ដោយ គង់ សូរិយា
ភ្នំពេញ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជានឹងបើកវគ្គបណ្តុះបណ្តាលមួយ ដើម្បីផ្តល់ជំនាញដល់អ្នកមានបំណងចង់ប្រឡូកក្នុងវិស័យអចលនទ្រព្យ និងសមាជិកសមាគម ដែលមិនទាន់មានជំនាញច្បាស់លាស់។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានថ្លែងក្នុងកិច្ចប្រជុំប្រចាំត្រីមាស របស់សមាគមខាងលើកាលពីម្សិលម៉ិញនេះថា បច្ចុប្បន្នមានអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យច្រើន បានធ្វើជាភ្នាក់ងារអចលនវត្ថុដោយគ្មានអាជ្ញាប័ណ្ណ និងជំនាញវិជ្ជាជីវៈត្រឹមត្រូវ ហេតុនេះដើម្បីអាចដោះស្រាយបញ្ហានេះ សមាគមនឹងបើកវគ្គបណ្តុះបណ្តាលមួយនៅពាក់កណ្ដាលខែមិថុនាខាងមុខនេះ។
លោកបន្តថា “សមាគមនឹងបើកវគ្គបណ្ដុះបណ្ដាលរយៈពេល៧៥ម៉ោងមួយ ដើម្បីអូសទាញអ្នកមិនទាន់មានអាជ្ញាប័ណ្ណ ឲ្យមានរៀនសូត្រត្រឹមត្រូវ ដើម្បីទទួលបានអាជ្ញាប័ណ្ណស្រប់ច្បាស់ ដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ”។
កាលពីពេលថ្មីៗនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសមួយ ដែលតម្រូវឲ្យអ្នករកស៊ីក្នុងវិស័យនេះ ត្រូវតែមានសញ្ញាបត្រជំនាញវិជ្ជាជីវៈច្បាស់លាស់ ទើបពួកគេអាចទទួលបានអាជ្ញាប័ណ្ណពីក្រសួង។
លោកឃាង ពុទ្ឋីអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជានិងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស្លឹករឹតបានថ្លែងថា ការបើកសាលាឬវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យនេះច្រើន ជាការគួរឲ្យលើកទឹកចិត្ត មិនថាអ្នកណាបើកនោះទេ ព្រោះបើយើងបង្កើតសាលាបានច្រើន យើងនឹងបណ្តុះបណ្តាលធនធានមនុស្សបានច្រើនដែលវានឹងជួយដល់វិស័យនេះបានកាន់តែល្អប្រសើរ។
លោកបន្តថា “ពេលណាមានធនធានមនុស្សច្រើនក្នុងវិស័យនេះ នឹងធ្វើឲ្យការអភិវឌ្ឍក្នុងវិស័យនេះកាន់តែមានភាពល្អប្រសើរ និងធានាបាននូវទំនុកចិត្តពីអ្នកវិនិយោគ”៕
Hello sir, How i can jont this course ?