ដោយ គង់ សូរិយា
ភ្នំពេញ៖ គំរោងអចលនទ្រព្យយក្ស ដែលបោះទុនវិនិយោគជាង២០០០លានដុល្លារអាំមេរិក បានសម្រេចប្រកាសលក់នាថ្ងៃនេះហើយ នៅសាលតាំងបង្ហាញគំរោង ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស។
លោក RAYSON មន្រ្តីជាន់ខ្ពស់ផ្នែកទីផ្សារ នៃគំរោង R&F CITY ដែលបានវិនិយោ គគំរោងដ៏ធំមួយ នៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ)បានមានប្រសាសន៍ឲ្យដឹងថា គំរោងនេះមានផ្ទះសម្រាប់ធ្វើអាជីវកម្មចំនួន៣៨ និងមានខុនដូសរុបជាង៥០០០យូនីត។ គំរោងនេះមានអាគារខ្ពស់ៗចំនួន៣៣ជាន់ សរុបចំនួន២០អាគារ ដែលធ្វើឲ្យគំរោងនេះ ក្លាយជាសហគមន៍ដ៏រសរវើកមួយនាពេលអនាគត។
លោកបន្តថា “គោលនយោបាយផ្លូវសូត្រ ទំនាក់ទំនងល្អរវាងរដ្ឋាភិបាលចិននិងកម្ពុជា និងកំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់កម្ពុជា ទើបក្រុមហ៊ុនសម្រេចចិត្តចូលមកវិនិយោគនៅទីក្រុងភ្នំពេញ”។លោកបន្តថា “គំរោងនេះស្ថិតនៅលើផ្ទៃដីជាង៧ហិកតា និងបានបោះទុនវិនិយោគសរុបជាង២០០០លានដុល្លារអាមេរិក”។
លោក RAYSON បានថ្លែងឲ្យដឹងទៀតថា គំរោងនេះយើងផ្តោតសំខាន់លើសហគមន៍ជំនួញ និងប្រជាជនចិនដែលបានវិនិយោគ និងរស់នៅកម្ពុជា និងប្រជាជនកម្ពុជា ដែលចង់ផ្លាស់ប្តូរ Lifestyle របស់ពួកគេ ព្រោះអនាគតប្រជាជននៅទីក្រុងភ្នំពេញនឹងសម្រេចចិត្តរស់នៅខុនដូកាន់តែច្រើន ដោយសារការរស់នៅតាមខុនដូធ្វើឲ្យមានភាពងាយស្រួល កក់ក្តៅ ជាមួយសេវាសន្តសុខ អនាម័យ និងសេវាកម្មដ៏ទាក់ទាញជាច្រើនទៀត។
លោកឧកញ៉ា នួន រិទ្ឋី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានថ្លែងថា ការប្រកាសលក់គំរោងដែលមានផ្ទះចំនួន៥០០០យូនីត ស្តាប់ទៅដូចមានចំនួនច្រើន ប៉ុន្តែបើមើលពីគោលនយោបាយលំនៅដ្ឋាននៅកម្ពុជា ចំនួននេះនៅមានកាខ្វះខាតនៅឡើយ។ លោកបន្តថា បើមើលសក្តានុពលនៅកម្ពុជា លំនៅដ្ឋានក្នុងចំនួននេះនៅតែមានតម្រូវការច្រើន ដោយសារកម្ពុជាមានច្បាប់អនុញ្ញាត្តឲ្យជនបរទេស អាចមានសិទ្ឋទិញផ្ទះចាប់ពីជាន់ទី១ឡើងទៅ និងច្បាប់វិនិយោគកម្ពុជាបានអនុញ្ញាត្តឲ្យ ជនបរទេសមានសិទ្ឋកាន់កាប់ភាគហ៊ុន១០០ភាគរយនៅកម្ពុជា។
លោកឧកញ៉ាបានបន្តថា “កម្ពុជាជាបេះដូងអាស៊ាន និងគោលនយោបាយផ្លូវសូត្រ កម្ពុជាទទួលបានផលប្រយោជន៍ច្រើន និងជាប្រទេសដែលគេវិនិយោគទទួលបានផលចំណេញ ទើបពួកគេចូលមកវិនិយោគនៅទីនេះ”។លោកបន្តថា “កម្ពុជាស្ថិតនៅចំចំណុចកណ្តាលតំបន់អាស៊ាន ដែលការធ្វើដំណើរចំណាយពេលត្រឹម២ម៉ោងកន្លះប៉ុណ្ណោះយ៉ាងយូរពីបណ្តាប្រទេសជាសមាជិកអាស៊ានមកកម្ពុជា ហេតុនេះនាពេលអនាគតកម្ពុជានឹងក្លាយជាhubមួយនៅក្នុងតំបន់នេះ”៕