ដោយៈ ម៉ាណេត
ភ្នំពេញៈ អ្នកជំនាញបានអះអាងថា ការអភិវឌ្ឍន៍លំនៅដ្ឋានបែបប្រណីត ឬមានតម្លៃថ្លៃ បាននិងកំពុងបាញ់ឆ្ពោះ ទៅកាន់តំបន់ជាយរាជធានីភ្នំពេញស្ទើរតែគ្រប់ទិស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ដោយៈ ម៉ាណេត
ភ្នំពេញៈ អ្នកជំនាញបានអះអាងថា ការអភិវឌ្ឍន៍លំនៅដ្ឋានបែបប្រណីត ឬមានតម្លៃថ្លៃ បាននិងកំពុងបាញ់ឆ្ពោះ ទៅកាន់តំបន់ជាយរាជធានីភ្នំពេញស្ទើរតែគ្រប់ទិស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់តាមទូរសព្ទនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ការអភិវឌ្ឍន៍លំនៅដ្ឋានបែបប្រណីតទៅកាន់ជាយរាជធានី ដោយសារតែតម្លៃដីនៅក្បែរៗ ឬកណ្ដាលរាជធានី ដែលធ្វើឱ្យអ្នកវិនិយោគមិនអាចរកប្រាក់ចំណេញបាន។
លោកបានថ្លែងថា “អ្នកវិនិយោគត្រូវការតម្លៃដីទាបល្មម ដែលអាចឱ្យពួកគេចំណេញពីការវិនិយោគ។ ម្យ៉ាងទៀតនៅក្បែរ ឬកណ្ដាលរាជធានី ក៏មិនមានដីទូលាយ សម្រាប់អភិវឌ្ឍន៍ជាបុរីបានស្រួលនោះដែរ” ។ លោកបន្តថា “នៅតំបន់ជាយរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ ក៏មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានច្រើនផងដែរ ដែលជំរុញអោយវិនិយោគិនងាកទៅរកតំបន់ជាយៗក្រុង សម្រាប់អភិវឌ្ឍន៍គម្រោងរបស់ខ្លួន” ។
លោកសុខនីមបានថ្លែងថា តាមផែនការមេរបស់រាជរដ្ឋាភិបាល ក៏បានកំណត់ការអភិវឌ្ឍជុំវិញរាជធានីជាមុំ៣៦០ដឺក្រេ។ ដូច្នេះហើយគ្រប់ទិសនៃរាជធានី គឺត្រូវមានការអភិវឌ្ឍជាបន្តបន្ទាប់។ សម្រាប់តម្លៃត្រឹម២០ឬ៣០ម៉ឺនដុល្លារអាមេរិក នៅតំបន់ជាយរាជធានី បច្ចុប្បន្នគឺនៅមានការគាំទ្រច្រើន ពីប្រជាពលរដ្ឋព្រោះថា វាក៏មិនទាន់ថាឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញដែរ។
លោកប៉ូ អ៊ាវគង់ អគ្គនាយក និងស្ថាបនិកក្រុមហ៊ុនអ៊ែតវ៉ាន់ស៍ រៀលអ៊ីស្ទេតបានថ្លែងប្រាប់កាលពីថ្មីៗនេះថា សញ្ញាវិជ្ជមានសម្រាប់ វិស័យអចលនទ្រព្យចាប់ផ្តើមមានឡើងវិញជាបណ្តើរៗ ហើយទន្ទឹមនឹងនេះ លំនៅដ្ឋានបែបប្រណីតក្នុងគម្រោងបុរីថ្មីៗមួយចំនួន ត្រូវបានដាក់ដំណើរការសាងសង់នៅដើមឆ្នាំ២០២១នេះ។
លោកបានឱ្យដឹងថា “តម្រូវការលំនៅដ្ឋានបែបប្រណីតភាគច្រើន ទីផ្សារនៅក្នុងស្រុករបស់យើង ហើយមួយភាគតូច ក៏ត្រូវបានវិនិយោគិនទិញសម្រាប់ជួល ទៅឱ្យអ្នកប្រធានអង្គការធំៗ និងប្រធានក្រុមហ៊ុនធំៗពីបរទេស ដើម្បីទទួលបានផលចំណេញផងដែរ” ។ លោកបន្ថែមថា “យើងឃើញថាតម្រូវការលំនៅដ្ឋានបែបប្រណីត នៅដើមឆ្នាំ២០២១ នៅតែមានកំណើន ដោយសារអ្នកមានចំណូលខ្ពស់ និងអ្នករកស៊ីមានរំហូរសាច់ល្អ នៅតែត្រូវការលំនៅដ្ឋានបែបប្រណីត” ។
លោកបានបន្តថា ដើមឆ្នាំ២០២១ សញ្ញាវិជ្ជមានចំពោះវិស័យ អចលនទ្រព្យនៅកម្ពុជា ចាប់ផ្តើមបង្ហាញជាបណ្តើរៗ ដោយសារស្ថាប័នធំៗ បានព្យាករពីកំណើនវិជ្ជមានសេដ្ឋកិច្ចកម្ពុជា ដែលវាផ្តល់ទំនុកចិត្តដល់អ្នកអភិវឌ្ឍន៍ និងវិនិយោគិន។
លំនៅដ្ឋានបែបប្រណីតមានតម្លៃចាប់ពី១០ម៉ឺនដុល្លារ ទៅដល់ជាង១លានដុល្លារ ហើយលំនៅដ្ឋានបែបប្រណីតភាគច្រើន ត្រូវបានអភិវឌ្ឍន៍ក្នុងគម្រោងបុរី៕