ការគាំទ្រពីរដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុនានាធ្វើឱ្យវិស័យអចលនទ្រព្យចាប់ផ្តើមមានសញ្ញាវិជ្ជមានឡើងវិញ

0

ដោយ៖ រ៉ាណេត

ភ្នំពេញ៖ ដោយមានការគាំទ្រពីគោលនយបាយរបស់រាជរដ្ឋាភិបា និងការគាំទ្រកម្ចីពីធនាគារនានានៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន បាន នឹងកំពុងជួយជំរុញឱ្យមានកំណើនលើការទិញលក់អចលនទ្រព្យបានយ៉ាងប្រសើរបើទោះជាស្ថានភាពដែលកំពុងប្រឈមនឹងវិបត្តិកូវីដនៅបន្តក៏ដោយ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា វិស័យអចលនទ្រព្យបានទទួលរងនូវផលប៉ះពាល់ចាប់តាំពីដើមឆ្នាំ ២០២០កន្លងមកនេះដោយការរីករាលដាលនៃជំងឺកូវីដ១៩ ដោយមានការធ្លាក់ចុះនូវការទិញលក់ ប៉ុន្តែសម្រាប់វិនិយោគិន និងអ្នកអភិវឌ្ឍន៍ក្នុងស្រុកនៅតែបន្តធ្វើសកម្មភាព។

លោកបន្តថា “សម្រាប់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានៅតែមានសកម្មភាព ដោយសារមានការគាំទ្រពីអតិថិជននៅក្នុងស្រុក និងមានការគាំទ្រ ពីសំណាក់រាជរដ្ឋាភិបាលដែលអនុគ្រោះនូវចំណុចនានាជាច្រើនពាក់ព័ន្ធទៅនឹងទៅទីផ្សារអចលនទ្រព្យ ជាពិសេសការលើកលែងពន្ធលើការទិញះលក់អចលនទ្រព្យដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ”។

លោកបន្ថែមទៀតថា “ក្រៅពីមានការគាំទ្រពីរាជរដ្ឋាភិបាលតាមរយៈគោលនយោបាយដីធ្លី ក៏មានការគាំទ្រពីធនាគារនៅក្នុងស្រុក ដោយនៅតែបន្តផ្តល់កម្ចីនៅក្នុងវិស័យអចលនទ្រព្យ ហើយនេះគឺជារឿងល្អ ដែលធ្វើឱ្យវិស័យនេះនៅតែមានភាពល្អប្រសើរ បើទោះបីស្ថិតនៅក្នុងវិបត្តិយ៉ាងណាក៏ដោយ” ។

លោកបញ្ជាក់ទៀតថា នៅក្នុងវិបត្តិនេះ ឃើញសកម្មភាពទិញលក់លើវិស័យដីធ្លីនៅក្នុងប្រទេសនៅតែមាន ប៉ុន្តែសម្រាប់តម្លៃវិញមិនមានការធ្លាក់ថ្លៃនោះទេ បើទោះបីស្ថិតនៅក្នុងវិបត្តិនេះជិតមួយឆ្នាំកន្លងមកក៏ដោយ ហើយបញ្ហានេះនឹងជួយជំរុញឱ្យវិស័យអចលនទ្រព្យនៅក្នុងប្រទេសនៅតែមានមានសកម្មភាពផងដែរ។

លោកស្រីអាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា វិនិយោគិនក្នុងស្រុកបានគិតគូរ និងពិចារណាយ៉ាងល្អិតល្អន់មុននឹងសម្រេចចិត្តបោះទុនវិនិយោគ ដោយផ្តោតសំខាន់លើតម្រូវការជាក់ស្ដែងរបស់ពីអតិថិជនក្នុងស្រុក។

លោកស្រីបានបន្តថា “ភាគច្រើនអ្នកអភិវឌ្ឍន៍បានផ្តោតសំខាន់ទៅលើការអភិវឌ្ឍលំនៅដ្ឋានដែលមានតម្លៃសមរម្យ ពោលគឺក្រោម១០ម៉ឺនដុល្លារចុះក្រោម ដោយសហការជាមួយធនាគារឯកជនដើម្បីជំរុញដល់ការលក់ និងផ្តល់លក្ខខណ្ឌងាយស្រួលដល់អតិថិជនផងដែរ”។

លោកស្រីបញ្ជាក់ថា “ឱ្យតែមានតម្រូវការទីផ្សារក្នុងស្រុក អ្នកអភិវឌ្ឍន៍នៅតែសម្រេចចិត្តបោះទុនវិនិយោគ និងអភិវឌ្ឍន៍គម្រោងជាបន្តបន្ទាប់ទៀត ដែលក្លាយជាចំណុចសំខាន់នៅក្នុងការទ្រទ្រង់វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here