អស្ចារ្យ! រកឃើញប្លង់ថ្មីផ្សារទំនើប​ AEON MALL​ទី៣ ហើយ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ព៌តមានផ្លូវការនិងអាចជឿជាក់បានបង្ហាញហើយ ដោយប្លង់ស្ថាបត្យកម្ម​នៃផ្សារទំនើបAEON MALLទី៣បានបង្ហាញហើយ ដោយមន្រ្តីសាលារាជធានីភ្នំពេញ ដែលគំរោងនេះ នឹងសាងសង់នៅតាមបណ្តោយ មហាវិថីសម្តេចតេជោហ៊ុន សែននាពេលខាងមុខនេះ។

លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានថ្លែងឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ក្រុមហ៊ុនជប៉ុនយក្សមួយនេះបានទិញដីនៅក្នុងគំ​រោងទីក្រុងរណប ING CITY តម្លៃជាង១០០លានដុល្លាររួចហើយ ដើម្បីសាងសង់ផ្សារទំ​នើបរបស់ខ្លួននៅពេលខាងមុខនេះ។លោកបន្តថា តាមអ្វីដែលក្រុមហ៊ុននេះវិនិយោគ ផ្សារទំនើបរបស់ខ្លួនទី៣នេះ មានទំហំធំជាងផ្សារទី១និងទី២ ដែលអាចបោះទុនវិនិយោគ​រហូតដល់ប្រមាណ៣០០លានដុល្លារអាមេរិក។

លោកបន្តថា “ការចូលមកដល់នៃអ្នកវិនិយោគជប៉ុន និងក្រុមហ៊ុនជប៉ុនធំៗដទៃទៀត ឆ្លុះបញ្ចាំងពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងបរិយាកាសវិនិយោគនៅ​កម្ពុជាកាន់តែមានភាពប្រសើរឡើង”។លោកបន្តថា “ក្រុមហ៊ុនជប៉ុនមិនងាយចូលទៅវិនិ​យោគនៅប្រទេសណាទេ ប៉ុន្តែនៅពេលពួកគេមកវិនិយោគ គឺពួកគេបានសិក្សាច្បាស់លា​ស់ហើយ ទើបពួកគេសម្រេចចិត្តចូលទៅកាន់ប្រទេសណាមួយ”។

បើតាមគម្រោងផែនការមេ របស់ក្រុមហ៊ុនវិនិយោគផ្សារទំនើបអ៊ីអនរបស់ជប៉ុន គ្រោងនឹង​សាងសង់​ផ្សារទំនើបអ៊ីអនចំនួន៤ទីតាំងធំៗ ស្ថិតនៅតំបន់ផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា។

ក្រុមហ៊ុន​នេះ បានសម្រេចចិត្ត​វិនិយោគ​សាងសង់ផ្សារ​ទំនើបអ៊ីអន​ទី៣ នៅភាគ​ខាងត្បូង​រាជធានីភ្នំពេញ ក្រុមហ៊ុន​​ទើបតែ​សម្រេចចិត្តទិញ​ដីរួចរាល់​ហើយ ដើម្បី​សាងសង់​ផ្សារ​ទំនើប​នៅតំបន់នោះ ហើយមិនយូរ​ទៀតទេផ្សារទំនើប​អ៊ីអន​ទី៣នេះ នឹងលេច​រូបរាង​ឡើង នៅតាម​បណ្តោយ​ផ្លូវ៦០ម៉ែត្រ បន្ទាប់ពីផ្សារអ៊ីអនទី២ នឹងបើក​សម្ពោធ​នៅចុង​ខែឧសភា​ឆ្នាំនេះ។

ទោះជាយ៉ាងណាមិនទាន់មានការបញ្ជាក់ ពីការសាងសង់គំរោងថ្មីនេះពីថ្នាក់ដឹកនាំក្រុមហ៊ុននេះនៅឡើយទេ។

អ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ លោកម៉េត មាសភ័ក្តីបានថ្លែងថា លោក​មិនទាន់បានទទួលដំណឹងនេះ និងមិនទាន់ឃើញមានសំណើរណាមួយពីក្រុមហ៊ុន​វិនិយោគផ្សារទំនើបនេះ ដាក់ទៅកាន់រដ្ឋបាលសាលាក្រុងភ្នំពេញនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here