ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅក្នុងបរិបទដែលកំពុងញាំញី ដោយការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ បង្កឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ច ស្ទើរគ្រប់បណ្តាប្រទេសនោះ មានមនុស្សជាច្រើនសម្ងំទុកលុយមិនហ៊ានចំណាយ ទៅលើការវិនិយោគនោះឡើយ សូម្បីតែវិស័យអចលនទ្រព្យ និងទីផ្សារដីធ្លីនៅតំបន់ខ្លះក៏ត្រូវជាប់គាំង។

-->
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានទទួលស្គាល់នូវឱនភាព នៃវិស័យអចលនទ្រព្យនៅកម្ពុជា ប៉ុន្តែមិនមែនធ្លាក់ចុះ ឬនៅទ្រឹងទាំងអស់នោះទេ ព្រោះផ្នែកខ្លះនៅក្នុងវិស័យមួយនេះ នៅតែអាចបន្តដំណើរបានយ៉ាងរលូន ជាពិសេសមានអ្នកជំនួញខ្លះ អាចទទួលបានផលចំណេញ ពីវិបត្តិមួយនេះយ៉ាងច្រើនថែមទៀតផង។
លោកបញ្ជាក់ថា “ខ្ញុំនិយាយតែផ្នែកមួយ ដែលស្ថិតនៅក្នុងវិស័យអចលនទ្រព្យ នោះគឺទីផ្សារដីធ្លី។ ទីផ្សារដីធ្លីទោះជាមានវិបត្តិជំងឺកូវីដ ក៏ផ្នែកមួយនេះនៅតែមានសកម្មភាពទិញលក់ ដូចជាទីផ្សារលំនៅដ្ឋានតម្លៃសមរម្យដែរ ហើយអាចមានឱកាសទទួលបានចំណេញពីការវិនិយោគយ៉ាងច្រើនថែមទៀតផង” ។
លោកបន្តថា “សម្រាប់អ្នកចេះវិនិយោគដីធ្លី នៅក្នុងកាលៈទេសៈនេះ គឺមានឱកាសចំណេញច្រើន នោះគឺការចេះវាយតម្លៃ និងស្គាល់ពីស្ថានភាពទីតាំង។ ការវាយតម្លៃមុនពេលសម្រេចចិត្តគឺសំខាន់បំផុត។ អ្នកត្រូវដឹងឱ្យច្បាស់ពីតម្លៃដីធ្លី នៅលើទីផ្សារឱ្យបានច្បាស់លាស់” ។ លោកបន្តថា “បើមិនចេះវាយតម្លៃ គួរប្រឹក្សាជាមួយភ្នាក់ងារជំនាញ ដែលមានក្រមសីលធម៌ និងវិជ្ជាជីវ ហើយធ្វើការប្រៀបធៀបរវាងតម្លៃ ដែលម្ចាស់ដីបានកាត់លក់ និងតម្លៃទូទៅនៅលើទីផ្សារ ជាពិសេសនៅក្នុងកំឡុងពេល ដែលកំពុងប្រឈមនឹងវិបត្តិកូវីដនេះតែម្ដង។ ពេលនោះអ្នកនឹងបានដឹងថា ដីដែលអ្នកចង់ទិញទុកវិនិយោគអាចផ្តល់ឱកាសចំណេញដល់មានអត្រាប៉ុន្មានភាគរយ” ។
លោកច្រឹក សុខនីម បានប្រាប់ឱ្យដឹងផងដែរថា នៅក្នុងបរិបទនៃសម័យកូវីដនេះ ប្រសិនបើជាអ្នកមានលុយគ្រប់គ្រាន់ មិនពាក់ព័ន្ធទៅនឹងបំណុលរបស់ធនាគារ នឹងអាចមានឱកាសចំណេញបានច្រើន ដោយសារតែរង់ចាំទិញដីទាំងឡាយ ដែលម្ចាស់ត្រូវការលុយបង្វិល ហើយបង្ខំចិត្តលក់ដីក្នុងតម្លៃថោក ឬទាបជាងទីផ្សារ លុះពេលស្ថានការទៅជាល្អវិញក្រោយវិបត្តិត្រូវបានបញ្ចប់ នោះតម្លៃដីនឹងឡោះងថ្លៃវិញជាក់ជាមិខាន។
លោកបន្តថា “ដូច្នេះ សម្រាប់អ្នកមានលុយ គួរទិញដីទុកវិនិយោគនៅក្នុងពេលនេះអាចមានឱកាសទទួលបានចំណេញច្រើន” ៕