ដោយ គង់ សូរិយា
ភ្នំពេញ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានជូនដំណឹង និងប្រកាសស្វែងរកបេក្ខជនឈរឈ្មោះជាប្រធាន និងអនុប្រធានសមាគនេះសម្រាប់អាណត្តិទី៦ សម្រាប់ឆ្នាំ២០១៩ ២០២០ខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបេក្ខភាព ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពយជា ដែលបានចេញផ្សាយកាលពីថ្ងៃទី៣១ ឧសភាកន្លងមកបានឲ្យដឹងថា សមាគមនឹងរៀបចំធ្វើមហាសន្និបាតលើកទី៥ ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសប្រធានសមាគមបន្តអាណត្តិទី៦ ឆ្នាំ២០១៩ ២០២០ ដែលនឹងរៀបចំធ្វើឡើងនៅក្នុងខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។
-->
សេចក្តីជូនដំណឹងដដែលបានបន្តថា អាស្រ័យហេតុនេះ ប្រសិនជាលោកឧកញ៉ា លោកជំទាវ លោក លោកស្រីប្រធានក្រុមហ៊ុន ដែលជាសមាជិកពេញសិទ្ឋរបស់សមាគម មានបំណងឈរឈ្មោះជាបេក្ខភាពប្រធានសមាគម ក្នុងអាណត្តិទី៦នាពេលខាងមុខនេះ សូមមេត្តារៀបចំជាប្រវត្តិរូបសង្ខេប និងគោលនយោបាយដឹកនាំសមាគមរយៈពេលពីរឆ្នាំ មកកាន់ការិយាល័យសមាគមចាប់ពីថ្ងៃជូនដំណឹងនេះ។
ចំពោះលក្ខខ័ណ្ឌបេក្ខភាពប្រធានសមាគម គឺមានចែងក្នុងលក្ខន្តិកៈរបស់សមាគម ក្នុងប្រកាទី៦ ដែលបានចែងថា បេក្ខជនដែលអាចឈឈ្មោះជាប្រធានសមាគម ត្រូវមានសញ្ជាតិខ្មែរពីកំនើត អាយុចាប់ពី២៥ឆ្នាំឡើង និងមានកម្រិតសញ្ញាបត្របរិញ្ញាបត្រ។បេក្ខ ជនត្រូវតែជាម្ចាស់ ឬប្រធានក្រុមហ៊ុនណាមួយ ក្នុងវិស័យអចលនវត្ថុដែលមានអាជ្ញាប័ណ្ណ ឬភ្នាក់ងារអចលនវត្ថុ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយកំពុងធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចូលជាសមាជិកសមាគមយ៉ាងតិច១២ខែ។
លោកគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាធ្លាប់បានមានប្រសាសន៍ថា លោកនឹងមិនឈរឈ្មោះសម្រាប់អាណត្តិការងារថ្មីនោះទេ ដោយសារហេតុផលមួយចំនួន ទី១ លោកជាប់រវល់ការងារផ្ទាល់ខ្លួនកាន់តែច្រើន ទី២ លោកចង់ផ្តល់ឳកាសឲ្យបេក្ខជនថ្មីៗ មានឳកាសបង្ហាញសមត្ថភាពសមត្ថភាពរបស់ខ្លួន និងទី៣លក្ខន្តិកៈរបស់សមាគម មិនអនុញ្ញាត្តឲ្យលោកឈរឈ្មោះលើសពីពីរអាណត្តិនោះទេ៕