ដោយ គង់ សូរិយា
ភ្នំពេញ អ្នកវិនិយោគចិនបានបោះទុនរហូតដល់ជាង១៧ពាន់លានដុល្លារ នៅកម្ពុជាចាប់ពីទសវត្សរ៍ទី៩០ រហូតមកដល់ត្រឹមខែមេសា ឆ្នាំ២០១៨នេះ ដែលជាមូលធនដ៏សំខាន់ក្នុងការជម្រុញកំនើនសេដ្ឋកិច្ចជាតិ។
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោកសុខ ចិន្តាសោភាបានថ្លែងក្នុងជំនួបជាមួយប្រតិភូវិនិយោគចិន ដឹកនាំដោយលោក កាវ យុនឡុង អនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទពិគ្រោះនយោបាយប្រជាជនចិន និងជាប្រធានសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មចិន នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះថា គោលនយោបាយគាំទ្រអ្នកវិនិយោគនានា ដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំយ៉ាងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញក្នុងទិសដៅលើកទឹកចិត្ត និងពង្រឹងនូវទំនុកចិត្តដល់វិនិយោគិនគ្រប់រូប ក្នុងការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា រួមបញ្ចូលទាំងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យក្នុងការជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥។






