថែមទៀត ស្របតាម​ចក្ខុវិស័យ​នៃ​ប្រទេស​ទាំង៣នេះ។

លោក​ផៃ ស៊ី​ផាន​អ្នកនាំពាក្យ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រាប់ឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា  រដ្ឋាភិបាល​បាន​អភិវឌ្ឍន៍ ដូចជា រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដូច​ផ្លូវថ្នល់  និង​ភូមិឋាន​របស់​ជា​ពលរដ្ឋ ដែលជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ធ្វើឱ្យ​តំបន់​នេះ​មានការ​រីកចំរើន ។

លោក​បន្តថា “រដ្ឋាភិបាល​មាន​ផែនការអភិវឌ្ឍន៍ នៅតាម​ព្រំដែន​ឱ្យ​ក្លាយជា​ព្រំដែន​សហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍ ក្នុងន័យ​ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម វិនិយោគ និង​ដោះដូរ​ទំនិញ​រវាង​ប្រទេសជិតខាង​ឱ្យមាន​ភាពរលូន និង​កំណើនសេដ្ឋកិច្ច” ។

លោក​ផៃ ស៊ី​ផាន បន្ថែមថា ជាមួយនឹង​ការដាក់ចេញ​ផែនការ​អភិវឌ្ឍ កម្ពុជា​ក៏​អាច​រក្សាបាន​នូវ​កិច្ចការពារ​ព្រំដែន ឱ្យមាន​ភាពរឹងមាំ​បន្ថែមទៀត ព្រោះ​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ខ្វាត់ខ្វែង  ប្រជាពលរដ្ឋ​រស់នៅ និង​ធ្វើ​អាជីវកម្ម​នៅតាម​ព្រំដែន នៃ​ប្រទេស​ទាំងបី​នេះ ស្រប​ផែនការ​ចក្ខុវិស័យ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ។

លោក​បន្ថែមទៀតថា រដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​ផែនការ ឱ្យមាន​ការអភិវឌ្ឍន៍​គម្រោង​កាស៊ីណូ នៅតាម​ព្រំដែន ដែល​អាច​ផ្តល់ឱកាស​ការងារ​ជូន​ដល់​ពលរដ្ឋ ដែលជា​កម្មករ​ហើយ​ទទួលបាន​ចំណូល សម្រាប់​ទ្រង់​ទ្រ​ង​ជីវភាព​គ្រួសារ ហើយ​តំបន់​នេះ (CLV) បាន​នឹង​កំពុង​ក្លាយទៅជា​តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់​ផងដែរ ។

រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងបី កម្ពុជា-ឡាវ-វៀតណាម (CLV DTA) បានអនុម័ត​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV DTA) នៅក្នុង​កិច្ចប្រជុំ​លើក​ទី១១ តាមរយៈ​ប្រព័ន្ធ​វីដេអូ Conference កាលពីពេល​ថ្មី​នេះ។ វា​ជា​ឯកសារ​យុទ្ធសាស្ត្រ​តំបន់ ដែល​ភ្ជាប់​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៃ​ខេត្ត​ចំនួន១៣ ក្នុងប្រទេស​កម្ពុជា (ខេត្ត​ចំនួន ៤: ក្រចេះ ស្ទឹងត្រែង រតនគិរី:គី​រី និង​មណ្ឌល​គី​រី) ឡាវ (ខេត្ត​ចំនួន ៤) និង​វៀតណាម​ខេត្ត(ចំនួន៥) ក្នុង​ចក្ខុវិស័យ​ដើម្បី​ប្រែក្លាយ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ជា​តំបន់​សមាហរណកម្ម ក្នុងការ​អភិវឌ្ឍន៍​គោលដៅ​ទេសចរណ៍ ប្រកបដោយ​និរន្ត​ភាព និង​ការទទួលខុសត្រូវ លើកកម្ពស់​គុណភាព​សេវាកម្ម ក្នុង​អេកូ​ទេសចរណ៍ ក​សិ​ទេសចរណ៍ សហគមន៍​ទេសចរណ៍ ទេសចរណ៍​ផ្សងព្រេង និង​បេ​តិក​ភ័​ណ្ឌ ដែល​ចូលរួមចំណែក​ដល់​ការលើកកម្ពស់​ជីវភាព​រស់នៅ របស់​ប្រជាន​ក្នុងប្រទេស​កម្ពុជា ឡាវ និង​វៀតណាម។

ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម​ត្រូវបាន​បង្កើតឡើង ក្នុង​គោលបំណង​នៃ​ការបង្កើត​កិច្ចសហប្រតិបត្តិការ អភិវឌ្ឍ​តំបន់ CLV ក្រោម​គំនិត​ផ្តួចផ្តើម ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងបី កាលពី​ឆ្នាំ១៩៩៩ ។

តាមរយៈ​កិច្ចសហប្រតិបត្តិការ អភិវឌ្ឍ​តំបន់ត្រីកោណ CLV គឺ​កម្ពុជា មាន​ខេត្ត រតនគីរី មណ្ឌលគិរី ស្ទឹងត្រែង និង​ក្រចេះ នឹង​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​សម្រាប់​កម្ពុជា តាម​យៈ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ និង​លំហូរ​ចូល​នៃ​ភ្ញៀវទេសចរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here