ដោយ គង់ សូរិយា
ភ្នំពេញ៖ ING CITYជាទីក្រុងរណបស្ថិតនៅភាគខាត្បូង និងជាទីក្រុងរណបធំជាងគេនៅរាជធានីភ្នំពេញ ដោយគ្របដណ្តប់លើផ្ទៃដីជាង២៥០០ហិកតា ជាផ្ទៃដីដ៏ធំនិងត្រូវចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីឲ្យទីក្រុងនេះចេញរូបភាពពេញលេញ។
ក្រុមហ៊ុន ING Holding Co, Ltd ដែលជាអ្នកអភិវឌ្ឍន៍គំរោងនេះ បានទទួលប្លង់មេពីសាលារាជធានីភ្នំពេញរួចហើយ។
ការអភិវឌ្ឍក្រុងរណបនេះធ្វើឡើងតាមទស្សនទាន និងចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែង ដើម្បីប្រែក្លាយទីនោះឲ្យទៅជាទីក្រុងដ៏ទំនើបទាន់សម័យដូចនៅ ប្រទេសរីកចម្រើននានា ដែលលោកធ្លាប់បានទៅទស្សនកិច្ចដូចជា សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងបណ្តាប្រទេសជាច្រើននៅតំបន់មជ្ឈិមបូព៌ា។
ថ្នាក់ដឹកនាំមួយរូបនៃក្រុមហ៊ុន ING CITY ធ្លាប់បានមានប្រសាសន៍ឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា «ការអភិវឌ្ឍក្រុងរណប ING City ខ្ញុំគ្មានបំណងប្រមូលប្រាក់ចំណេញត្រឡប់មកវិញភ្លាមៗនោះទេ ព្រោះខ្ញុំចង់អភិវឌ្ឍទីក្រុងនេះឲ្យមានចីរភាព មានការគិតគូរពីបរិស្ថាន និងផ្តល់គុណតម្លៃដល់ជីវិតសម្រាប់អ្នករស់នៅទីនេះ»។ លោកបន្តថា៖ «ក្រុងរណបនេះនឹងត្រូវអភិវឌ្ឍឡើងតាមលំនាំទីក្រុងស៊ីវិល័យ ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ ហើយប្រព័ន្ធខ្សែភ្លើងទាំងអស់នឹងត្រូវកប់នៅក្រោមដី»។
យោងតាមឯកសារផែនការមេឆ្នាំ២០១៤-២០២០ របស់ក្រុមហ៊ុន ING Holdings Co, Ltd ដែលPropertyarea.asia ទទួលបានកាលពីពេលថ្មីៗនេះបានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ក្រុងរណបនេះត្រូវចែកចេញជា៤ដំណាក់កាល ជាច្រើនដែលត្រូវអនុវត្តលើផ្ទៃដីសរុប៥៧១ហិកតា ដែលត្រូវបែងចែកជាតំបន់ពាណិជ្ជកម្ម តំបន់រដ្ឋាភិបាល កន្លែងស្តុកសម្ភារសំណង់ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញ កន្លែងលក់ផលិតផលពីរោងចក្រ មជ្ឈម ណ្ឌលរថយន្ត មន្ទីរពេទ្យជប៉ុន សហគមន៍ជប៉ុន តំបន់សម្រាប់សង់ផ្ទះចូលនិវត្តន៍ជនជាតិចិន ផ្សារទំនើប និងមជ្ឈមណ្ឌលមធ្យោបាយធ្វើដំណើរមានដូចជាផ្លូវរទេះភ្លើង រថយន្តតាក់ស៊ី និងរថយន្តក្រុងជាដើម។ល។
ក្រុងរណបនេះមានផ្ទៃដីទំហំ ២៥៧២ ហិកតា និងមានអាងស្តុកទឹកទំហំ ៥២០ ហិកតា ដោយភ្ជាប់ខណ្ឌ ៣ របស់រាជធានីភ្នំពេញ គឺ ខណ្ឌចំការមន មានជ័យ ដង្កោ និង ក្រុងតាខ្មៅរបស់ខេត្តកណ្តាល។
គម្រោងអភិវឌ្ឍន៍ក្រុងរណប ING City ក៏បានធ្វើឡើងស្របតាមទស្សនវិស័យរបស់វីរស្ថាបត្យករកម្ពុជាលោក បណ្ឌិត វណ្ណ មូលីវណ្ណដែលបានទទួលមរណភាពទៅហើយធ្លាប់បានមានប្រសាសន៍ថា «ខ្ញុំគិតថា ការអភិវឌ្ឍរាជធានីភ្នំពេញទៅភាគខាងត្បូង គឺល្អជាងភាគខាងលិច ព្រោះភាគខាងត្បូងជាតំបន់ខ្ពស់ និងមានទន្លេសម្រាប់រំដោះទឹកចេញចៀសផុតពីបញ្ហាគ្រោះទឹកជំនន់បាន»។ លោកបន្តថា ប្រជាជនមករស់នៅភ្នំពេញអាចនឹងកើនឡើងដល់ជិត៣លាននាក់ ដែលធ្វើឲ្យភ្នំពេញត្រូវការផ្ទៃដីធំជាងបច្ចុប្បន្ន ៣ ដង ដូច្នេះគេត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យបានល្អដើម្បីស្របតាម កំណើនរបស់ប្រជាជន»។
បច្ចុប្បន្ននេះ ផ្ទៃដីទីក្រុងនេះមួយចំនួនត្រូវបានលក់ជូនដល់ក្រុមហ៊ុនឯកជន ដូចជាក្រុមហ៊ុនប៉េង ហួតគ្រុប ដែលកំពុងសាងសង់បុរីប្រណីត និងផ្សារទំនើបនៅតំបន់នេះ និងក្រុមហ៊ុនក្នុងស្រុកដទៃទៀត ដូចជាក្រុមហ៊ុនបុរី WOODLAND, និងក្រុមហ៊ុនអន្តរជាតិជាច្រើនទៀត ដូចជាក្រុមហ៊ុននាំចូលរថយន្តម៉ែកសឺដេស ក្រុមហ៊ុន AEON MALL និងសាលាអន្តរជាតិ ISPP ជាដើម។
លោក Barry Sutherland នាយកសាលា ISPP ដែលបានវិនិយោគសាងសង់សាលាដ៏ធំនៅតំបន់នេះបានឲ្យដឹងថា លោកកំពុងវិនិយោគប្រាក់ប្រមាណ៤០លានដុល្លារសម្រាប់កសាងសាលា ISPP ក្នុងក្រុងរណប ING City ព្រោះលោកយល់ថា តំបន់ដែលសាលារៀនអន្តរជាតិភ្នំពេញ នឹងបង្ហាញខ្លួននាពេលខាងមុខ គឺជាតំបន់ដែលមានសក្តានុពលខ្លាំង ព្រោះមានការតភា្ជប់ជាមួយនឹងផ្លូវពីរសំខាន់ៗ គឺផ្លូវលេខ២៧១ និងផ្លូវជាតិលេខ ២។
លោកបន្តថា “ទោះបីខ្ញុំពេញចិត្តទីស្នាក់ការរបស់ខ្ញុំ នៅសង្កាត់បឹងកក់១ និងមានទំនាក់ទំនងល្អជាមួយម្ចាស់ដីនៅទីនោះក៏ដោយ ក៏វាជាការល្អសម្រាប់យើងក្នុងធ្វើជាម្ចាស់ខ្លួនឯងលើដីនិង អគារនៅទីតាំងថ្មីនេះ»។
អ្នកជំនាញផ្នែកនគររូបនីយកម្មលំដាប់អន្តរជាតិ បានគាំទ្រនិងសម្តែងសុទិដ្ឋិនិយមពីគំរោងទីក្រុងរណបដ៏ធំមួយនេះ។
លោកបណ្ឌិត បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានបញ្ចប់ថ្នាក់បណ្ឌិតនៅ ចក្រភពអង់គ្លេស និង ប្រទេសហូឡង់ ផ្នែកផែនការអភិវឌ្ឍន៍ និងគ្រប់គ្រងទីក្រុង មានប្រសាសន៍ថា បើនិយាយពីលក្ខណសម្បត្តិរបស់ក្រុងរណប ING City និងបញ្ហាបរិស្ថាន គឺក្រុមហ៊ុនអភិវឌ្ឍន៍ អាចមានលទ្ធភាពរៀបចំទីក្រុងនេះឲ្យបានល្អប្រសើរ ព្រោះតំបន់នោះជាតំបន់ដែលមិនទាន់មានការតាំងទីលំនៅដូច្នេះការ រៀបចំអាចមានភាពល្អ សមស្របតាមបទ ដ្ឋានអន្តរជាតិ។
លោកបន្តថា “នេះជាឱកាសមាសសម្រាប់ទីតាំង ដែលមិនទាន់មានការតាំងទីលំនៅ ដោយអ្នករៀបចំប្លង់អភិវឌ្ឍន៍ក្រុងមានលទ្ធភាពធ្វើឲ្យទីក្រុងនេះ មានបរិយាកាសរស់នៅល្អ មានផាសុកភាព និងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្របតាមស្តង់ដារអន្តរជាតិ”។
លោកខេមរ៉ូបានមានប្រសាសន៍ឲ្យដឹងទៀតថា “សម័យបច្ចេកវិទ្យាជឿនលឿនទីក្រុងមានសណ្ឋានដីខ្ពស់ ឬទាបមិនមានបញ្ហាគួរឲ្យបារម្ភនោះទេ។ ការខ្ពស់ជាង ឬទាបជាងកម្ពស់ទឹកទន្លេលែងជាទៀតបញ្ហាហើយ”។
លោកបណ្ឌិតបានបន្តថា តាមពិតដូចនៅប្រទេសសិង្ហបុរី គេបានបង្កើតពហុមជ្ឈមណ្ឌលសេដ្ឋកិច្ចក្នុងទីក្រុងរបស់គេច្រើនកន្លែង គឺដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍។ ប្រសិនបើរាជធានីភ្នំពេញ មានប៉ូលសេដ្ឋកិច្ចតែមួយមនុស្សនឹងប្រមូលផ្តុំនៅកន្លែងតែមួយ។ ហេតុនេះការពង្រីកប៉ូលសេដ្ឋកិច្ចច្រើនកន្លែង នឹងធ្វើឲ្យប្រជាពលរដ្ឋមិនប្រមូលផ្តុំតែមួយកន្លែងនោះទេ ដែលនេះជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំ និងអភិវឌ្ឍន៍ទីក្រុងផងដែរ។
លោកបានបន្តថា “ការកសាងក្រុងរណបជុំវិញរាជធានីភ្នំពេញ គឺជាទិសដៅនៃការអភិវឌ្ឍដ៏ត្រឹមត្រូវ ហើយការអភិវឌ្ឍទីក្រុងនាពេលនេះមិនរើសទិសដូចការអភិវឌ្ឍកាលពី សម័យមុននោះទេ”៕
ផែនការអភិវឌ្ឍន៍ទីក្រុងរណបនេះគឺជាដំណឹងល្អ ហើយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ នាងខ្ញុំសូមសំដែងការសាទរចំពោះផែនការមួយនេះ។ ក៏ប៉ន្តែអ្វីដែលខ្ញុំមិនយល់គឺថា តើហេតុអ្វីចាំបាច់ឱ្យមានតំបន់សម្រាប់សាងសង់ផ្ទះចូលនិវត្តន៍ជនជាតិចិនដែរ? ឬមួយគិតថានាពេលបច្ចុប្បន្ននេះ ជនជាតិចិនដែលមករស់នៅលើទឹកដីខ្មែរវានៅតិចពេក? រាល់ការអភិវឌ្ឍគប្បីគិតដល់ប្រយោជន៍ម្ចាស់ស្រុកជាមុន និងឱ្យបានច្រើន ចៀសវាងការអភិវឌ្ឍណាមួយដែលមានទិសដៅបម្រើផលប្រយោជន៍របស់មនុស្សមួយក្តាប់តូច ឬចំពោះនរណាម្នាក់។