បញ្ហា​ផលប្រយោជន៍៖ អាមេរិក​ព្រួយ​បា​ម្ភ ខណៈ​សហភាព​អឺរ៉ុប​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កិច្ចព្រមព្រៀង​វិនិយោគ​ជាមួយ​ចិន

0

ដោយៈ​សុខុម

ក្រុង​ព្រុ​ច​សែ​ល:  បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប បានផ្ដល់​ការគាំទ្រ​ផ្នែក​នយោបាយ ដល់​កិច្ចព្រមព្រៀង​វិនិយោគ​របស់​ក្រុង​ព្រុ​ច​សែ​ល ជាមួយ​ប្រទេស​ចិន ដោយ​ត្រួស​ត្រាយផ្លូវ ឈានទៅ​សម្រេចបាន​កិច្ចព្រមព្រៀង​មួយ រវាង​ប្លុក​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក​នេះ។

មន្ត្រីការទូត​មួយរូប​បាន​លើកឡើងថា នៅក្នុង​កិច្ចប្រជុំ​នៃ​ក្រុម​មន្ត្រីការទូត ភាគី​អាល្លឺម៉ង់ ដែលជា​ប្រធាន​ឆ្លាស់​វេន​របស់​សហភាព​អឺរ៉ុប បានធ្វើការ​កត់សម្គាល់​ថា គ្មាន​ប្រទេស​ជា​សមាជិក​ណាមួយ “លើក​សញ្ញា​រារាំង​ឡើយ ហេតុដូចនេះ​ផ្លូវ​ឆ្ពោះទៅរក​ការអនុម័ត​ផ្នែក​នយោបាយ​ត្រូវបាន​ត្រួសត្រាយ​ហើយ” ។

មន្ត្រីការទូត​បានធ្វើកា​រ​កត់សម្គាល់​អំពី “ស្ថានភាព​វិវឌ្ឍន៍​ជា​វិជ្ជមានថ្មីៗនេះ” នៅក្នុង​ដំណើរ​ការចរចា ដោយ​ភាគី​ចិន បាន​សម្ដែង​ការព្រួយបារម្ភ​អំពី ការប្រើប្រាស់​ពលកម្ម​ដោយ​បង្ខំ​នៅ​កសិដ្ឋាន​របស់ខ្លួន។

ស្ថានភាព​វិវឌ្ឍន៍​ចុងក្រោយ​នេះ បាន​កើតមានឡើង ក្រោយពី​ក្រសួងការបរទេស​ចិន បានលើកឡើង​កាលពី​សប្ដាហ៍​មុន​ថា “ការចរចា​បាន​ឈានដល់​ដំណាក់កាល​ចុងក្រោយ​ហើយ” ។

មន្ត្រីការទូត​មួយរូប​ទៀត​បាន​លើកឡើងថា កិច្ចព្រមព្រៀង​មួយ អាច​នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​សប្ដាហ៍​នេះ។

មន្ត្រី​ប្រេសិត​ជាន់ខ្ពស់​រូបនោះ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា “យើង​ត្រូវតែ​ប្រយ័ត្នប្រយែង ប៉ុន្តែ​ប្រទេស​ចិន បាន​ព្រមព្រៀង​រួចហើយ ដែល​អាច​នឹង​មានការ​ប្រកាស​ជា​ផ្លូវការ​ពី​ក្រុង​ព្រុ​ច​សែ​ល និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ត្រឹម​ដំណាច់​សប្ដាហ៍​នេះ” ។

នៅក្នុង​កិច្ចប្រជុំ គ្មាន​ប្រទេស​ជា​សមាជិក​ណាមួយ ចេញមុខ​អន្តរាគមន៍​រារាំង​កិច្ចព្រមព្រៀង​នេះឡើយ ប៉ុន្តែ​ក្រោយមក​ឯកអគ្គរដ្ឋទូត​ប៉ូឡូញ Andrzej Sados បាន​លើកឡើងថា លោក​បាន​សម្ដែង​មន្ទិល ក្រោយពី​ភាគី​អាល្លឺម៉ង់ ដាក់​វា​ចូលក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ។

កិច្ចព្រមព្រៀង​នេះ​គឺជា​ការលើកកម្ពស់ និង​ពង្រឹង​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ មុនពេល​ប្រធានាធិបតី ទើប​ជាប់ឆ្នោត​របស់​សហរដ្ឋ​អាមេរិក លោក​ចូ បៃ​ឌិន ចូលកាន់​តំណែង​ជា​ផ្លូវការ​នៅ​ខែមករា ឆ្នាំ២០២១ ។

ប្រធានាធិបតី​ជិត​ចប់​អាណត្តិ​របស់​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ បានចាប់ផ្ដើម​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន ប៉ុន្តែ​លោក​ចូ បៃ​ឌិន ក៏បាន​សម្ដែង​ការព្រួយបារម្ភ អំពី​ចំណាត់ការ​របស់​សហភាព​អឺរ៉ុប ដោយ​ក្រុម​របស់លោក​បាន​ជំរុញ​ឱ្យ​ក្រុង​ព្រុ​ច​សែ​ល ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ឱ្យបាន​ល្អិតល្អន់ ដោយ​លើកឡើងថា ការ​ព​ន្លឿ​ន​ដំណើរ​ការចរចា​យ៉ាង​តក់ក្រហល់ និង​មិន​សម​ហេតុផល​ទាក់ទិន​បញ្ហា​ដ៏​សំខាន់​បែបនេះ ពិតជា​បង្ក​ការព្រួយបារម្ភ​ដល់​ទំនាក់ទំនង​អន្តរជាតិ។

ប្រទេស​អាល្លឺម៉ង់ ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ឈានមុខ​គេ របស់​សហភាព​អឺរ៉ុប និង​ជា​ប្រធាន​ឆ្លាស់​វេន​របស់​ប្លុក​នេះ រហូតដល់​ដំណាច់​ឆ្នាំនេះ បាន​យក​បញ្ហា​ធ្វើ​យ៉ាង ណា​សម្រេច​ឱ្យបាន​កិច្ចព្រមព្រៀង​នេះ ជា​ការងារ​អាទិភាពរ​បស់​ខ្លួន។

គណៈកម្មការ​អឺរ៉ុប ដែលជា​ផ្នែក​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប បានលើកឡើង​កាលពីមុន​បុណ្យ​ណូអែល​ថា សេចក្ដីព្រាង​នៃ “កិច្ចព្រមព្រៀង​នយោបាយ​នេះ សម្រេចបាន ៩៥% ហើយ” ហើយ​ត្រូវការ​តែ​ការឱ្យ​ភ្លើង​ខៀវ​ពី​ក្រុង​ព្រុ​ច​សែ​ល​ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here