អស្ចារ្យ! R&F Properties សាងសង់គំរោងយក្សមួយទៀតនៅផ្លូវមុនីវង្ស

0

ដោយ គង់ សូរិយា

ភ្នំពេញ​៖ ក្រុមហ៊ុនអចលនទ្រព្យយក្ស របស់ប្រទេសចិន R&F Propertiesនឹងសាងសង់គំរោងដ៏ធំមួយទៀត ស្ថិតនៅស្របតាមបណ្តោយមហាវិថីព្រះ​មុនីវង្ស ស្ថិតនៅតំបន់​ច្រមុះជ្រូកក្បាលថ្នល់។

មន្រ្តីជាន់ខ្ពស់ក្រុមហ៊ុននេះបានឲ្យដឹងថា ក្រុមហ៊ុនកំពុងចាប់ផ្តើមបុកគ្រឹះសាងសង់លំនៅដ្ឋានខុនដូកប់ពពកកំពស់៥៩ជាន់ចំនួន៥ទៀត ស្ថិតនៅស្របតាមមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ដែលគំរោងថ្មីនេះ​មានលំនៅដ្ឋានសរុបជាង២០០០យូនីតបន្ថែមទៀត។

កាលពីថ្ងៃសៅរ៍ទី២៦ ឧសភាកន្លងមកនេះ ក្រុមហ៊ុន R&F Properties បានប្រកា​សលក់ខុនដូរបស់ខ្លួនជាង៥០០០យូនីត ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) ដែលខុនដូនេះលក់ក្នុងតម្លៃចាប់ពី១៩០០ដុល្លារក្នុងមួយម៉ែត្រ​ការ៉េ។

ក្រុមហ៊ុន R&F Properties ជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យយក្សទាំង១០ នៅប្រទេសចិន។

លោក RAYSON មន្រ្តីផ្នែកលក់ជាន់ខ្ពស់នៃក្រុមហ៊ុន R&F Properties បានថ្លែងឲ្យដឹងថា ការដែលក្រុមហ៊ុនមកវិនិយោគនៅកម្ពុជា ដោយសារប្រទេសកម្ពុជាជាប្រទេស​ពិសេសមួយ ដែលទទួលបានផលប្រយោជន៍ច្រើន ពីគោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូ​វ​មួយរបស់ចិន និងទំនាក់ទំនងល្អរវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

លោកបន្តថា “កំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំ និងស្ថិរភាពនយោបាយរបស់កម្ពុជា ជាផ្នែក​ដ៏សំខាន់ផងដែរ ដែលទាក់ទាញក្រុមហ៊ុនមកវិនិយោគនៅទីនេះ”។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងថា គំរោងវិនិយោគរបស់អ្នកវិនិយោគចិនភាគច្រើន ជាគំរោងធំៗ ដែលមានផ្ទះច្រើន ដែលផ្តោតលើទីផ្សារនៅប្រទេសចិន និងទីផ្សារចម្រុះសម្រាប់ប្រជាជនក្នុងស្រុក និងជនបរទេសដទៃទៀត។

អ្នកនាងបន្តថា “គំរោងធំៗបែបនេះ ប្រសិនជាមើលពីការផ្គត់ផ្គង់និង​តម្រូវការហាក់ធំបន្តិច ប៉ុន្តែនិន្នាការទីផ្សារនៅតែមានកំនើន ដែលមិនមានសញ្ញាអ្វីធ្វើឲ្យយើងបារម្ភនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here