អស្ចារ្យ! ក្រុមហ៊ុនដែលមានទុន ៥០០០លានដុល្លារក្នុងដៃគ្រោងសង់សណ្ឋាគារខ្ពស់ជាងគេនៅក្រុងភ្នំពេញ

0

ដោយ គង់ សូរិយា

ភ្នំពេញក្រុមហ៊ុនដែលមានទុនវិនិយោគ៥០០០លានដុល្លារនៅក្នុងដៃ គ្រោងនឹង​សាងសង់សណ្ឋាគារខ្ពស់ជាងគេនៅរាជធានីភ្នំពេញ ដែលមានកំពស់៦០ជាន់នៅតាមបណ្តោយមហាវិថីព្រះនរោត្តម។

លោក Li Min អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀល អ៊ីស្ទេត បានមានប្រសាសន៍ក្នុង ពិធីដាក់ឲ្យដំណើរការខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ខ្លួនកាលពីម្សិលម៉ិញនេះ​ថា ក្រុមហ៊ុន Prince Real Estate Group នឹងសាងសង់គម្រោងដ៏ធំមួយទៀតសណ្ឋា​គា​រកម្ពស់៦០ជាន់ នៅជាប់នឹងគម្រោងទី១របស់ខ្លួន តាមបណ្ដោយផ្លូវនរោត្តមក្បែរស្ពា​ន​អាកាសក្បាលថ្នល់ ក៏ដូចជា ការបន្ដបោះទុនវិនិយោគលើគម្រោងខុនដូ និងសណ្ឋាគារ នៅទីតាំងជាច្រើនទៀត ទាំងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ​ជាដើម​ផងដែរ។

ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹង ពីទុនវិនិយោគក្នុងគំរោងសណ្ឋាគារដ៏ខ្ពស់នេះ និងចាប់ផ្តើមសាងសង់នៅពេលណានៅឡើយទេ។

ជាមួយគ្នានេះ ក្រុមហ៊ុន Prince Real Estate Group ក៏គ្រោងបើកដំណើរការសណ្ឋាគារកម្រិតផ្កាយ៥នៅខេត្តព្រះសីហនុក្នុងឆ្នាំនេះផងដែរ។

លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងស្វា កមន៍នូវគំរោងវិនិយោគដ៏ធំនេះ ខណៈលោកស្រីអំពាវនាវឲ្យក្រុ​មហ៊ុនឯកជនវិនិយោគ​លើរមណីយដ្ឋានកែច្នៃឲ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនា​នៅរាជធានីភ្នំពេញ និងស្នាក់នៅបានយូរ ព្រោះបច្ចុប្បន្នភ្ញៀវទេសចរណ៍អន្តរជាតិស្នាក់នៅតែមួយយប់ឬពីរយប់ប៉ុណ្ណោះនៅរាជធានីភ្នំពេញ ដោយសារយើងមិនមានកន្លែងកំសាន្តនៅក្នុងទីក្រុងនេះ។

លោកស្រីបន្តថា “នៅរាជធានីភ្នំពេញមិនមានកន្លែងកំសាន្តច្រើននោះទេ ក្រៅពីរម ណីយដ្ឋានវត្តភ្នំ ព្រំបរមរាជវាំង សារៈមន្ទីរ និងសារៈមន្ទីរទួលស្លែង និងជើងឯក”។លោក​ស្រីបន្តថា “សម្រាប់ពេលរាត្រីវិញ យើងមិនមានកន្លែងកំសាន្ត និងទាក់ចិត្តភ្ញៀវទេសចរ​ណ៍នៅឡើយទេ ខុសពីខេត្តសៀមរាបដែលមានតំបន់ Pub Street និងកន្លងែងទាក់ទាញដទៃទៀត”។

លោកស្រីឆាយ ស៊ីវលីនបានថ្លែងថា ការចូលរួមវិនិយោគពីវិស័យឯកជនមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ផលិតផលទេសចរណ៍កាន់តែច្រើន ដល់ភ្ញៀវទេសចរណ៍អន្តរជាតិ។ ភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាក្នុងក្រុងភ្នំពេញ ច្រើនជាភ្ញៀវស្ថិតក្នុងតំបន់អាស៊ាន ដែលស្នាក់នៅរយៈពេលខ្លី ហើយយើងកំពុងគិតគូធ្វើយ៉ាងណាទាក់ទាញភ្ញៀវ​ឲ្យស្នាក់នៅយូរក្នុងរាជធានីនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here