ផ្សារ​ហ៊ុន​នៅក្នុង​ពិភពលោក​ចាប់ផ្ដើម​ហក់​ឡើងវិញ មិន​ធ្លាប់មាន​សាជាថ្មី

0

ដោយ ​សុខុម

ក្រុង​ឡុង​ដ៍៖ ទីផ្សារ​ភាគហ៊ុន​ពិភពលោក​បាន​ហក់​ឡើង​រយៈពេល ៨ថ្ងៃជាប់ៗគ្នា​ដល់​កម្រិត​ខ្ពស់បំផុត​មិន​ធ្លាប់មាន ខណៈ​ទីផ្សារ​មាន​សុ​ទិ​ដ្ឋ​និយម​ដោយសារ​ការ​ក្ដីសង្ឃឹម​ចំពោះ​ការបញ្ចេញ​កញ្ចប់​ថវិកា​ស្ដារ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក និង​ការ​ចែកចាយ​វ៉ាក់សាំង។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចុះផ្សាយ​កាលពី​ថ្ងៃទី១០ កុម្ភៈ ឱ្យដឹងថា ស​ន្ទ​ស្សន៍​ផ្សារភាគហ៊ុន​ពិភពលោក MSCI ដែល​តាមដាន​ភាគហ៊ុន​ក្នុង ៤៩ ប្រទេស​បាន​ហក់​ឡើង ០,៣% ឈានដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់មាន​សាជាថ្មី។

ស​ន្ទ​ស្សន៍​ផ្សារភាគហ៊ុន​អឺរ៉ុប ក៏បាន​ហក់​ឡើង​ដែរ ដោយ​ផ្សារភាគហ៊ុន STOXX 600 ហក់​ឡើង ០,៣% ហើយ​ផ្សារភាគហ៊ុន London’s FTSE 100 ហក់​ឡើង ០,៤% ។

លោក Kiran Ganesh អ្នកធ្វើ​យុទ្ធសាស្ត្រ​ទីផ្សារ​ប្រចាំ​នៅ​ធនាគារ​វិនិយោគ​ពហុ​ជាតិ​សាសន៍ UBS លើកឡើងថា “ក្ដីសង្ឃឹម​ចំពោះ​ការទម្លាក់​កញ្ចប់​ថវិកា​ស្ដារ​សេដ្ឋកិច្ច​នៅក្នុង​សហរដ្ឋ​អាម​រិ​ក បាន​ជួយ​ជំ​រុញឱ្យ​ទីផ្សារ​ភាគហ៊ុន​ហក់​ឡើង ព្រោះ​ពេលនេះ​លោក ចូ បៃ​ឌិន កំពុងតែ​ជជែក​ចរចា​ជុំវិញ​សេចក្ដីព្រាង​កញ្ចប់​ថវិកា​សេដ្ឋកិច្ច ១,៩ ទ្រី​លាន​ដុល្លារ​របស់លោក ដែល​ស្មើនឹង​ប្រមាណ ៩% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​សហរដ្ឋអាមេរិក” ។

ធនាគារ​វិនិយោគ UBS រំពឹងថា ក្រោយ​ការជជែក​ចរចា​ជាមួយ​ក្រុមមន្ត្រី​មកពី​គណបក្ស​សាធារណរដ្ឋ កញ្ចប់​ថវិកា​នេះ​អាច​នឹង​ថយចុះ​មក​នៅ​យ៉ាងហោចណាស់​ក៏​ប្រហែល ១,៥ ទ្រី​លាន​ដុល្លារ​ដែរ។

ប្រធានាធិបតី​អាមេរិក ចូ បៃ​ឌិន បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ ទី៩ កុម្ភៈ​ថា លោក​បាន​យល់​ស្របតាម​សំណើ​របស់​ក្រុម​សមាជិកសភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ ដែល​សុំឱ្យ​កំណត់​យ៉ាង​តឹងរ៉ឹង​លើ​ប្រាក់ចំណូល​សម្រាប់​អ្នក​ដែល​ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​កូ​វីដ-១៩ ឬក៏​ឈប់​ផ្ដល់ឱ្យ​តែម្ដង​សម្រាប់​អ្នកមាន​ប្រាក់ចំណូល​ខ្ពស់។

ងាក​មក​មើល​តម្លៃ​ប្រេង​វិញ គឺ​បាន​ឡើងថ្លៃ​រយៈពេល ៩ ថ្ងៃជាប់ៗគ្នា​ដោយសារ​អ្នក​ផលិត​ប្រេង​កាត់បន្ថយ​ការផ្គត់ផ្គង់​ជា​បណ្ដោះអាសន្ន និង​ក្ដី​រំពឹង​ចំពោះ​ការ​ចែកចាយ​វ៉ាក់សាំង។

ដោយឡែក ស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់​របស់​ចិន បាន​ធ្លាក់ចុះ​ខ្លាំង​ជាង​ការរំពឹងទុក ប៉ុន្តែ​តម្លៃ​ទំនិញ​រោងចក្រ​បាន​កើន​ឡើងជា​លើកដំបូង​ក្នុងពេល ១២ ខែ​ដោយសារ​ការ​ងើបឡើង​នៅក្នុង​វិស័យ​ឧស្សាហកម្ម។

ទន្ទឹមនេះដែរ រូបិយប័ណ្ណ​ដុល្លារ បាន​ធ្លាក់​ថ្លៃ ០,១% ទល់នឹង​រូបិយប័ណ្ណ​មួយចំនួន ដែលជា​កម្រិត​ទាប​ក្នុង​រយៈពេល ២ សប្ដាហ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here