ដោយៈ រ៉ាណេត
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់ និងជ្រើសរើសនូវប្រភេទទំនិញអាទិភាព៥០មុខ ដាក់ក្នុងបញ្ជីនៃការជំរុញនាំចេញ ទៅកាន់ទីផ្សារប្រទេសមហាយក្សចិនឱ្យបានជាអតិបរមាបំផុត។
អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកប៉ែន សុវិជាតិបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំលើកទី៦ ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)កាលពីចុងសប្តាហ៍មុនថា ទំនិញដែលមានអាទិភាព សម្រាប់ការនាំចេញទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុខនេះគឺត្រូវបានកំណត់ចំនួន៥០មុខ។
លោកបានបញ្ជាក់ថា ផ្អែកតាមអនុសាសន៍របស់លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមការងារបង្កើតតារាងម៉ាទ្រិច (Matrix) ដោយមានរាយមុខទំនិញចំនួន៥០មុខ ក្នុងនោះមានទំនិញជាផលិតផលថ្មីចំនួន២០មុខទំនិញ ផលិតផលកំពុងលូតលាស់ចំនួន២០មុខទំនិញ និងផលិតផលចាស់ទុំចំនួន១០មុខទំនិញ ដោយត្រូវសិក្សាលើរបាំងបច្ចេកទេស របាំងពន្ធគយ ភាពអនុគ្រោះពន្ធនានាដែលប្រទេសចិនផ្តល់ជូនកម្ពុជា ដើម្បីជម្រុញការនាំចេញទៅប្រទេសចិនឱ្យបានជាអតិបរមា។
លោកបន្តថា “ជាកិច្ចការបន្ទាប់ក្រុមការងារលេខាធិដ្ឋាន ត្រូវសិក្សាស្រាវជ្រាវបន្ថែមទៀត ដោយត្រូវពង្រីកការសិក្សាស្រាវជ្រាវមុខទំនិញពី HS code ៤ខ្ទង់ ទៅជា HS Code ៦ខ្ទង់ឬ៨ខ្ទង់ និងវាយតម្លៃលើទំនិញណាមួយឱ្យបានច្បាស់លាស់ ដែលអាចផលិតបាននិងមានតម្រូវការទីផ្សារ”។ លោកបន្តថា “ក្រុមលេខាធិការដ្ឋានFTA ត្រូវសហការជាមួយនាយកដ្ឋានគោលនយោបាយ និងអភិវឌ្ឍទីផ្សារក្នុងការជ្រើសរើសមុខទំនិញសម្រាប់រៀបចំ Factsheet និងកំណត់ផលិតផលសក្តានុពល សម្រាប់ជម្រុញការនាំចេញដើម្បីឱ្យស្របតាមគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋាភិបាល”។
ចំពោះមុខទំនិញអាទិភាព ដែលបានកំណត់ក្នុងជំហានដំបូង សម្រាប់នាំចេញទៅកាន់ទៅផ្សារប្រទេសចិន រួមមាន ដូចជាផលិតផលក្នុងវិស័យសម្លៀកបំពាក់ ស្បែកជើង វិស័យតម្លើងកម្មន្តសាលធុនស្រាល វិស័យចំណីអាហារកែច្នៃ វិស័យជលផល វិស័យកសិកម្មដូចជាអង្ករ ដំឡូងមី និងកៅស៊ូធម្មជាតិជាដើម៕






