ធនាគារជាតិនៃកម្ពុជាយកវិស័យចំនួន៥ដើម្បីប្រកួតប្រជែងយកជ័យលាភីប្រចាំឆ្នាំ

0

ដោយ : ដែន ចែងចាំង
ភ្នំពេញ : ធនាគារជាតិនៃកម្ពុជា នឹងលើកយកគោលដៅអទិភាពក្នុងវិស័យម៉ាក្រូសេដ្ឋកិច្ចចំនួន៥ ដើម្បីប្រកួតប្រ​ជែង​ដណ្តើមយកជ័យលាភីប្រចាំឆ្នាំ២០១៨ ដើម្បីប្រែក្លាយវិស័យទាំងនោះឲ្យកាន់តែមានសក្តានុពល ។
យោងតាមសេចក្តីជូនដំណឹងស្តីពី ការរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំ២០១៨ របស់ធនា គារជាតិនៃកម្ពុជា ក្រោមប្រធានបទ “ការពង្រីកប្រភពកំណើនសេដ្ឋកិច្ចកម្ពុជា” គឺបានផ្តោតទៅលើ​វិស័យអទិភាពម៉ាក្រូសេដ្ឋកិច្ចចំនួន៥ រួម​មាន ការជម្រុញវិស័យកសិកម្ម ការពង្រីកមូលដ្ឋាននាំចេញ ផលិតផលនិងទីផ្សារការធ្វើសមាហរណកម្ម ជាមួយ​បណ្តាញផលិត​កម្ម និងខ្សែសង្វាក់នៃការ​ផ្គត់​ផ្គង់​ក្នុងតំបន់ ការប្រើប្រាស់សក្តានុពលទេសចរណ៍ និងការរៀបចំកម្លាំងពលកម្មសម្រាប់​អនាគត ខណៈ​ដែលកំណើនសេដ្ឋកិច្ចរឹងមាំ គូបផ្សំនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បានចូលរួមកាត់បន្ថយភាពក្រីក្រនៅ​កម្ពុជា​ជាលំដាប់។


វិស័យជាទិភាពក្នុងម៉ាក្រូសេដ្ឋកិច្ច ដែលលើកមកប្រកួតប្រជែងរួមមាន ទី១ ការជម្រុញវិស័យ​កសិ​កម្ម ទី២ ការពង្រីកមូល​ដ្ឋាននាំចេញរួមមាន ផលិតផលនិងទីផ្សារ (ពិនិត្យលើនិន្ទាការថ្មីៗ ក្នុងកា​រ​ធ្វើពិពិធកម្មនាំចេញ រួមទាំងឧបសគ្គនិងផលិតផលនៃទិសដៅនាំចេញ ការវាយតម្លៃផលិតផល និង​ទីផ្សារដែលមានសក្តានុពល សម្រាប់ការធ្វើ​ពិពិធ​កម្ម នាំចេញនាពេលអនាគត និងពិចារណាគំនិតផ្តូច​ផ្តើម​គោលនយោបាយក្នុងស្រុក ដែលអាចពិចារណាយកសក្តានុពលនោះ​បាន ទី៣ ការធ្វើសមា​ហរ​ណកម្មជាមួយបណ្តាញផលិតកម្ម និងខ្សែសង្វាក់នៃការផ្គត់ផ្គង់ក្នុងតំបន់ (ពិនិត្យស្ថានភាព ថ្មីៗនៃការ​ចូលរួមរបស់កម្ពុជា ក្នុងបណ្តាញផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ជាដើម ។
ទី៤ ការប្រើប្រាស់សក្តានុពលទេសចរណ៍ (សិក្សាសក្តានុពលទេសចរណ៍ ដើម្បីរួមចំណែ​កគាំ​ទ្រ ដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ និងកំណត់គោលនយោបាយក្នុង​ការប្រើប្រាស់​សក្តានុព​ល​ទាំងនោះរួមមាន ការធ្វើឲ្យមានកំណើនរឹងមាំក្នុងវិស័យទេសចរណ៍ សំដៅដល់អត្ថប្រយោជន៍ដល់​សហគមន៍ក្នុងស្រុក និងទី៥ ការរៀបចំកម្លាំងពលកម្មសម្រាប់អនាគត (ដោយសារការកើន​ឡើង​នៃកា​រ​ប្រើប្រាស់បញ្ញាសិប្បនិម្មិត និងស្វ័យប្រវត្តិកម្មការងារ ជាច្រើននាពេលអនាគតអាចបាត់បង់ ខណៈ​ការងារថ្មីៗដែលត្រូវការជំនាញផ្សេងៗគ្នា ដែលតម្រូវឲ្យប្រព័ន្ធអប់រំ និងការបណ្តុះបណ្តាលត្រូវមាន​ភាពបត់បែន ដើម្បីឲ្យយុវជនទទួលបានជំនាញដែលជាតម្រូវការនាពេលអនាគត។
បេក្ខជនដែលមានចំណាប់អារម្មណ៍ចូលរួមប្រកួតប្រជែង អាចជ្រើស​រើស​យក​ប្រធាន​បទ​ណា​មួយ សូមផ្ញើរប្រវត្តិរូបសង្ខេបមក អគ្គនាយកដ្ឋានបច្ចេកទេស នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨​ខាង​មុខនេះ ធនា​គារ​​ជាតិនៃកម្ពុជា នឹងជ្រើសរើសអត្ថបទស្រាវជ្រាវដែលមានគុណវុឌ្ឍិ ដើម្បីបង្ហាញ​ក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំ​ឆ្នាំ​២០១៨ ក្នុងនោះអ្នកជាប់ជ័យលាភី និងទទួលបានរង្វាន់​លើក​ទឹកចិត្ត ព្រមទាំងបោះពុម្ភផ្សាយលើគេហទំព័រ និងព្រឹត្ត​បត្រ​ត្រីមាសរបស់ធនាគាជាតិនៃកម្ពុជា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here