ដោយ វត្ថា
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់គេហទំព័រ DDproperty បានបង្ហាញសន្ទស្សន៍ចុងក្រោយរបស់ខ្លួនថា ទីផ្សារអចលនទ្រព្យជាពិសេសដីធ្លី ក្នុងទីក្រុងបាងកកបានហកឡើងថ្លៃកប់ពពក និងរឹងមាំងថែមមួយកម្រិតទៀត។
កំណើននេះ គឺស្ថិតនៅពីក្រោយទស្សនវិស័យសេដ្ឋកិច្ច និងការកើនឡើងនៃផលិតផលក្នុងស្រុកសរុប (GDP) ដែលគេរំពឹងទុកថា នឹងកើនឡើងរហូតដល់៤.២ភាគរយនៅឆ្នាំនេះ និងមួយផ្នែកទៀតគឺដោយសារតែការចំណាយ លើការអភិវឌ្ឍគម្រោងនៅក្នុងតំបន់ ដែលមានប្រជាប្រិយភាពនៅក្នុងទីក្រុងបាងកក។
សន្ទស្សន៍នេះបានកើនឡើងប្រមាណ២១៣ភាគរយ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដោយសារតែតម្លៃដីធ្លីហកឡើងខ្ពស់ ដែលមានន័យថា ការអភិវឌ្ឍលំនៅដ្ឋានដែលមានតំលៃសមរម្យ កំពុងត្រូវបានគេជម្រុញសាងសង់បន្ថែមទៀត ចាប់ពីកណ្តាលទីក្រុង និងតំបន់អភិវឌ្ឍន៍នៅតាមបណ្ដោយផ្លូវរថភ្លើងធំៗ។
លោក Kamolpat Swaengkit អ្នកគ្រប់គ្រងរបស់គេហទំពរ័ DDproperty នៅទីក្រុងបាងកកនិយាយថា ភាពទាន់សម័យនៃទីផ្សារអចលនទ្រព្យនៅបាងកក នាពេលបច្ចុប្បន្នកាន់តែត្រូវប៉ាន់ជាងពេលណាទាំងអស់។ លោកបន្តថា នៅពេលតំលៃអចលនទ្រព្យនៅតែបន្តកើនឡើង កេរ្ដិ៍ឈ្មោះរបស់អចលនទ្រព្យក្នុងទីក្រុងទាំងមូល នឹងក្លាយកន្លែងវិនិយោគដ៏មានតម្លៃ និងបានពង្រឹងបន្ថែមទៀត។
លោកបញ្ជក់ទៀតថា ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ នឹងមិនសង្ស័យទេដែលថាឆ្នាំនេះ បានទទួលស្វាគមន៍ពីក្រុមអ្នកវិនិយោគ មកបោះទុនរួមគ្នារវាងអ្នកអភិវឌ្ឍក្នុងស្រុក និងបរទេសដោយសម្លឹងមើលសក្តានុពលនៅទូទាំងទីក្រុង។ ក្រុមអ្នកវិនិយោគទុនទាំងនោះអាចមានសិទ្ធិជ្រើសរើស លើគម្រោងគម្រោងពួកគេចូលចិត្ត ដែលអាចផ្តោតលើសាងសង់អគារ ឬអចលនទ្រព្យផ្សេងៗនៅកន្លែងទីតាំង និងធានាដល់អតិថិជនជាគោលរបស់ខ្លួន។ ការផ្លាស់ប្តូរទីផ្សារអចលនទ្រព្យ បានបង្កើតអោយមាការយកចិត្តទុកដាក់ថ្មីបន្ថែមទៀត។
តម្លៃដីធ្លីបានកើនឡើងយ៉ាងកំហុកប្រមាណជា៨៩ភាគរយ ដែលអាចផ្គត់ផ្គង់ខុនដូររាប់រយយូនីត៕