ដោយ គង់ សូរិយា
ភ្នំពេញ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ហៅកាត់ CVEA កំពុងស្វែងរកដំណោះស្រាយសមស្របមួយ ចំពោះអ្នករកស៊ីឬធ្វើជាភ្នាក់ងារអចលនវត្ថុ ដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ។
ប្រធានសមាគម CVEA និងជាអគ្គនាយកក្រុមហ៊ុនខ្មែរ រៀលអ៊ីស្ទេត លោកបណ្ឌិត គីម ហ៊ាង បានលើកឡើងក្នុងកិច្ចប្រជុំប្រចាំត្រីមាសរបស់សមាគម កាលពីថ្ងៃទី៣០ ឧសភាកន្លងមកថា បច្ចុប្បន្នពិតជាមានអ្នករកស៊ីអចលនទ្រព្យ គ្មានអាជ្ញាប័ណ្ណច្រើន ដែលបង្កហានិភ័យដល់វិស័យនេះ ព្រោះការរកស៊ីដោយគ្មានច្បាប់ត្រឹមត្រូវ នឹងធ្វើឲ្យការផ្តល់សេវាកម្មក្នុងវិស័យនេះគ្មានគុណភាព និងមិនអាចទុកចិត្តបាន។
-->
លោកបន្តថា “ដើម្បីដោះស្រាយបញ្ហាច្រកចេញចំពោះមុខ សមាគមត្រូវចាប់ផ្ដើមអនុវត្តន៍ ដើម្បីកាត់បន្ថយការរកស៊ីវិស័យដីធ្លីដោយគ្មានអាជ្ញាប័ណ្ណ គឺតាមរយៈការបង្កើតសាលារៀនដីធ្លី”។

លោកឧកញ៉ា ចេង ខេងប្រធានក្រុមប្រឹក្សាភិបាល នៃសមាគម CVEA បានថ្លែង ថា ដោយសារកម្ពុជាមិនទាន់មានច្បាប់ កំណត់ពីជំនាញអ្នករកស៊ីដីធ្លី ដូចបណ្ដាប្រទេសជាច្រើនលើពិភពលោក ទើបអ្នកគ្មានអាជ្ញាប័ណ្ណ អាចចូលមកប្រកួតប្រជែងអ្នករកស៊ីមានអាជ្ញាប័ណ្ណបាន។ តែលោករំពឹងថា នៅថ្ងៃអនាគតសមាគម និងស្ថាប័នពាក់ព័ន្ធ នឹងពួតដៃគ្នា ដើម្បីដោះស្រាយបញ្ហានេះ ហើយផ្ដល់ភាពកក់ក្ដៅដល់អ្នករកស៊ីស្របច្បាស់ ដែលមានអាជ្ញាប័ណ្ណទទួលស្គាល់ក្រសួងត្រឹមត្រូវ។
លោកបន្តថា “អ្នករកស៊ីគ្មានអាជ្ញាប័ណ្ណបានបង្កហានិភ័យច្រើនណាស់ ក្នុងវិស័យនេះ ហេតុនេះអ្នកមានបំណងចង់ជួល ទិញលក់ គួរស្វែងរកការពិគ្រោះយោបល់ជាមួយក្រុមហ៊ុនអចលនវត្ថុដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ”។លោកបន្តថា “ការធ្វើការជាមួយអ្នករកស៊ីដែលមានអាជ្ញាប័ណ្ណ និងមានជំនាញច្បាស់លាស់ នឹងធ្វើឲ្យពួកគេអាចកាត់បន្ថយហានិភ័យ និងអាចស្វែងរកផលចំណេញក្នុងវិស័យនេះបាន”៕