ដោយ ៖ គង់ សូរិយា
ភ្នំពេញ មនុស្សកាន់តែច្រើនបានចាប់អារម្មណ៍ និងចង់រកស៊ីក្នុងវិស័យអចលនទ្រព្យ ស្របពេលវិស័យនេះមានការរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា ព្រោះការមកដល់នូវអ្នកវិនិយោគធំៗ ដែលបានបង្ហូរទុនរាប់ពាន់លានដុល្លារនៅកម្ពុជា។ ទន្ទឹមនឹងការរីកចម្រើនវិស័យនេះ អ្នកផ្តល់សេវាកម្ម និងរកស៊ីក្នុងវិស័យនេះក៏មានការកើនឡើងយ៉ាងច្រើន ។ សំណួរសួរថា តើអ្នកចង់រកស៊ីក្នុងវិស័យនេះ ត្រូវមានចំណេះដឹង និងជំនាញអ្វីខ្លះ ទើបអាចទទួលបានជោគជ័យក្នុងវិស័យនេះ ?

-->
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong ដែលបានទទួលជោគជ័យច្រើនក្នុងវិស័យនេះបានចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងក្នុងវិស័យនេះ ដោយលោកបានថ្លែងថា “ដើម្បីរកស៊ីក្នុងវិស័យនេះបានជោគជ័យត្រូវមានចំណេះដឹង ជំនាញ បទពិសោធន៍ និងចេះប្រើធនធានមនុស្ស និងធនធានថវិកា”។
អ្វីជាចំណេះដឹង?
ចំណេះដឹង ជាការសំដៅលើការចេះ ប្រមូលព័ត៌មានយ៉ាងដូចម្តេចឲ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវពង្រាយកំលាំងយ៉ាងម៉េចឲ្យបានគ្រប់កន្លែង ដើម្បីអាចទទួលបានព័ត៌មានបើកផ្លូវ និងព័ត៌មានពាក់ព័ន្ឋ ក្នុងវិស័យដែលយើងត្រូវផ្តល់សេវាកម្ម ឬវិនិយោគ។
ស្គាល់ខ្លួនឯង
យើងក៏ត្រូវយល់ដឹងពីខ្លួនឯងឲ្យបានច្បាស់ថា ខ្លួនយើងជាអ្នកណា មានជំនាញបែបណា និងចង់វិនិយោគលើវិស័យអ្វី? ឧទាហរណ៍ថា ចង់វិនិយោគលើដី យើងត្រូវដឹងថាដីកន្លែងណាល្អ និងងាយចំណេញប្រាក់។ ប្រសិនជាមានលុយតិច ហើយ ចង់វិនិយោគ យើងត្រូវវិនិយោគលើអចលនទ្រព្យណា ដែលមានចំណូលរៀងរាល់ខែ គឺអាចទិញផ្ទះ ឬទិញខុនដូសម្រាប់ជួល អាចបានចំណូលប្រចាំខែ ប៉ុន្តែប្រសិនជាទិញដីអាចកប់ដើម មិនមានប្រាក់បង្វិល ព្រោះការទិញដីមិនត្រូវកន្លែងអាចកប់ដើម មិនមានទុនបង្វិល ហើយប្រសិនជាជំពាក់ប្រាក់ធនាគារ នឹងប្រឈមមុខនឹងគ្មានទុនបង្វិល ដែលអាចប្រឈមមុខនឹងធនាគាររឹបអូសទ្រព្យសម្បត្តិ។
ការប្រឹក្សាយោបល់
ប្រសិនជាយើងមិនសូវចេះ និងមិនមានជំនាញ យើងត្រូវធ្វើការប្រឹក្សាយោបល់ជាមួយអ្នកជំនាញអចលនទ្រព្យ ដែលមានជំនាញ និងបទពិសោធន៍ដើម្បីផ្តល់តំបូន្មានថា យើងគួរធ្វើយ៉ាងម៉េច រៀបចំយ៉ាងម៉េច ដើម្បីឲ្យការបំពេញការងារ ឬការវិនិយោគក្នុងវិស័យនេះ មានភាពល្អប្រសើរ និងបញ្ចៀសបាននូវហានិភ័យ។
យើងត្រូវចេះប្រមូលព័ត៌មាន និងផ្តល់ការប្រឹក្សាជាមួយអ្នកជំនាញអចលនទ្រព្យ ដើម្បីយកព័ត៌មានគ្រប់ជ្រុងជ្រោយ មុនធ្វើការសម្រេចចិត្តថា តើការសម្រេចចិត្តរបស់យើងមានភាពត្រឹមត្រូវឬអត់ផងដែរ។
ប្រសិនជាចង់ទិញផ្ទះនៅតាមបុរី ក្រុមហ៊ុន Century 21 Mekong ជាអ្នកមានជំនាញលើការងារនេះ និងមានព័ត៌មានគ្រប់ជ្រុងជ្រោយ ដែលអាចប៉ាវដាច់ក្នុងបុរីនានាដូចជា បុរីប៉េង ហួត បុរីពិភពថ្មី និងបុរីដទៃទៀត ដោយយើងអាចផ្តល់ព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ និងអាចទុកចិត្តបាន។
ការកសាងទំនុកចិត្ត
ធ្វើជាក្រុមហ៊ុនអចលនទ្រព្យ អ្វីសំខាន់ត្រូវកសាងកេរ្ត៍ឈ្មោះ ព្រោះកេរ្ត៍ឈ្មោះជារឿងចាំបាច់សម្រាប់ជោគជ័យរយៈពេលវែង។ នៅក្នុងក្រុមហ៊ុនCentury 21 Mekong មុនចេញទៅធ្វើការ បុគ្គលិកត្រូវទទួលការបណ្តុះបណ្តាលចំនួន៤ចំណុចជាមុនសិន ដូចជា ជំនាញក្នុងការនិយាយ ជំនាញក្នុងការទំនាក់ទំនងភ្ញៀវ ជំនាញក្នុងការដោះស្រាយបញ្ហារបស់អតិថិជន និងជំនាញក្នុងការទិញ លក់ ជួលដោយជោគជ័យ។
ដូច្នេះដើម្បីធ្វើឲ្យភ្នាក់ងារអចលនទ្រព្យ មានចំណេះ ជំនាញ និងបទពិសោធន៍ដែលអាចធ្វើការបានក្នុងវិស័យនេះ គឺត្រូវការការបណ្តុះបណ្តាល និងពង្រីកភ្នាក់ងារឲ្យបានច្រើន ដើម្បីពង្រីកវិសាលភាពការងាររបស់យើងឲ្យបានទូលំទូលាយ។
ត្រូវមានឯកទេសអ្វីមួយជាក់លាក់
នៅក្នុងវិស័យអចលនទ្រព្យមានផ្នែកជាច្រើនខុសៗគ្នា ហេតុនេះយើងជាភ្នាក់ងារអចលនទ្រព្យ ឬចង់វិនិយោគក្នុងវិស័យនេះ ត្រូវមានជំនាញអ្វីមួយជាក់លាក់ ទើបយើងអាចធ្វើបានតាមគោលដៅរបស់យើង ទទួលបានប្រាក់ចំណេញ និងបញ្ចៀសបាននូវហានិភ័យចំពោះមុខ។
បញ្ហាប្រឈម
នៅក្នុងវិស័យអ្វីមួយក៏ដោយតែងតែមានហានិភ័យ ដូច្នេះភ្នាក់ងាររបស់យើង គឺប្រឈមនឹងហានិភ័យច្រើន ហេតុនេះដើម្បីបញ្ចៀសហានិភ័យ និងការបាត់បង់ទំនុកចិត្ត គឺយើងត្រូវបណ្តុះបណ្តាលភ្នាក់ងាររបស់យើងលើក្រមសីលធ៌ម គឺការផ្តល់ព៌តមានដោយស្មោះត្រង់ អាចជឿជាក់បាន និងមិនបំប៉ោងតំលៃ។ យើងមិនរកស៊ីយកចំណេញច្រើននោះទេ គឺយកចំណេញតិច តែបានរយៈពេលយូរ ដើម្បីសន្សំក្រេឌីត ហើយត្រូវបង្កើនទំនុកចិត្តឲ្យអតិថិជនពីមួយថ្ងៃទៅមួយថ្ងៃ ឲ្យមានជំនឿជឿជាក់លើសេវាកម្មរបស់យើង។
អតិថិជនត្រូវយល់ដឹងអ្វីខ្លះ
អតិថិជនត្រូវមានព៌តមាន និងចំណេះដឹងអ្វីខ្លះ ? ទី១ គាត់ត្រូវមានព៌តមានជាបឋមដើម្បីធ្វើការប្រៀបធៀបជាបឋម ពីអចលនទ្រព្យនៅជិតខ្លួន ទី២ ពួកគាត់អាចពិគ្រោះជាមួយភ្នាក់ងារអចលនទ្រព្យ ដែលពួកគេអាចឲ្យយោបល់បានត្រឹមត្រូវ ទី៣ ពួកគាត់(អតិថិជន) អាចឆែកពីព៌តមានពីលំនៅដ្ឋានរបស់អ្នកទិញខាង ដើម្បីធ្វើការសម្រេចចិត្តទិញផ្ទះឬអចលនទ្រព្យបានល្អ៕