ដោយ វុត្ថា
ភ្នំពេញ៖ តាមការចុះផ្សាយពីសារព័ត៌មានបានអោយដឹងថា ការវិនិយោគរបស់ប្រទេសជប៉ុនក្នុងប្រទេសមីយ៉ាន់ម៉ា បានឈរលំដាប់ទី៤ នៅប្រទេសភូមាឬមីយ៉ាន់ម៉ា ដែលបានបើកចំហសេដ្ឋកិច្ចរបស់ខ្លួន បន្ទាប់ពីគណបក្សសម្ព័ន្ឋប្រជាធិបតេយ្យរបស់លោកស្រីអង់សានស៊ូជីជាប់ឆ្នោត។
ជាមួយនឹងការបើកចំហនេះ បានធ្វើឲ្យប្រទេសនេះទាក់ទាញបានអ្នកវិនិយោគបរទេសជាច្រើន ជាក់ស្តែងទំហំវិនិយោគរបស់អ្នកវិនិយោគជប៉ុន បានកើនឡើងរហូតដល់១,៤៨ពាន់លានដុល្លារ នៃសារពើពន្ធកាលពីឆ្នាំ២០១៧កន្លងទៅនេះ ដែលវាជាឆ្នាំមាសសម្រាប់មីយ៉ាន់ម៉ា បើសិនជាគិតចាប់ពីឆ្នាំ ២០១៤មក។
ប្រទេសជប៉ុនគឺជាប្រភព នៃការវិនិយោគទុនបរទេសធំបំផុតលំដាក់ទី៤ កាលពីឆ្នាំមុន បន្ទាប់ពីប្រទេសសិង្ហបុរី ចិន និងហូឡង់។នេះបើយោងតាមបានរាយការណ៍ពីនាយកដ្ឋានវិនិយោគ និងគ្រប់គ្រងក្រុមហ៊ុន (DICA)របស់មីយ៉ានម៉ា។
លោក Takahide Tahara ទីប្រឹក្សារបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន(JETRO) បាននិយាយថា ការកើនឡើងនៃការវិនិយោគរបស់ប្រទេសជប៉ុន នៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំមុន មានភាពរីកចម្រើនគួរអោយកត់សម្គាល់ ដោយសារប្រទេសមីយ៉ាន់ម៉ាមានស្ថេរភាព រដ្ឋាភិបាលបានអនុម័តច្បាប់ទម្លាក់កំហិត និងពន្លឿននីតិវិធីនៃការវិនិយោគ។
ការវិនិយោគរបស់ប្រទេសជប៉ុន ដែលធ្វើឲ្យគួរឱ្យកត់សម្គាល់ខ្លាំង រួមមាន គម្រោងវិនិយោគលើវិស័យអចលនទ្រព្យ តម្លៃ៣៣៣លានដុល្លារនៅទីក្រុងរ៉ង់ហ្គោន ដែលវិនិយោគដោយក្រុមហ៊ុនសំណង់ Fujita Corp ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ និងបានសហការជាមួយក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនជប៉ុន។
ការវិនិយោគនេះត្រូវបានធ្វើឡើង ដោយផ្ទាល់ពីប្រទេសជប៉ុន ឬតាមរយៈប្រទេសទីបី ដូចជា ប្រទេសសិង្ហបុរីមុនពេលអនុម័តពីក្រសួងអាជ្ញាធរមីយ៉ាន់ម៉ា។
ក្រឡេកមើលអតីតកាលវិញ យើងឃើញថា ការវិនិយោគរបស់ជប៉ុននៅក្នុងប្រទេសមីយ៉ាន់ម៉ាបានថយចុះដល់៥៩០លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០១៥ និងបានធ្លាក់ចុះបន្ថែមទៀតដល់២៨០ លានដុល្លារនៅក្នុងឆ្នាំសារពើពន្ធ២០១៦ ។ នៅក្នុងឆ្នាំសារពើពន្ធឆ្នាំ២០១៣ ការវិនិយោគរបស់ជប៉ុន នៅក្នុងប្រទេសមីយ៉ាន់ម៉ាមានចំនួនត្រឹមតែ៥៥ លានដុល្លារប៉ុណ្ណោះ។
ការថយចុះនូវចំនួនអ្នកវិនិយោគជប៉ុនចន្លោះឆ្នាំ២០១៤ ដល់២០១៦ ដោយសារវិបត្តិនៃជនភៀសខ្លួនហ៊ីរ៉ុងយ៉ា ដែលបានធ្វើឲ្យសហគមន៍អន្តរជាតិរិះគន់របប ដែលស្ថិតក្រោមការដឹកនាំរបស់ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព អ៊ុង សាន ស៊ូជី៕