ដោយ៖ លក្ខិណា
ភ្នំពេញ៖ កម្ពុជាទទួលបានទុនវិនិយោគពីវិស័យសំណង់ទូទាំងប្រទេសចំនួនប្រមាណ៦០,៨៧ពាន់លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០០០ ដល់ដំណាច់ឆ្នាំ២០២០ ខណៈគម្រោងសាងសង់សរុបទូទាំងប្រទេសមានចំនួន៥៣ ២៨៧គម្រោង នៅលើផ្ទៃក្រឡាសរុបចំនួន១៥៣,៦២លានម៉ែត្រក្រឡា។ នេះបើតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
យោងតាមរបាយការណ៍នខាងលើបានបង្ហាញថា គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងនៅទូទាំងប្រទេសមានចំនួន២ ១៨០អគារ ក្នុងនោះខេត្តព្រះសីហនុ មាន៦១៥អគារ។
អគារខ្ពស់ៗចាប់ពី៥ជាន់ ដល់៩ជាន់ មានចំនួន១ ១៧៦អគារ ហើយអគារចាប់ពី១០ជាន់ ទៅ១៩ជាន់ មានចំនួន៦២៥អគារ អគារកំពស់ពី២០ជាន់ ដល់២៩ជាន់ មានចំនួន២០៧អគារ កំពស់ពី៣០ជាន់ ដល់៣៩ជាន់ មាន១២២អគារ និងអគារកំពស់ចាប់ពី៤០ជាន់ឡើង មានចំនួន៥០អគារ។
ក្រៅពីសំណង់អគារខ្ពស់ៗ កម្ពុជាក៏មានការវិនិយោគច្រើនទៅលើបុរីលំនៅឋានផងដែរ ដោយក្នុងនោះ គម្រោងបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន៣៩៣គម្រោង។
ដោយឡែកគិតចាប់ពីឆ្នាំ២០០៨ ដល់ដំណាច់ឆ្នាំ២០២០ សំណង់សណ្ឋាគារវិញមានចំនួន១ ៩៣៧គម្រោង សំណង់អគារពាណិជ្ជកម្មមានចំនួន ២ ៦៥១គម្រោង សំណង់អគាររោងចក្រមានចំនួន១០ ៤២២គម្រោង និងសំណង់អគារពហុមុខងារ មានចំនួន២០៧គម្រោង។
អ្នកជំនាញក្នុងវិស័យអចលវត្ថុនៅកម្ពុជាបានលើកឡើងថា កម្ពុជានៅតែមានសក្ដានុពលខ្ពស់ក្នុងការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ ហើយបណ្ដាខេត្តមួយចំនួន ដូចជាខេត្តព្រះសីហនុ និងខេត្តសៀមរាប កំពុងទាក់ទាញខ្លាំងលើវិស័យសំណង់ និងអចលនទ្រព្យ ដោយសារតែរដ្ឋាភិបាលបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនខ្សែ ដើម្បីទាក់ទាញ និងសម្រួលដល់ការវិនិយោគរបស់វិនិយោគិនក្នុង និងក្រៅប្រទេស។
ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ធំមួយនៅក្នុងប្រទេសកម្ពុជា បានប្រកាសថា ខ្លួនជ្រើសរើសយកភ្នំពេញជាចំណុចស្នូលនៃការអភិវឌ្ឍរបស់ខ្លួន ហើយយកខេត្តព្រះសីហនុ និងសៀមរាបជាស្លាបទាំងពីរនៃការវិនិយោគរបស់ខ្លួនផងដែរ៕